ដោយវុត្ថា
បាត់ដំបងៈ ស្ពានថ្មថ្មីនៅមុខសាលាខេត្តបាត់ដំបង បាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្ម ស្របទៅនិងស្ពានថ្មចាស់ ដែលមានអាយុកាលជាង១០០ឆ្នាំ ដោយគិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២០នេះ សម្រេចបានប្រមាណបាន៥០ភាគរយហើយ។ នេះ បើតាការឱ្យដឹងពីមន្ត្រីវិស្វកម្ម ដែលកំពុងបំពេញការងារនៅទីនោះប្រាប់សារព័ត៌មាននៅថ្ងៃទី១៨ ខែមីនាឆ្នាំ ២០២០នេះ។

-->
ស្ពានថ្មថ្មីនេះ បាននិងកំពុងតែអនុវត្តន៍ការងារ ផ្នែកគ្រឹះស្ពានខាងក្រោមជិតរួចរាល់ហើយ នៅដើមខែមេសា២០២០នេះ នឹងអាចឈានដល់ការរៀបចំនៅផ្នែកខាងលើស្ពានជាបន្តទៀត។ ស្ពានថ្មថ្មីនេះអាច និងសាងសង់រួចរាល់មុនកាលកំណត់ផែនការរបស់ខ្លួនពោលយ៉ាងយូរគឺនៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២០ខាងមុខនេះ។

ម្យ៉ាងទៀត ការស្ថាបនាសាងសង់ស្ពានថ្មថ្មី ទន្ទឹមគ្នាជាមួយ និងស្ពានថ្មចាស់ ដែលមានប្រវត្តិសាស្ត្របន្សល់ ទុកពីសម័យអាណានិគមនិយមបារាំង មានចំណាស់អាយុកាល ជាង១០០ឆ្នាំមកនេះ គឺស្ថិតនៅផ្នែកខាងត្បូងស្ពានចាស់ និងនៅចន្លោះពីគ្នាប្រវែង៦ម៉ែត្រនៃស្ពានថ្មចាស់ ត្រូវបានប្រារព្វនូវពិធីក្រុងពាលីបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ។
ការសាងសង់ស្ពានថ្មីនេះ មានបណ្តោយប្រវែង១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ នេះ ពិតជាផ្តល់នូវផលប្រយោជន៍ ក្នុងការកាត់បន្ថយបានការកកស្ទះចរាចរណ៍ នៅក្នុងទីក្រុងបាត់ដំបង បានល្អប្រសើរមួយកម្រិតថែមទៀត។
តាមអ្នកបច្ចេកទេស ការសាងសង់ស្ពានថ្មថ្មីនៅប៉ែកខាងត្បូង (ប៉ែកខាងលើ) ក្បែរស្ពានថ្មចាស់ គឺអាចជួយពាំងកម្លាំងទឹក ឬសំរាមផ្សេងៗក្នុងពេលមានជំនន់ស្ទឹងសង្កែហក់ឡើងខ្លាំង ដោយសារតែស្ពានថ្មចាស់ ពិតជាមានសភាពទ្រុឌទ្រោមខ្លាំង ម៉្យាងវិញទៀត ដើម្បីជួយបញ្ជៀស ការកកស្ទះចរាចរណ៍ក្នុងក្រុងនៅពេលមានពិធីបុណ្យផ្សេងៗ៕

