ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញចំនួន៣រូប សុទ្ធតែមានភាពជោគជ័យនៅក្នុងវិស័យអចលនទ្រព្យជាច្រើនឆ្នាំ នឹងចូលរួមធ្វើការចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍របស់ខ្លួន រួមជាមួយនឹងយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយដ៏ជោគជ័យ តាមរយៈកម្មវិធីសិក្ខាសាលាស្ដីពី “យុទ្ធសាស្ត្រផ្សព្វផ្សាយជោគជ័យក្នុងវិស័យអចលនទ្រព្យ” នៅចុងសប្ដាហ៍ក្រោយនេះ។

-->
នាយកប្រតិបត្តិ សាលាអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) លោក ខាត់ បូរ៉ា ដែលជាវាគ្មិនមួយរូបនៅក្នុងសិក្ខាខាងលើនេះបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះថា តាមរយៈសិក្ខាសាលាមួយនេះ បណ្តាសិក្ខាកាមដែលចូលរួមទាំងអស់ នឹងទទួលបានចំណេះដឹង និងអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ជាទុនអនុវត្តន៍ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
លោកបានបញ្ជាក់ថា “នៅក្នុងសិក្ខសាលានេះ ខ្ញុំនឹងចែករំលែកនូវចំណេះដឹងដែលផ្ដោតសំខាន់ ទៅលើតួនាទីរបស់ភ្នាក់ងារអចលនទ្រព្យ និងការអនុវត្តតាមគោលនយោបាយនៃច្បាប់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។លោកបន្ថែមថា “ដោយសារតែការសម្លឹងមើលឃើញពីចន្លោះប្រហោង របស់ភ្នាក់ងារអចលនទ្រព្យមួយចំនួន នៅមិនទាន់អនុវត្តស្របទៅនឹងគោលការណ៍ច្បាប់នៅឡើយ ដែលវាគឺជាបញ្ហានៃភាពប្រឈមរបស់ពួកគាត់នៅថ្ងៃក្រោយ”។
លោកបានបន្តទៀតថា ក្រៅពីការបង្ហាញពីការអនុវត្ត ដោយអនុលោមតាមច្បាប់កំណត់ សិក្ខាកាមទាំងអស់ក៏បានដឹងពីនីតិវិធី ក្នុងការស្មើសុំអជ្ញារប័ណ្ណក្នុងនាមជាភ្នាក់ងារអចលនទ្រព្យស្របច្បាប់ ជាពិសេសគន្លឹះនៃការទទួលបានភាពជោគជ័យ នៅក្នុងវិស័យអចលនទ្រព្យ ក្នុងនាមជាភ្នាក់ងារដែលកំពុង តែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីផ្សាររួមនាពេលបច្ចុប្បន្ននេះ។
អគ្គនាយកក្រុមហ៊ុន Estate Xchange លោក រស់ សុវណ្ណថា ដែលអ្នកជំនាញលើការផ្សព្វផ្សាយ Digital Marketing បានមានប្រសាសន៍ថា “ភ្នាក់ងារអចលនទ្រព្យដែលអាចមានឱកាសទទួលបានភាពជោគជ័យ នៅក្នុងអាជីពរបស់ខ្លួន គឺទាមទារឱ្យមានចំនេះដឹងទូលំទូលាយ មានបណ្តាញច្រើន ជាពិសេសមានជំនាញគ្រប់គ្រាន់ក្នុងការស្វែងរកព័ត៌មានអចលនទ្រព្យដែលពាក់ព័ន្ធ យល់ច្បាស់ពីវិធីសាស្ត្រផ្សព្វផ្សាយនៅលើបណ្តាញ Online ក៏ដូចជាការចេះប្រើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានធ្វើជាប្រយោជន៍”។
លោកបានបន្តទៀតថា “តាមរយៈសិក្ខាសាលាមួយនេះ ថ្វីត្បិតមានរយៈពេលខ្លី ប៉ុន្តែសិក្ខាកាម ដែលចូលរួមនឹងបានយល់កាន់តែច្បាស់ ពីរបៀបនៃការធ្វើ Digital Marketing សម្រាប់ការផ្សព្វផ្សាយផលិតផលអចលទ្រព្យ របស់ពួកគាត់ទៅឱ្យដល់អតិថិជនគោលដៅ និងទទួលបានប្រយោជន៍ពីការផ្សព្វផ្សាយត្រឡប់មកវិញ”។
លោកបានមានប្រសាសន៍បញ្ជាក់ថា យើងទទួលស្គាល់ថា បណ្តាញ Online គឺជាមធ្យោបាយមួយយ៉ាងសំខាន់ និងចាំបាច់ក្នុងការផ្សព្វផ្សាយពីផលិតផល អចលនទ្រព្យចូលទៅកាន់ទីផ្សារ ប៉ុន្តែត្រឹមតែបណ្តាញ facebook ឬPage facebook តែមួយមុខនៅមិនទាន់គ្រប់គ្រាន់នោះទេ ដែលវាទាមទារនូវចំណេះដឹង និងវិធីសាស្ត្រផ្សេងទៀត ដើម្បីជំរុញផលិតផលឱ្យទៅដល់អតិថិជនគោលដៅ ដែលវិធីសាស្ត្រទាំងអស់នេះ នឹងត្រូវបានចែករំលែកនៅក្នុងសិក្ខាសាលា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ”។
អគ្គនាយកក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចPropertyarea.asiaលោក យិន លាងគង់ ដែលជាវាគ្មិននៅក្នុងកម្មវិធីសិក្ខាសាលាដ៏មានសារសំខាន់មួយនេះបានមានប្រសាសន៍ផងដែរថា នៅពេលនិយាយពីការផ្សព្វផ្សាយមានប្រសិទ្ឋភាព គេត្រូវគិតដល់បច្ចេកវិទ្យា ដែលបាននិងកំពុងដើរតួនាទីសំខាន់ ពិសេសក្នុងបដិវត្តន៍ឧស្សាហកម្មទី៤.0 ព្រោះបច្ចេកវិទ្យាឌីជីថល នឹងជួយលោក អ្នកឲ្យចំណេញប្រាក់លើការផ្សព្វផ្សាយ តាមរយៈការចំណាយតិច និងមានប្រសិទ្ឋភាពខ្ពស់។
លោកបន្តថា “តាមរយៈសិក្ខាសាលានេះ ខ្ញុំនឹងចែករំលែកពីវិធីសាស្រ្តផ្សព្វផ្សាយ ឲ្យមានប្រសិទ្ឋភាព ចំណាយលុយតិច ចំគោលដៅអតិថិជនចង់បាន ពិសេសខ្ញុំនឹងលើកឡើងពីមូលហេតុអ្វី ដែលសារព៌តមានOnlineដើរតួនាទីសំខាន់ក្នុងអាជីវកម្ម”។លោកបន្តថា “ជាមួយគ្នានេះ ខ្ញុំនឹងចូលរួមចែករំលែក វិភាគនូវបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះថា តើម្ចាស់អាជីវកម្មគួរឈរលើមូលដ្ឋានបែបណា ដើម្បីអាជីវកម្មរបស់ខ្លួនមានភាពរីកចម្រើន និងកាត់បន្ថយបញ្ហាប្រឈមនាពេលវិបត្តិសេដ្ឋកិច្ច”។
លោកបន្តថា ការចូលរួមសិក្ខាសាលាបែបនេះ អ្នកចូលរួមពិតជាមានផលចំណេញខ្លាំងណាស់ ព្រោះវាគ្មិនជំនាញៗ សុទ្ឋតែឆ្លងកាត់បទពិសោធន៍១០ទៅ២០ឆ្នាំ ទើបអាចយកមកចែករំលែកចំណេះដឹងរយៈពេល១ម៉ោង ឬ២ម៉ោងបាន ហេតុនេះវាជាការវិនិយោគ ហើយជាការចំណាយប្រាក់ចំគោលដៅ។
ម្ចាស់អាជីវកម្មនានា ឬអ្នកជំនួញ និស្សិត ដែលចាប់អារម្មណ៍អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ០១៥ ៨៥៥ ៥៣៨, 077 855 508៕