ធនាគាពិភពលោកផ្តល់ជំនួយឥតសំណង៧,៦៧លានដុល្លារដល់កម្ពុជាដើម្បីជំរុញ សេវាសាធារណៈ

1

ដោយ ប៊ី

ភ្នំពេញៈ ធនាគាពិភពលោកបានអនុម័តជំនួយឥតសំណង ចំនួនពីរកញ្ចប់បំពេញបន្ថែមទៀត ដែលមានតម្លៃ៧,៦៧ លានដុល្លារនៅថ្ងៃនេះ សម្រាប់គាំទ្រដល់គណនេយ្យភាពសង្គម នៅតាមផ្នែកសេវាសាធារណៈសំខាន់ៗមួយចំនួន មានដូចជា មណ្ឌលសុខភាព សាលាបឋមសិក្សា និងរដ្ឋបាលមូលដ្ឋានក្នុងខេត្តចំនួន១០នៃប្រទេសកម្ពុជា។

បើទុកជាមានការកែលម្អបានប្រសើរឡើងច្រើន គួរសមហើយក្តីនូវលទ្ធភាពទទួលបានសេវាសាធារណៈនានានៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក៏គុណភាពរបស់សេវានេះនៅតែជាបញ្ហាប្រឈមធំមួយនៅឡើយ។

ការផ្តល់មតិដោយផ្ទាល់ពីសំណាក់អ្នកប្រើប្រាស់ ដែលបានជ្រាបអំពីសេវាទាំងនេះ ជាពិសេសពីសំណាក់ពលរដ្ឋទូទៅ ជាកត្តាសំខាន់មួយជំរុញឱ្យសេវាសាធារណៈនានាទទួលបានការកែលម្អគុណភាពកាន់តែប្រសើរឡើង នៅជុំវិញពិភពលោក។

កញ្ចប់ជំនួយឥតសំណងទីមួយ មានទឹកប្រាក់ចំនួន៥,៩៥លានដុល្លារអាមេរិក ត្រូវបានអនុម័ត ផ្តល់ទៅឱ្យអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) សម្រាប់ធ្វើសកម្មភាពនានាពាក់ព័ន្ធ ផ្នែកគណនេយ្យភាពសង្គម រួមមានការជ្រើសរើសអ្នកសម្របសម្រួលសហគមន៍ សម្រាប់ជួយជំរាបជូនប្រជាពលរដ្ឋអំពីសេវានានាដែលពួកគាត់មានសិទ្ធិទទួលបាន និងអំពីការប្រើប្រាស់មូលនិធិសាធារណៈ។

អ្នកសម្របសម្រួលនឹងរៀបចំធ្វើនូវតារាងពិន្ទុ សម្រាប់ពលរដ្ឋធ្វើការវាយតម្លៃគុណភាពរបស់សេវាសាធារណៈ និងផ្តល់ការឯកភាពគ្នា នៅលើផែនការសកម្មភាពរួមមួយចំនួនជាមួយអ្នកផ្តល់សេវា សម្រាប់កែលម្អគុណភាពរបស់សេវាបន្តទៀត។

កញ្ចប់ជំនួយឥតសំណងទីពីរ មានទឹកប្រាក់ចំនួន១,៧២លានដុល្លារអាមេរិក ត្រូវបានផ្តល់ជូនលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់ជួយពង្រឹងសមត្ថភាព របស់អ្នកផ្តល់សេវារដ្ឋាភិបាល នៅក្នុងការជូនព័ត៌មានដល់សាធារណជន អំពីការបំពេញមុខងារនិងការប្រើប្រាស់មូលនិធិដោយគណៈកម្មាធិការនេះ និងក្នុងការឆ្លើយតបឱ្យបានកាន់តែល្អឡើង ទៅនឹងមតិយោបល់របស់ពលរដ្ឋ។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកមានប្រសាសន៍ថា “ការពង្រឹងការចូលរួមរបស់ពលរដ្ឋ ជាចំណុចផ្តោតយកចិត្តទុកដាក់មួយ នៅក្នុងចំណោមផ្នែកសំខាន់ៗនានា នៅក្នុងឯកសារក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកប្រចាំនៅប្រទសកម្ពុជា”។

ធនាគារពិភពលោកបានចាត់ទុកក្របខណ្ឌ គណនេយ្យភាពសង្គមរបស់រដ្ឋាភិបាលថា ជាកិច្ចខិតខំទូទៅដ៏សំខាន់មួយ សម្រាប់បំពេញទៅលើការវិនិយោគ ក្នុងវិស័យអប់រំសុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត និងសេវាដទៃទៀត តាមរយៈអភិក្រមជាលក្ខណៈប្រព័ន្ធនិងប្រកបដោយចីរភាព ដើម្បីប្រមែប្រមូលពលរដ្ឋឱ្យចូលរួមពាក់ព័ន្ធ និងពង្រឹងសមត្ថភាពរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ សំដៅធ្វើយ៉ាងណាតម្រូវឱ្យអ្នកផ្តល់សេវាមានគណនេយ្យភាពនៅក្នុងការបំពេញមុខងាររបស់ខ្លួន។

ជំនួយឥតសំណងទាំងពីរកញ្ចប់នេះ មានគោលបំណងទ្រទ្រង់ដល់ការអនុវត្តដំណាក់កាលទីពីរ នៃគម្រោងក្របខណ្ឌគណនេយ្យភាពសង្គម ដែលមានអាយុកាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ក្របខណ្ឌនេះគឺជាផ្នែកស្នូលមួយខ្វះមិនបាន នៅក្នុងកម្មវិធីកែទម្រង់វិមជ្ឈការរបស់រដ្ឋាភិបាល ដែលសំដៅពង្រឹងការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

គម្រោងនេះ ជាគំនិតផ្តួចផ្តើមរួមរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិល ហើយស្ថិតក្រោមការចាត់ចែងរបស់គណៈកម្មាធិការដឹកនាំភាពជាដៃគូ (Partnership Steering Committee/PSC) ដែលមានក្រសួងមហាផ្ទៃ និងតំណាងរបស់អង្គការក្រៅរដ្ឋាភិបាល ជាសហប្រធាន។

គណៈកម្មាធិការនេះ មានសមាសភាពសមាជិក រវាងតំណាងមកពីក្រសួងនានានៃរដ្ឋាភិបាល — មានក្រសួងមហាផ្ទៃ, អប់រំ យុវជននិងកីឡា, សុខាភិបាល, សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧស្សាហកម្ម និងសិប្បកម្ម, និង សាធារណការនិងដឹកជញ្ជូន —និងតំណាងសង្គមស៊ីវិល។

លោកង៉ាន ចំរើន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធាននៃលេខាធិការ   ដ្ឋានរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោ​មជាតិមានប្រសាសន៍ថា “រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្ត ផ្នែកនយោបាយយ៉ាងមុតមាំក្នុងការអនុវត្តក្របខណ្ឌគណនេយ្យភាព ISAF នេះដើម្បីពង្រឹងសិទ្ធិអំណាចដល់ពលរដ្ឋ ពង្រឹងភាពជាដៃគូ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងពលរដ្ឋ និងពង្រីកគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមទាំងនោះ ឱ្យកែលម្អការផ្តល់សេវាសាធារណៈ បានកាន់តែមានប្រសិទ្ធភាព”។

លោកបន្ថែមទៀតថា “ការពង្រីកវិសាលភាពគ្រប់ដណ្តប់របស់ISAF នឹងកាន់តែបង្កើនសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានគណនេយ្យភាព និងក្នុងការឆ្លើយតបទៅតាមការវិវត្តន៍ប្រែប្រួលនូវសេចក្តីត្រូវការរបស់ពលរដ្ឋ និងវិស័យឯកជននាពេលអនាគត”។

គម្រោងនានានៅក្រោមភាពជាដៃគូនេះ មានវិសាលភាពគ្របដណ្តប់លើអ្នកផ្តល់សេវាសាធារណៈ ដែលរួមមានសាលារៀននិងមណ្ឌលសុខភាព ឃុំ សង្កាត់ ស្រុក និងរដ្ឋបាលក្រុង នៅក្នុងខេត្តចំនួន១០ គឺខេត្តបន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កែប និងខេត្តព្រះសីហនុ។

លោក ដានីញែល សែលវ៉ាណាយ៉ាហ្កាម នាយកអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ផ្អែកលើបទពិសោធន៍ និងសមិទ្ធផលដែលយើងសម្រេចបានក្នុងប៉ុន្មានឆ្នាំមកនេះ លោកជឿជាក់ថា ជំនួយថ្មីនេះនឹងកាន់តែពង្រឹងបានថែមទៀតនូវការឆ្លើយតបរបស់សេវាសាធារណៈ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់សេវា។

លោកបន្ថែមទៀតថា “ក្របខណ្ឌគណនេយ្យភាពសង្គមនេះ ជាយុគសម័យថ្មីមួយនៃការផ្តល់សេវាសាធារណៈ ដែលអមមកជាមួយនូវការលើកកម្ពស់ ឱ្យមានកិច្ចសន្ទនាបែបស្ថាបនានៅតាមថ្នាក់មូលដ្ឋាន ដើម្បីធ្វើឱ្យមានការប្រែប្រួលយូរអង្វែង នៅក្នុងការផ្តល់សេវាសាធារណៈ ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ”។

ជំនួយឥតសំណងទាំងពីរកញ្ចប់នេះ ស្ថិតក្រោមការគ្រប់គ្រងដោយធនាគារពិភពលោកនិងឧបត្ថម្ភហិរញ្ញវត្ថុ ដោយមូលនិធិមរតកសម្រាប់គណនេយ្យភាពសង្គម  និងការផ្តល់សេវានៅកម្ពុជា (Cambodia Social Accountability and Service Delivery Trust Fund) ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់ និងស្វ៊ីស៕

1 COMMENT

  1. តេីពួកខ្ញុំនិងអាចទទួលបានលុយជំនួយនោះដែលឬទេ?
    ហេីយដោយវិធីណាដែល?

LEAVE A REPLY

Please enter your comment!
Please enter your name here