ដោយ ហ្សូលី
បាងកក៖ គម្រោងសាងសង់អគារវិនិយោគនៅទីក្រុងបាងកក ប្រទេសថៃ បន្តដំណើរជាធម្មតា បើទោះបីជាប្រទេសត្រូវបានបិទដើម្បីទប់ស្កាត់ការឆ្លងកាត់វីរុសកូវីដ ១៩ ខណៈឯកម្មករសំណង់ចំណាកស្រុកវិញមិនមានការយល់ដឹងពីការការពារខ្លួនពីវីរុសឡើយ។
ក្រុមសិទ្ធមនុស្សបានព្រមានថា ជនចំណាកស្រុកទៅស្នាក់នៅប្រទេសថៃ ភាគច្រើនគឺជាកម្មករសំណង់ដែលនៅតែបន្តការងារដដែល ខណៈវីរុសកំពុងវាយលុកក្នុងប្រទេសថៃ។ ជាង ៧០០ករណី ដែលភាគច្រើនជាប្រជាជនរស់នៅទីក្រុងបាងកក។ នេះបើតាមឱ្យដឹងពីក្រសួងសុខាភិបាលថៃ។
-->
ការដ្ឋានសាងសង់អគារខ្ពស់ៗដូចជា អាផាតមិន ការិយាល័យ បន្តដំណើរការសាងសង់ជាធម្មតា ក្នុងនោះគេសង្កេតឃើញថា កម្មកររាប់រយនាក់ដែលជាជនចំណាកស្រុកចេញទៅធ្វើការតាំងពីព្រលឹម ហើយមានតែមនុស្សប៉ុន្មាននាក់ដែលពាក់ម៉ាស ឬរុំក្រណាត់បិទបាំងច្រមុះនិងមាត់ដើម្បីការពារខ្លួន។
នាយកមូលនិធិសប្បុរសធម៌សិទ្ធជនអន្តោសប្រវេសន៍ MAP បាននិយាយថា ប្រាក់ឧបត្ថម្ភតិចតួចណាស់ត្រូវបានផ្តល់ឱ្យសម្រាប់កម្មករសំណង់ចំណាកស្រុក។ ពួកគេមិនត្រូវបានគេផ្តល់ម៉ាសឬទឹកលាងអនាម័យដៃ និងផ្តល់ព័ត៌មានណាមួយអំពីមេរោគនេះទេ។
លោកបន្តថា ពួកគេគួរតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញដោយគ្មានការពិនិ័យ ហើយត្រលប់មកវិញនៅពេលដែលមានសុវត្ថិភាព។ ពួកគេរស់នៅក្នុងតំបន់ចង្អៀតហើយមានកម្រិតក្នុងការទទួលបានការថែទាំសុខភាព ប្រសិនបើជំងឺនេះរាលដាលដល់ពួកគេនោះនឹងមានគ្រោះមហន្តរាយ។
យោងតាមអង្គការពលកម្មអន្តរជាតិ (ILO) បានឱ្យដឹងថា ការដ្ឋានសំណង់គឺជាកន្លែងសម្បូរទៅដោយពលករចំណាកស្រុក ភាគច្រើនពួកគេមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ នៅក្នុងវិស័យនេះ ជនចំណាកស្រុកមានឯកសារជិត ៦០ ម៉ឺននាក់។ កម្មករនិយោជិតជាទូទៅរស់នៅក្នុងកុងតឺន័រឬសំណប៉ាហាំង និងក្តារបន្ទះនៅក្បែរការដ្ឋានតែម្តង ដែលមានអនាម័យមិនល្អឡើយ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ពលករកម្ពុជាដែលចំណាកស្រុកទៅប្រទេសថៃរាប់ម៉ឺននាក់បានសម្រេចចិត្តចាកចេញពីប្រទេសថៃ ដោយសារតែអាជ្ញាធរថៃបានចេញបញ្ជាឱ្យមានការបិទច្រកព្រំដែនរវាងថៃនិងកម្ពុជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ ១៩ លើកលែងតែការដឹកជញ្ជូនទំនិញតែប៉ុណ្ណោះ៕
(Reuters)