ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទុនវិនិយោគនៅក្នុងវិស័យសំណង់គ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជាបានបន្តកើនឡើងរហូតដល់ជិត ៥៣១២លានដុល្លារ គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យសំណង់មានចំនួនត្រឹម ១១ ៤៣៧ ២៦៧ ១៤៥ ដុល្លារ កើនឡើង ៩៨,៧៣ភាគរយ បើប្រៀបទៅនឹងឆ្នាំ២០១៨។ ប៉ុន្តែគិតពីចាប់ផ្ដើមមកដល់បច្ចុប្បន្ន ទុនវិនិយោគក្នុងវិស័យសំណង់បានកើនឡើងរហូតដល់ ៥ ៣១១ ៦៩៤ ១២១ដុល្លារ។
-->
ក្នុងចំណោមទុនវិនិយោគក្នុងវិស័យសំណង់ទាំងអស់នេះរួមមានគម្រោងសំណង់អគារខ្ពស់ដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅមានចំនួន ១ ៧០១ អគារ។ គម្រោងបុរីលំនៅដ្ឋាន និងបណ្តុំលំនៅដ្ឋានដែលមានលក្ខណៈជាបុរី បានកើនឡើងដល់ ៣១២ គម្រោង។ លំនៅដ្ឋានមានលក្ខណៈជាអគារសហកម្មសិទ្ធិក្នុងរាជធានីភ្នំពេញមានចំនួន ២២ ២៦៩ នៃចំណែកឯកជន។
ដោយឡែកសម្រាប់ការចុះបញ្ជីក្រុមហ៊ុនប្រកបអាជិវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានកើនឡើងរហូតដល់ ២ ៦៥៦ក្រុមហ៊ុន ដោយក្នុងនោះនៅមានសុពលភាពចំនួន ១ ១៣២ក្រុមហ៊ុន។ ការចុះបញ្ជីរូបវន្តបុគ្គលសិក្សាគម្រោងប្លង់គិតមកដល់ពេលបច្ចុប្បន្នមានចំនួន២៦៨រូប ក្នុងនោះស្ថាបត្យករ ១៦៨រូប (ស្ថាបត្យករសញ្ជាតិបរទេសមាន៤រូប) និងវិស្វករ ១០០រូប (វិស្វករសញ្ជាតិបរទេស មាន២រូប) ក្នុងនោះមានសុពលភាពចំនួន១៦៦រូប ហើយការចុះបញ្ជីស្ថាបត្យករមានកំណើនរហូតដល់៨៥៤រូប (សញ្ជាតិបរទេសចំនួន១៣រូប) ។
វិស័យសំណង់ ជាវិស័យមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារ និងអភិវឌ្ឍន៍សង្គមជាតិ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ រួមជាមួយនឹងសេដ្ឋកិច្ច។ ជាក់ស្ដែងពីមួយឆ្នាំទៅមួយឆ្នាំ សកម្មភាពនៃការសាងសង់មានការរីកចម្រើនជាលំដាប់ ជាពិសេសការសាងសង់សំណង់ធំ ជាអាទិ៍ អគារស្នាក់នៅរួម ឬខុនដូ អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត រមណីយដ្ឋាន បុរី បណ្តុំលំនៅដ្ឋាន ទីក្រុងរណប មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប អគាការិយាល័យ តំបន់សេដ្ឋកិច្ចពិសេស រួមជាមួយនឹងសំណង់ជាច្រើនទៀត៕