មន្ត្រីជាន់ខ្ពស់ក្រសួងផែនការអះអាងថា បញ្ហា Covid-19 ធ្វើឱ្យប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍ជាតិ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងផែនការបានអះអាងថា ដោយសារតែការរីករាលដាលនៃមេរោគCovid-19 ក្រៅពីធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាក៏បណ្ដាលឱ្យប៉ះពាល់ដោយផ្នែកទៅលើផែនការអភិវឌ្ឍជាតិផងដែរ ពិសេសផែនការអភិវឌ្ឍយុទ្ធសាស្ដ្រជាតិឆ្នាំ២០១៩-២០២៣ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលកន្លងទៅ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ លោក    ថេង បញ្ញាធន បានមានប្រសាសន៍នៅក្នុងសន្នីសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងលើកទិសដៅបន្តរបស់ក្រសួងផែនការ»កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ថា ជាធម្មតាការរៀបចំផែនការងារ អ្នកជំនាញបានកំណត់ក្នុងជំពូកមួយ ដែលនិយាយអំពីហានិភ័យក្នុងដំណើរការ នៃការអនុវត្តផែនការ ដូច្នេះអ្វីដែលជាវិធានការអន្ដរាគមន៍ដំបូងនេះ រដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច ចាប់ផ្ដើមធ្វើការបែងចែក ឬវិភាជថវិការបស់រ  ដ្ឋាភិបាល ដើម្បីអន្ដរាគមន៍។

លោកបានបន្ថែមទៀតថា ការងារទាក់ទងនឹងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិនេះ ជាទូទៅមួយឆ្នាំអ្នកពាក់ព័ន្ធត្រូវធ្វើការតាមដានវាយតម្លៃ វឌ្ឍនភាព នៃការសម្រេចបានការអនុវត្តផែនការនេះ ដូច្នេះនៅពេលដែលធនធានថវិកាមួយចំនួន មិនបានយកមកប្រើប្រាស់សម្រាប់អនុវត្តផែនការ ដូច្នេះការងារអាទិភាពមួយចំនួនមិនបានសម្រេចទៅតាមអ្វីដែលជាចំណុចកំណត់នោះទេ។ ប្រសិនបើមិនបានសម្រេចនូវអ្វីដែលកំណត់នោះទេ ជាលក្ខណៈបច្ចេកទេស យើងធ្វើការកែសម្រួលឡើងវិញ នូវអ្វីដែលជាផែនការអាទិភាព ទើបឈានទៅអនុវត្តបន្ដទៀត។

ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើង ដើម្បីសម្រេចនូវវត្ថុបំណងសំខាន់ចំនួន៣រួមមាន ទី១៖ ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ដ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ក្នុងអាណត្តិកាលរបស់ផែនការនេះ ទាំងមូលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។

ទី២ ដើម្បីកំណត់នូវបណ្តាវិធានការ គោលនយោបាយនានាដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្ដគោលនយោបាយ អាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា តាមវិស័យនៅក្នុងដំណាក់កាល នៃអាណត្តិកាលរបស់ផែនការ ដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាព នៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ (ប្រទេសអភិវឌ្ឍន៍) នៅឆ្នាំ២០៥០។

ទី៣ ដើម្បីដាក់ចេញនូវប្រព័ន្ធមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ នៃការអនុវត្ត «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» របស់ក្រសួងស្ថាប័ននានា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យពិនិត្យ និងកំណត់អាទិភាពឡើងវិញថា ការងារណាដែលមិនទាន់ចាំបាច់ក្នុងពេលនេះ ត្រូវផ្អាកសិន ដោយហេតុលទ្ធភាពថវិកាមួយចំណែក ត្រូវអន្ដរាគមន៍បន្ទាន់ ដើម្បីលើកកម្ពស់ការងារក្នុងវិស័យសុខាភិបាល ទប់ស្កាត់មេរោគ Covid-19៕

LEAVE A REPLY

Please enter your comment!
Please enter your name here