ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ បុរីវិមានភ្នំពេញបានចាប់ផ្តើម បើកសម្ភោធគំរោងទី៧ របស់ខ្លួនស្ថិតនៅតាមណ្តោយផ្លូវជាតិលេខ៦អា ជាគំរោងដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម និងលើមធ្យម។
អនុប្រធានគំរោងបុរីវិមានភ្នំពេញលោក ទ្រី ម៉េងអាន បានថ្លែងឲ្យដឹងបន្ទាប់ពីពិធីបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី២៥ តុលានេះថា នេះជាគម្រោងទី៧ ដែលស្ថិតនៅលើផ្ទៃដី៣ហិកតា និងមានផ្ទះសរុបចំនួន២៤៧ផ្ទះដែលមានតម្លៃចាប់ពីជិត៤ម៉ឺនដុល្លាររហូតដល់២៧ម៉ឺនដុល្លារ សម្រាប់ផ្ទះនៅជាប់ផ្លូវជាតិលេខ៦អានិងមានកំពស់៥ជាន់។លោកបន្តថា ការអភិវឌ្ឍន៍នៅតំបន់នេះ ដោយសារវាជាតំបន់ ដែលមានតម្រូវការច្រើនពីប្រជាពលរដ្ឋ លើលំនៅដ្ឋានតម្លៃមធ្យម។
-->

លោកបន្តថា “គំរោងនេះទទួលបានជោគជ័យ ដោយរហូតមកទល់ពេលនេះការលក់សម្រេចបានស្ទើរ១០០ភាគរយទៅហើយ ដោយសារក្រុមហ៊ុនមានកេរ្ត៍ឈ្មោះល្អ។លោកបន្តថា “គំរោងបុរីវិមានភ្នំពេញនៅតែទទួលបានជោគជ័យ ដោយសារលក្ខខ័ណ្ឌសេដ្ឋកិច្ច សង្គមមានការរីកចម្រើន ការផ្តល់លក្ខខ័ណ្ឌបង់ប្រាក់មានភាពងាយស្រួល ដែលក្រុមហ៊ុនផ្តល់ឲ្យអតិថិជនបង់ប្រាក់ ដោយគ្មានប្រាក់កក់រយៈពេល១ឆ្នាំឬមួយឆ្នាំកន្លះ។
លោក ទ្រី ម៉េងអាន បានបន្តថា លោកមិនព្រួយបារម្ភពីបញ្ហានយោបាយទេ យើងជាអ្នករកស៊ី គិតតែរកស៊ីប៉ុណ្ណោះ ហើយយើងជឿជាក់ថាការវិនិយោគរបស់យើងនៅតែទទួលបានជោគជ័យ ដោយនៅពេលខាងមុខក្រុមហ៊ុននឹងបើកគំរោងថ្មីមួយទៀតដែលមានផ្ទះប្រមាណ២០០០ល្វែង និងជាប្រភេទផ្ទះមានតម្លៃមធ្យម។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារលំនៅដ្ឋានមានតម្លៃថ្លៃ ហាក់ចាប់ផ្តើមឆ្អែតក្នុងទីផ្សារហើយ ដោយសារអ្នកមានលុយបានទិញផ្ទះរួចទៅហើយ ហើយអ្នកមានលុយច្រើនទិញសំរាប់វិនិយោគក៏មិនសល់ច្រើនដែរ ប៉ុន្តែផ្ទះតម្លៃមធ្យមគឺនៅមានទីផ្សារល្អ ដោយសារប្រជាជនស្ថិតក្នុងក្រុមនេះមានចំនួនច្រើន ដែលធ្វើឲ្យតម្រូវការលំនៅដ្ឋានសម្រាប់ពួកគេនៅតែមានច្រើន។
លោកបន្តថា “ខ្ញុំគិតថាការវិនិយោគលំនៅដ្ឋាន មានតម្លៃមធ្យមជាការវិនិយោគត្រឹមត្រូវ និងសមស្របតាមទីផ្សារនិងតម្រូវការជាក់ស្តែង”៕