ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថិតនៅក្នុងបរិបថនៃការគំរាមគំហែងពីមេរោគCovid-19 ទៅលើពិភពលោកនៅពេលពេលបច្ចុប្បន្ននេះ បានជះឥទ្ធិពលមួយចំនួនមកលើកម្ពុជា ដែលក្នុងនោះ វិស័យអចលនទ្រព្យ ក៏កំពុងស្ថិតនៅក្នុងភាពប្រឈមផងដែរ។
យ៉ាងណាមិញ អ្នកជំនាញនៅក្នុងវិស័យមួយនេះបានធ្វើការព្យាករណ៍ថា វិស័យអចលនទ្រព្យ នឹងមានភាពល្អប្រសើរឡើងវិញលើសដើម ក្រោយវត្តមានរបស់Covid-19 ត្រូវបានសាបសូន្យអស់ទាំងស្រុង។
-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោក អ៊ិន ណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា ដរាបណាការរាតត្បាតរបស់មេរោគមួយនេះនៅតែបន្ត ភាពល្អប្រសើរគ្រប់វិស័យនៅតែមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយ។
លោកបានបន្តទៀតថា “បញ្ហាដែលបង្កឡើងដោយមេរោគCovid-19 ជារឿងសំខាន់បំផុត ចំពោះឱនភាពនៃសេដ្ឋកិច្ច។ ប៉ុន្តែប្រសិនបើការទប់ស្កាត់ និងឈានទៅរកការលុបបំបាត់បានទាំងស្រុងដូចការគ្រោងទុក និងការព្យាករណ៍របស់ចិន វិស័យអចលនទ្រព្យនៅកម្ពុជាអាចនឹងមានពន្លឺ និងភាពល្អប្រសើរឡើងវិញ នៅដំណាច់ចុងឆ្នាំ២០២០នេះ”។
លោក អ៊ិន ណាង បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះ មានគម្រោងធំៗជាច្រើនដែលវិនិយោគ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនអន្តរជាតិ បានផ្អាកសកម្មភាព ដោយសារតែបញ្ហាមេរោគមួយនេះ រហូតថ្នាក់ដឹកនាំប្រទេសនានាប្រកាសបិទទ្វារ ដែលជាហេតុធ្វើឱ្យម្ចាស់គម្រោងទាំងអស់នោះ មិនអាចចូលមកដំណើរការបាន ប៉ុន្តែក្រោយពេលដែលវិបត្តិCovid-19 ត្រូវបានសាបរលាបទាំងស្រុង គម្រោងទាំងអស់នេះនឹងបន្តមានសកម្មភាពឡើងវិញជាក់ជាមិនខាន ហើយវាក៏ជម្រុញទៅដល់គម្រោងតូចៗ ខាងក្រោមឱ្យមានភាពល្អប្រសើរផងដែរ ដូចជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ក៏ដូចជាការទិញ-លក់ក្នុងវិស័យដីធ្លីផងដែរ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង ឫទ្ធី បានមានប្រសាសន៍ថា សម្រាប់ភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា នៅតែបន្តត្រូវការពេលវេលាបន្ថែមទៀតក្រោយ Covid-19 ត្រូវបានលុបបំបាត់។
លោកឧកញ៉ាបានបន្តទៀតថា “ភាពភ័យខ្លាចរបស់មនុស្ស គឺជាកត្តាចម្បងបំផុត ដែលជះឥទ្ធិពលដល់ការវិនិយោគ និងការអភិវឌ្ឍស្ទើរគ្រប់វិស័យ”។ លោកបន្ថែមថា “ ម៉្យាងទៀត ទោះជាប្រសិទ្ធភាពនៃថ្នាំបង្ការ ក៏ដូចជាប្រសិទ្ធភាពនៃការលុបបំបាត់មេរោគ ដែលកំពុងតែរាតត្បាតលើពិភពលោកមួយនេះ ដូចការគ្រោងទុករបស់អ្នកជំនាញចិន ប៉ុន្តែសម្រាប់វិស័យ ដែលអាចនឹងមានសកម្មភាពជាងគេ មិនមែនជាវិស័យអចលនទ្រព្យនោះទេ”។
លោកឧកញ៉ាតេង រិទ្ឋីបានបន្តទៀតថា វិស័យដែលអាទិភាពមាន២ គឺវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដែលនឹងត្រូវបានរដ្ឋាភិបាលជម្រុញ លើកទឹកចិត្តលើការវិនិយោគ ព្រោះវិស័យទាំង២នេះ មានភាពចាំបាច់បំផុតនៅក្នុការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាគ្រួសារប្រជនកម្ពុជាផងដែរ។ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ អាចនឹងមានកម្រើកបន្តិចនៅចុងឆ្នាំ២០២០ ឬ២០២១ ជាពិសេសវិស័យលំនៅដ្ឋាន និងការទិញ-លក់ ដីធ្លី ដែលភាគច្រើនជាតម្រូវការ និងការផ្គត់ផ្គង់ក្នុងស្រុក។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ផងដែរថា នៅក្នុងអំឡុងពេលនេះ យើងនៅមិនអាចធ្វើការព្យាករណ៍លម្អិតបាននៅឡើយនោះទេ បើទោះជាមានការប្រកាសថា ការទប់ស្កាត់មេរោគ និងការបង្កើតថ្នាំការពារ Covid-19 លេចចេញជាសញ្ញាវិជ្ជមានក៏ដោយ។
លោកបានបន្តទៀតថា “ពេលនេះភាពប្រាកដប្រជា ក្នុងការលុបបំបាត់ទាំងស្រុងនៅពេលណានោះ គេនៅមិនទាន់អាចកំណត់បាននោះទេ”។ លោកបន្តថា “ម៉្យាងទៀត បើទោះជាការលុបបំបាត់ទាំងស្រុង ត្រូវបានធ្វើឡើងដូចការគ្រោងទុក របស់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រក៏ដោយ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ នៅតែត្រូវការពេលវេលាដែលយ៉ាងហោចណាស់ ៣-៦ ខែឬអាចច្រើនជាងនេះ ទម្រាំអាចលុបបំបាត់ភាពភ័យខ្លាច និងបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគអន្តរជាតិនានាឱ្យចូលមកកាន់កម្ពុជា”។
លោកច្រឹក សុខនីម បានបញ្ជាក់ថា ប្រសិនបើកម្ពុជាអាចទប់ស្កាត់ និងលុបបំបាត់នៅត្រឹមអំឡុងខែមិថុនានោះ នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ការទិញ-លក់អចលនទ្រព្យក្នុងទ្រង់ទ្រាយមធ្យម ដែលរួមមានដូចជាលំនៅដ្ឋាន ដីធ្លី ក៏ដូចជាដីឡូតិ៍ជាដើម អាចនឹងមានសកម្មភាព ដែលជាតម្រូវការរបស់អតិថិជនក្នុងស្រុកតែប៉ុណ្ណោះ៕