លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ ខេត្តព្រះសីហនុ និងបន្ទាយមានជ័យ មានសំណង់អត់ច្បាប់ប្រមាណ៧៥ភាគរយ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងកាលពីពេលថ្មីៗនេះថា សម្រាប់តែនៅក្នុងខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ និងសិក្សារកឃើញថា មានសំណង់ខុសច្បាប់សរុបប្រមាណ៧៥ភាគរយ ។

ជាមួយនឹងការរកឃើញពីចំនួននៃអគារសំណង់ខុសច្បាប់ទាំងអស់ខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគ្រើនរំលឹកទៅដល់បណ្តាស្ថាបត្យករ វិស្វករ ក្រុមហ៊ុនម៉ៅការសាងសង់ ជាពិសេសមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ ក៏ដូចជាបណ្តាម្ចាស់គម្រោងសំណង់ ក៏ដូចជាអ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងអនុវត្តទៅតាមគោលការណ៍ច្បាប់ឱ្យបានតឹងរឹង ដើម្បីជៀសវាងមានការខាតបង់ថវិកា រហូតមានជាប់ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ដើម្បីធានាបាននូវប្រសិទ្ធភាពនៅក្នុងការអនុវត្តច្បាប់សំណង់ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនត្រូវអនុញ្ញាតឱ្យសាងសង់នោះទេ ប្រសិនបើអត់ច្បាប់។ បើត្រូវធ្វើការសាងសង់ គឺត្រូវតែសុំច្បាប់ ហើយច្បាប់សំណង់នេះបានចែងអស់ហើយ អ្នកល្មើសនឹងមានទោសទណ្ឌថែមទៀត”។

យោងតាមរបាយការណ៍គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៃក្រសួងរៀបចំដដែនដី នគរូបនីយកម្មនិងសំណង់បានត្រួតពិនិត្យសំណង់ជាង៥០០ គម្រោងនៅក្នុងខេត្តព្រះសីហនុ ដែលក្នុងនោះសំណង់ខុសច្បាប់មាន១៤កន្លែង ត្រូវបានបញ្ជារុះរើ និងសំណង់ជាង១០០ទាមទារឱ្យមានពិនិត្យគុណភាព និងត្រូវបានណែនាំ បន្ទាប់ពីគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ បានរកឃើញភាពមិនត្រឹមត្រូវបទដ្ឋានសំណង់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here