ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសេចក្ដីជូនដំណឹងជាសាធារណៈទៅលើម្ចាស់លំនៅដ្ឋានធ្វើអាជីវកម្ម ដែលមិនព្រមអនុវត្តទៅតាមច្បាប់កំណត់ជាកំហិត ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានតម្រូវឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណត្រឹមត្រូវទៅតាមច្បាប់ជៀសវាងមានការទទួលរងនូវការផាកពិន័យ។ ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក្រសួងបានចេញលិខិតជូនដំណឹងមួយច្បាប់ដោយបានព្រមានចាត់វិធានការចំពោះគម្រោងសំណង់ផ្ទះល្វែងមួយ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើមិនព្រមបង់ផាកពិន័យ រឿងធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណ។
តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច បានអញ្ជើញម្ចាស់គម្រោងសំណង់ផ្ទះល្វែង LS Signature Home នេះឱ្យទៅដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន តាមរយៈលិខិតអញ្ជើញចំនួនពីរលើកប្រគល់ដល់ទីតាំងការដ្ឋានសំណង់ ប៉ុន្តែម្ចាស់សំណង់មិនបានទៅដាក់ពាក្យសុំអាជ្ញាបណ្ណឡើយ។ ដូច្នេះអនុលោមតាមច្បាប់ ក្រសួងសម្រេចផាកពិន័យចំពោះអាជីវកម្មគ្មានអាជ្ញាបណ្ណនេះ៕







