ដោយវុត្ថា
ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា តម្រូវការខុនដូនឹងកើនដល់២៩៥,០០០យូនីតនៅឆ្នាំ២០៣០ខាងមុខ ដែលជាការកើនឡើង៥ដងពីចំនួន៦១,៨០០ ធៀបនឹងឆ្នាំ ២០១៨។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន VTrust Appraisal។

ដោយវុត្ថា
ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា តម្រូវការខុនដូនឹងកើនដល់២៩៥,០០០យូនីតនៅឆ្នាំ២០៣០ខាងមុខ ដែលជាការកើនឡើង៥ដងពីចំនួន៦១,៨០០ ធៀបនឹងឆ្នាំ ២០១៨។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន VTrust Appraisal។

លោកហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន VTrust Appraisalបានមានប្រសាសន៍ថា កំណើនប្រជាជន និងជនបរទេសដែលមករស់នៅ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ បានធ្វើឱ្យខុនដូបន្តកើនឡើងជាប្រចាំឆ្នំា ដែលខុនដូភាគច្រើនបានទិញដោយជនជាតិចិន និងជនបរទេសមកពីតំបន់អាស៊ី ដែលមករស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ខណៈប្រជាជនខ្មែរបានចាប់អារម្មណ៍រស់នៅក្នុងខុនដូកាន់តែច្រើន។
លោកបន្តថា ក្នុងរយៈពេល២ឬ៣ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកជាពិសេសប្រជាពលរដ្ឋដែលទើបរៀបការ និងវ័យក្មេងជាច្រើនក៏បានទិញខុនដូ សម្រាប់រស់នៅផងដែរ ។ ការសម្រួលឱ្យមានការបង់រំលោះ មានភាពងាយស្រួល បានបង្កើនលទ្ធភាពដល់អ្នកទិញ និងជាកត្តាជំរុញដល់ការបង្កើនទីផ្សារខុនដូ។
លោកសីហាបន្ថែមថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស បានជំរុញឱ្យវិស័យដីធ្លីមានការកើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យទីតាំងសម្រាប់សាងសង់អគារស្នាក់នៅ ក្នុងកំពស់ទាបមានកាន់តែតិច ខណៈដែលការរស់នៅតាមបែបថ្មី (រស់នៅក្នុងខុនដូ)បាននឹងកំពុងទទួលបានការគាំទ្រ និងពេញនិយមក្នុងចំណោមប្រជាពលរដ្ឋ ក្នុងស្រុកវ័យក្មេង និងជនបរទេសបានធ្វើឱ្យគម្រោងខុនបន្តកើនឡើងជាលំដាប់។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia លោកខន គង្គា ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ តម្រូវការទីផ្សារខុនដូនឹងមានការកើនឡើង ប៉ុន្តែសម្រាប់តែប្រភេទខុនដូដែលមានតម្លៃទាប ឬតម្លៃសមរម្យតែប៉ុណ្ណោះ។
លោកបន្តថា “ចាប់តាំងពីដើមឆ្នាំ២០១៩មក ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនធំបានងាកមកចាប់អារម្មណ៍លើទីផ្សារខុនដូ ដែលមានតម្លៃសមរម្យ ដែលផ្តោតសំខាន់លើអតិថិជនក្នុងស្រុកច្រើនជាងអតថិជនក្រៅស្រុក ដែលការផ្លាស់ប្ដូរទាំងនេះ ក៏ព្រោះតែគេបានសិក្សាច្បាស់ពីតម្រូវការទីផ្សារពិតប្រាកដ”។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានទទួលស្គាល់នូវការលើកឡើងខាងលើនេះ ដោយលោកស្រីបានបញ្ជាក់ថា តម្រូវការទីផ្សារខុនដូប្រភេទតម្លៃសមរម្យ ពិតជាមានអត្រាខ្ពស់ជាងប្រភេទខុនដូតម្លៃមធ្យម និងខុនដូដែលមានតម្លៃខ្ពស់។
លោកស្រីបានបន្តថា “ខុនដូតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដែលជាជនជាតិខ្មែរ”។ លោកស្រីបន្ថែមថា “ពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅ ច្រើនជាងទិញសម្រាប់ទុកវិនិយោគបន្ត”។
លោកស្រីបានបន្តទៀតថា ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារក្នុងមួយម៉ែត្រ ដោយឡែកខុនដូតម្លៃមធ្យម ឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ៕