ក្រុមហ៊ុន Royal Group និងក្រុមហ៊ុនចិនបោះទុន១៥០លានដុល្លារអាគារកំពស់៦២ជាន់

0

ដោយ គង់ សូរិយា

ភ្នំពេញ ទីបំផុតព៌តមានដែលគេរង់ចាំជាយូរមកហើយ បានលេចចេញច្បា​ស់លាស់ហើយ ដោយក្រុមហ៊ុន Royal Group សហការជាមួយ Huashi Group បានសម្រេចបោះទុនរួមគ្នា១៥០លានដុល្លារ ដើម្បីសាងសង់អាគារRoyal Oneកំពស់​៦២ជាន់នៅទីក្រុងភ្នំពេញ។

ការចុះហត្ថលេខារវាងក្រុមហ៊ុន OTK Royal One ដែលជាបុត្រសម្ព័ន្ឋជាមួយក្រុមហ៊ុន Royal Group ដែលតំណាងដោយលោកឧកញ៉ាគិត ធាងប្រធានក្រុមហ៊ុន OTK Royal One ជាមួយក្រុមហ៊ុន Huashi Group បានចាប់ផ្តើមកាលពី​ម្សិលម៉ិញនេះ ដើម្បីសាងសង់អាគារកំពស់៦២ជាន់ ស្ថិតនៅចំណុចប្រសព្វរវាង​មហាវិថីសហព័ន្ឋរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស។

លោកឧកញ៉ាគិត ធាងបានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់អាគារ​ខ្ពស់កប់ពពកនេះ នឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខនេះ និងគ្រោងចំណាយពេល​រយៈពេល៣ឆ្នាំដើម្បីបញ្ចប់គំរោងនេះ។

អាគារភ្លោះ Royal One នឹងប្រើប្រាស់ចម្រុះសម្រាប់ជាសណ្ឋាគារ ខុនដូ ផ្សារទំនើប​ អាគារការិយាល័យជាដើម។

លោកឧកញ៉ាគិត ធាងបានបន្តថា “អាគារ Royal One នឹងជាអាគារខ្ពស់ជាងគេមួយ ដែលនឹងលើកកំពស់មុខមាត់កម្ពុជានាពេលអនាគតផងដែរ”។

ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន Hutton CPL លោកឧកញ៉ាចេង ខេងបានមានប្រសាសន៍ថា ការសាងសង់អាគារ Royal One ជារឿងល្អប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា និងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគ លើបរិយាកាសវិនិយោគនៅកម្ពុជា ខណៈដែលទីផ្សារអចលនទ្រព្យកំពុងមានភាពរីកចម្រើន ហេតុនេះវត្តមានអាគារនេះ នឹងជួយលើកកំពស់មុខមាត់កម្ពុជាបន្ថែមទៀត។

លោកបន្តថា “ទីតាំងសាងសង់អាគារនេះ ស្ថិតនៅចំណុចពិសេសមួយដែ​លអាចបញ្ចៀសបាននូវការកកស្ទះចរាចរណ៍”។លោកបន្តថា “ដោយសារកំនើននៃការមកដល់របស់អ្នកវិនិយោគ ភ្ញៀវទេសចរណ៍ និងទីតាំងអាគារនេះជាតំបន់ដ៏ទាក់ទាញ ខ្ញុំគិតថាវានឹងធ្វើឲ្យគំ​រោងនេះទទួលបានជោគជ័យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here