មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីបានទទួលស្គាល់បញ្ហាប្រឈមកង្វះចំណតនៅតាមអាគារនានា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ភាពកង្វះទីចំណតយានយន្តបានចូលរួម នៅក្នុងបញ្ហាដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងតែមានកំណើនអគាពា​ណិ​ជ្ជកម្មធំៗ និងខ្ពស់ៗ ដែលចាំបាច់ត្រូវមានការពិចារណា ទៅលើការសាងសង់ទីចំណ​តនេះ ដើម្បីបញ្ចៀសបញ្ហា និងកាត់បន្ថយការកកស្ទះចរាចរណ៍។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូតបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានទទួលស្គាល់ចំពោះភាពខ្វះខាតទីចំណតរបស់អគារមួយចំនួន ដែលកំពុងតែបង្កជាបញ្ហាប៉ះពាល់ដល់សណ្តាប់ធ្នាប់ ជាពិសេសការកកស្ទះចរាចរណ៍។

លោកបានមានប្រសាសន៍ថា “មុនឆ្នាំ១៩៩៧រាល់ការសាងសង់សំណង់មួយចំនួនធំ មិនមានសុំច្បាប់សាងសង់នោះទេ ហើយក៏មិនបានគិតគិតទៅលើបទដ្ឋានផ្សេងៗផងដែរ”។ លោកបន្ថែមថា “សំណង់ដែលសុំច្បាប់អនុញ្ញាតសាងសង់ ក្នុងចន្លោះឆ្នាំ១៩៩៧ -២០១៥ ចាប់ផ្តើមស្របតាមបទដ្ឋាននៃអនុក្រឹត្យលេខ៨៦ ដោយសំណង់ទាំងនោះបានគិតគូរពីបទដ្ឋានទីចំណត ប៉ុន្តែជាបទដ្ឋាននៅមិនទាន់សមស្រប ទៅតាមស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដូចដែលយើងបានឃើញសព្វថ្ងៃនោះទេ”។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា នៅក្នុងអំឡុងពេលខាងលើនេះ បទដ្ឋានសំណ​ង់ មិនបានលម្អិតទៅលើទីចំណតជាសំខាន់នោះទេ ដោយសារតែគ្រានោះយើងចង់បាន និងចង់ឃើញមានការអភិវឌ្ឍ មានភាពរីកដុះដាលនៃសំណង់អគារនានា នៅទូទាំងប្រទេ​ស ហើយការធ្វើចរាចរណ៍ក៏មិនទាន់កកកុញដូចសព្វថ្ងៃនេះដែរ។ ភាពកកស្ទះចរាចរណ៍នៅពេលបច្ចុប្បន្ននេះ វាពិតណាស់ថាមិនមែនជារឿងល្អនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងគំហុករបស់ប្រទេសកម្ពុជា។

ចាប់តាំងពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤២ ស្ដីពីនគរូបនីយកម្មនៅក្នុងរាជធានី និងតាមបណ្តាខេត្តក្រុង ក្រសួងចាប់ផ្ដើមកំណត់ពីបទដ្ឋានទីចំណត ដោយគ្រប់សំណើរសុំលិខិតអនុញ្ញាត សាងសង់ទាំងអស់ត្រូវបានកំណត់បទដ្ឋានចំណត ទាំងប្រភេទជាអគារពាណិជ្ជកម្ម ជាភោជនីយដ្ឋាន រោងចក្រ រោងកុន អគារស្នាក់នៅរួម ក៏ដូចជាសណ្ឋាគារជាដើម គឺសុទ្ធតែមានការកំណត់បទដ្ឋានចំណ​តទាំងអស់។

សម្រាប់អគារស្នាក់នៅរួមឬខុនដូ គឺកំណត់១២០ម៉ែត្រការ៉េនៃសំណង់ ត្រូវមានចំណតមួយ អគារសណ្ឋាគារដែលមានចំនួន៥បន្ទប់ គឺមានចំណតមួយ ហើយបើមាន៣០បន្ទប់ ត្រូវមានចំណតរថយន្តក្រុងមួយ។

អគ្គលេខាធិការរងគណៈកម្មកាស្ថាបត្យកកម្ពុជា-អាស៊ាន លោកសាស្ត្រាចារ្យ ទួស សាភឿន ធ្លាប់បានមានប្រសាសន៍ថា នៅក្នុងគម្រោងសាងសង់អគារនីមួយៗ គេតែងតែបានគិតទៅលើទីចំណតយានយន្ត ដែលជាចំណុចសំខាន់មួយ ក្នុងចំណោមចំណុចសំខា​ន់ជាច្រើនទៀតនៅក្នុងតួអគារ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា “មិនថាចំពោះតែខុនដូ អាផាតមិន មជ្ឈមណ្ឌលពាណិជ្ជកម្ម ឬជាអគារសម្រាប់បម្រើវិស័យការិយាល័យនោះទេ ទីចំណតសម្រាប់យានយន្តគ្រប់គឺចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់”។

ជាទូទៅទីចំណត គេតែងសាងសង់ប្រមាណ៦០ទៅ៧០ភាគរយ ធៀបទៅនឹងចំនួ​នយូនីតសរុប ដោយមានច្រកចេញ-ចូលទូលាយងាយស្រួលបត់ និងមានសុវត្ថិភាពខ្ពស់។

លោកទួស សាភឿនបានបន្តថា “ជួនកាលគេអាចសាងសង់នៅជាន់ក្រោមដី ឬជាន់ផ្ទាល់ដីឡើងលើជាដើម ដែលវាអាស្រ័យទៅតាមគម្រោងប្លង់មេ។ ជាទូទៅសម្រាប់ទីចំណតរថយន្តមួយគ្រឿង គេត្រូវការទំហំចាប់ពី៣០ ទៅ៣៥ម៉ែត្រការ៉េ ប៉ុន្តែបើផ្ទៃអគាររបស់អាផាតម៉ិនឬអគារការិយាល័យ គេត្រូវគិតចន្លោះពី៤០-៥០ ម៉ែត្រការ៉េ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here