ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញនៅប្រទេសអង់គ្លេស Foster & Partners ត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នករចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណ១៥០០លានដុល្លារអាមេរិក។

ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញនៅប្រទេសអង់គ្លេស Foster & Partners ត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នករចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណ១៥០០លានដុល្លារអាមេរិក។

គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ មានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវ នេះបើតាមការបញ្ជាក់ផ្ទាល់របស់ម្ចាស់គម្រោង។
ក្រុមហ៊ុនមួយនេះ មានដើមកំណើតនៅប្រទេសអង់គ្លេសតាំងពីឆ្នាំ១៩៦៧ ហើយជាក្រុមហ៊ុនដែលបានរចនាអគារល្បីៗជាច្រើន ដូចជាអគារដ៏ស្រស់ស្អាត Queen Elizabeth II Great Court និង Bloomberg London ជាដើម។
ព្រលានយន្តហោះភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា ដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ២៦០០ហិកតា និងជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣។
ក្នុងការផ្តល់់បទសម្ភាសន៍ផ្តាច់មុខជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប និងOCIC បានឲ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក។
អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះ នឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ។
អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអ្នកដំណើរចំនួន២៧លាននាក់ នៅឆ្នាំ ២០៣០ ហើយនៅឆ្នាំ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់៣០លាននាក់ស្របតាមផែនការមេ។
អ្នកឧកញ៉ា ពុង ឃាវសែបានបញ្ជាក់ទៀតថា “ក្រុមហ៊ុន នឹងជ្រើសរើសក្រុមហ៊ុនបរទេសមួយចំនួន រួមជាមួយនឹងការប្រើប្រាស់ធនធានបច្ចេកទេស និងបទពិសោធន៍របស់ក្រុមហ៊ុនOCIC ផ្ទាល់។ នេះគឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់គម្រោងមួយនេះ”។
អ្នកឧកញ៉ាថ្លែងទៀតថា គោលដៅនៃសាងសង់អាកាសយានដ្ឋានថ្មី ដើម្បីលើកកម្ពស់ដល់វិស័យសំណង់ ដោយនាំយកនូវបច្ចេកទេសថ្មីៗទំនើបៗមកអនុវត្តន៍ ដែលជាកត្តានាំឲ្យវិស័យសំណង់នៅកម្ពុជា កាន់តែមានភាពរីកចម្រើន ដើរទាន់ពិភពលោក។
ព្រលានយន្តហោះភ្នំពេញថ្មី នឹងលើកមុខមាត់ដល់ប្រទេសកម្ពុជា ទាំងក្នុងវិស័យអាកាសចរណ៍ ទាំងក្នុងវិស័យពាក់ព័ន្ធនានា និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ៕