តើគម្រោងបង្កើតឧស្សាហកម្មថ្មីលើផ្ទៃដីទំហំ៥០០ហិកតារបស់អ្នកឧកញ៉ាពុង ឃាវសែ នឹងជំរុញការអភិវឌ្ឍដូចម្ដេចនៅតំបន់ផ្លូវជាតិលេខ៥១

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ភ្ជាប់ទៅនឹងគម្រោងអភិវឌ្ឍន៍ដ៏ធំ របស់ក្រុមហ៊ុនកាណាឌីយ៉ាគ្រុប ដែលគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតំបន់ផ្លូវជាតិលេខ៥១ នៅលើផ្ទៃដីទំហំ៥០០ហិកតា ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យលើកឡើងថា គឺជាការចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍន៍តំបន់នេះ ឱ្យកាន់តែមានសក្ដានុពលខ្ពស់។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ថា តំបន់ផ្លូវជាតិលេខ៥១ គឺមានគម្រោងអភិវឌ្ឍន៍ ដែលស្ថិតនៅក្នុងប្លង់គោលរបស់រាជរដ្ឋាភិបាលជាច្រើន បន្ថែមពីលើគម្រោងអភិវឌ្ឍន៍របស់វិស័យឯកជន។

លោកបានបញ្ជាក់ថា“គម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុងប្លង់គោលរបស់រដ្ឋាភិបាលនៅផ្លូវជាតិ៥១ នឹងចាប់ផ្ដើមបង្ហាញរូបរាងជាបណ្តើរៗ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យឧស្សាហកម្មរោងចក្រ ស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្តន៍”។ លោកបន្ថែមថា “តានគោលការណ៍របស់រដ្ឋាភិបាល នឹងបង្វែររោងចក្រចេញពីក្រុងភ្នំពេញ ទៅតាំងនៅតំបន់ជាយក្រុងតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដែលក្នុងនោះតំបន់ផ្លូវជាតិលេខ៥១ ស្ថិតនៅក្នុងតំបន់ដែលមានអាទិភាព និងមានសក្ដានុពលក្នុងរយៈពេលយូរ ដោយសារតែកត្តាភូមិសាស្ត្រ មានអំណោ​យផលលើការដឹកជញ្ជូន”។

លោកបន្តថា ពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេសដូចបានលើកឡើងខាងលើនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវ និងស្របទៅនឹងគោលនយោ​បា​យរបស់រដ្ឋាភិបាល ហើយវានឹងជួយចូលរួមក្នុងការអភិវឌ្ឍតំបន់នេះ ឱ្យកាន់តែមានសក្ដានុពលខ្ពស់ និងជះឥទ្ធិពលទៅលើវិស័យលំនៅដ្ឋានផងដែរ ជាពិសេសលំនៅដ្ឋានស្នាក់នៅសម្រាប់បណ្តាកម្មករ-កម្មការិនីដែលបម្រើការងារនៅក្នុងវិស័យឧស្សាហកម្ម។

អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ថា តំបន់ផ្លូវ៥១ បើប្រៀបធៀបជាមួយតំបន់ជាយក្រុងដទៃទៀត ត្រូវបានអ្នកជំនាញអះអាងថា មានសក្ដានុពលជាងគេ ដោយសារតែតំបន់នេះភាគច្រើនមានការអភិ​វឌ្ឍស្រាប់ និងមានប្រជាជនរស់នៅច្រើន ហើយអ្វីដែលជាភាពទាក់ទាញ និងធ្វើឱ្យបណ្តាអ្នកវិនិយោគចូលទៅអភិវឌ្ឍន៍តំបន់នេះ ដោយសារតែកត្តាភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤១ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ដែលសុទ្ធតែជាផ្លូវសំខាន់ៗសម្រាប់សេដ្ឋកិច្ច។

លោកបានបន្តទៀតថា “នៅពេលដែលមានការអភិវឌ្ឍ ជាពិសេសវិស័យឧស្សាហកម្ម វានឹងជម្រុញឱ្យការអភិវឌ្ឍលើវិស័យលំនៅដ្ឋានកើតមានឡើង ដែលជាកត្តាធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ដីកើតមាន ហើយតម្លៃដីធ្លីក៏កើនឡើងខ្ពស់ផងដែរ”។ លោកបញ្ជាក់ថា “សម្រាប់ពេលនេះ វានៅតែជាឱកាសសម្រាប់អ្នកវិនិយោគក្នុងវិស័យដីធ្លី និងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនៅឡើយ ដោយសារតែតែតម្លៃដីនៅមានកម្រិតនៅឡើយ”។

ក្នុងកិច្ចសម្ភាសន៍ដល់ទស្សនាវដ្តីអចលនទ្រព្យ​ កាលពីថ្ងៃទី១៣ មិនាកន្លងមកនេះ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប អ្នកឧកញ៉ា ពុង ឃាវសែ បានមានប្រសាសន៍ថា អ្នកឧកញ៉ា នឹងបន្តបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ឋាប់បន្ថែមទៀតនាពេលខាងមុខ។

អ្នកឧកញ៉ា ពុង ឃាវសែ ថ្លែងថា “ចំពោះខ្ញុំដែលជាវិនិយោគិនក្នុងស្រុក ខ្ញុំនឹងបន្តបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ឋាប់បន្ថែមទៀត ដើម្បីធ្វើការអភិវឌ្ឍគម្រោងជាច្រើនទៀតដែរ។ ដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តំបន់សេដ្ឋកិច្ចពិសេសដែលមានទំហំដីប្រមាណ៥០០ហិកតានៅជាប់ផ្លូវជាតិ៥១ និងគម្រោងអភិវឌ្ឍលំនៅឋាន និងពាណិ​ជ្ជកម្ម នៅកោះនរារិ៍ និងសាលពិព័រណ៍អន្តរជាតិជ្រោយចង្វាជាដើម”។

អ្នកឧកញ៉ាបានបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើនជាពិសេសមានសន្តិភាព និង ស្ថេរភាពនយោបាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here