ជប៉ុនផ្តល់ហិរញ្ញប្បទានជាង ៧០០ លានដុល្លារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ២នៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បាននឹងកំពុងផ្តល់ហិរញ្ញប្បទានជាង ៧០៩ លានដុល្លារអាមេរិក សាងសាង់នូវហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ២ ដែលបាននឹងកំពុងអនុវត្តយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាដើម្បីឆ្លើយតបទៅនឹងកំណើននៃការដឹកជញ្ជូនទំនិញ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលមានកើនឡើងជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ការងារ និងទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញថា រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ការស្ថាបនហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដែលបាននឹងកំពុងអនុវត្ត ខណៈក្រៅពីហេដ្ឋារចនាសម្ព័ន្ធ កន្លងមកនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជាផងដែរ។

១) គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៥

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជាបានចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក។

បើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ដោយក្នុងនោះ៖ មានការពង្រីកកំណាត់ផ្លូវ ជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយកៅស៊ូAC និងមានសួរច្បារកណ្តាល។

២) គម្រោងសាងសាង់ចំណតកំពង់ផែកុងតឺន័រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

គម្រោងសាងសង់ចំណតកំពង់ផែកុងតឺន័រនៅកំពុងស្វយ័តក្រុងភ្នំពេញ ប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹកប្រវែង ១៤,៥ម៉ែត្រ និងផ្គត់ផ្គង់គ្រឿងចក្រលើការដាក់កុងតឺន័រធុនធ្ងន់ (ទំនើប)កំពុងបន្តដំណើរការចចារជ្រើសរើសក្រុមទីប្រឹក្សាបច្ចេកទេស។

គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានកម្ចីសម្បទាន ២០៩លានដុល្លារអាមេរិក ពីប្រទេសជប៉ុន។ ចំណតផែកុងតឺន័រថ្មីមួយនេះ នឹងមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០.០០០ តោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្រោយការសាងសង់ចំណតផែកុងតឺន័រថ្មីនេះរួចនៅដើមឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១.២៩លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here