ការស្ថាបនាផ្លូវជាតិលេខ៣៣ ក្នុងខេត្តកែប សម្រេចបាន ៧០% ហើយ

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា ការងារជួសជុលផ្លូវជាតិលេខ៣៣ (គម្រោងជំនន់ទឹកភ្លៀង) ដោយក្រាលកៅស៊ូDBST ទទឹង៧m មាន១០កំណាត់ សម្រេចការអនុវត្តបាន៧០% ដែលតាមការប៉ាន់ស្មាននឹងហើយរួចរាល់នៅមុខចូលឆ្នាំខ្មែរមកដល់នាពេលខាងមុខនេះ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូបានផ្សព្វផ្សាយនៅលើគេហទំព័រ ហ្វេសបុកផ្លូវការរបស់ខ្លួនកាលពីល្ងាចថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះថា បន្ថែមពីនោះបន្តស្តារលូអ៊ុយលើកំណាត់ផ្លូវជាតិលេខ៣៣A ផងដែរ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប។

លោក ជិន វុទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបបានមានប្រសាសន៍ថានាអំឡុងពេលចុងក្រោយនេះ កម្លាំងនៃមន្ទីររបស់លោកបាន និងកំពុងមមាញឹកក្នុងការងារជួលជុល ថែទាំផ្លូវសំខាន់ៗ ជាច្រើនខ្សែនៅទូទាំងខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ លោកបន្តថា ជាធម្មតារាល់ចុងសប្តាហ៍ ឬថ្ងៃបុណ្យទានម្តងៗ ភ្ញៀវជាតិ និងអន្តរជាតិតែងមកកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តកែបយ៉ាងច្រើនកុះករ។

លោកអនុប្រធានមន្ទីរបានបន្តថា ដើម្បីលម្អសោភ័ណភាពផ្លូវ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទូទៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ មន្ទីរបានធ្វើការបែងចែកជាច្រើនក្រុមសម្រាប់កិច្ចការងារដ៏មមាញឹកនេះ។ កម្លាំងទាំងនោះ រួមមានក្រុមប៉ះអ៊ុតផ្លូវ ក្រុមរៀបចំសួនច្បារតាមបណ្តោយផ្លូវជាតិលេខ៣៣ តភ្ជាប់ជាមួយផ្លូវទៅខេត្តកំពតជាដើម។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានឱ្យដឹងថា ក្រសួងបានជួសជុលកំណាត់ផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្ត្រកែប និង ខេត្តកំពតនេះ ដោយសារផ្លូវនេះបានទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹក ភ្លៀងនាពេលកន្លងមក។

លោកបន្តថា រាជរដ្ឋាភិបាល មានគម្រោងលើកកម្ពស់គុណភាពផ្លូវខេត្ត ផ្លូវជាតិ ជាច្រើនទៀតទៅដល់គ្រប់ច្រកល្ហក ដើម្បីប្រជារាស្ត្រមានឱកាសរកចំណូលបន្ថែម ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថែរក្សាហេដ្ឋារចនាស្ពានថ្នល់ដែលជាសម្បត្តិដ៏មហាសាល របស់ប្រទេសជាតិយើងឱ្យគង់វង្ស និងប្រើប្រាស់ឱ្យបានយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here