លោកបណ្ឌិត គីម ហ៊ាង ៖ តើគួរវិនិយោគអចលនទ្រព្យមុនការបោះឆ្នោត ឬអត់ ?

0

ដោយ ៖ គង់ សួរិយា

ភ្នំពេញ ៖ នៅពេលកៀកនឹងការបោះឆ្នោតទាំងអ្នកក្នុងស្រុក និងអ្នកវិនិយោគ​ពីក្រៅប្រទេសភាគច្រើន សុទ្ឋតែ​សម្តែងការព្រួយបារម្ភ ទាក់ទងនឹងស្ថានភាពនេះ ដូច្នេះសំណួរសំខាន់នាពេលនេះគឺ តើគួរវិនិយោគឬអត់ក្នុង​វិស័យ​អចលនទ្រព្យ ឬទេនៅមុនពេលបោះឆ្នោត?។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលន​វត្ថុកម្ពុជា បានថ្លែងប្រាប់ Propertyarea.asia កាលពីពេលថ្មីៗនេះថា ក្នុងស្ថានភាពបែបនេះ មានមនុស្សមួយចំនួននិយាយថា ការទិញ​លក់​អចលនទ្រព្យមាន ភាពស្ងប់​ស្ងាត់ ប៉ុន្តែសម្រាប់អ្នកមានវិជ្ជាជីវៈត្រឹមត្រូវ មិនឃើញមានអ្វីស្ងប់ស្ងាត់​នោះទេ។ តែក្នុងពេលកៀកនឹងការបោះឆ្នោតមកដល់ អ្នកចង់ទិញអចលនទ្រព្យមានចំនួន​តិច ហើយមានអ្នក​ចង់លក់មានច្រើន ដែលនេះជាឳកាសសម្រាប់អ្នកមានលុយសុទ្ឋទិញសម្រាប់វិនិយោគ ហើយពួកគេអាចទិញ​បានក្រោមតម្លៃទីផ្សារពី ២០ -៣០ ភាគរយ។

លោកបន្តថា “ក្នុងស្ថានភាពពេលនេះ សម្រាប់អ្នកមានលុយសុទ្ឋ គួរវិនិយោគ ប៉ុន្តែអ្នកខ្ចីលុយធនាគារ និងដក​លុយ​ពីអាជីវកម្មមកវិនិយោគមិនគួរធ្វើនោះទេ”។លោកបន្តថា “ការទិញអចលនទ្រព្យក្នុងកំឡុងពេលនេះ មិនអាច​លក់​បានភ្លាមទេ វាត្រូវការរយៈពេលពីរឆ្នាំ ដែលអាចរកផលចំណេញបានមួយគុណនឹងពីរ ឬចំណេញ​៥០ ភាគរយ។ ប្រសិនជាវិនិយោគក្នុងវិស័យអចលនទ្រព្យ ក្នុងពេលដែលស្ថានភាពទិញ លក់មានតម្រូវការល្អ ការទិញ និងលក់ចេញវិញមិនចំណាយពេលយូរទេ ប៉ុន្តែបើទិញកំឡុងពេលបោះឆ្នោត ជាពេលដែល​មិនសូវមានអ្នកទិញច្រើន ហេតុនេះវាត្រូវការពេលវេលាដើម្បីលក់ចេញបាន ”។

តើធ្វើដូចម្តេច ដើម្បីដឹងថាអចលនទ្រព្យមួយមានតម្លៃក្រោមទីផ្សារ? លោ​ក ​គីម ហ៊ាង បានផ្តល់យោបល់ឲ្យអ្នក​វិនិយោគ ធ្វើការជាមួយក្រុមហ៊ុនអចលនវត្ថុជំនាញ និងមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីឲ្យពួកគេវាយតម្លៃថា អចលន​វត្ថុនោះពិតជាមានតម្លៃក្រោមទីផ្សារ ហើយការពិគ្រោះយោបល់ មិនមានការគិត​តម្លៃនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here