អ្នកជំនាញៈ ការគំរាមគំហែងពីមេរោគ Covid-19 ជាឱកាសល្អសម្រាប់អ្នកវិនិយោគអចលនទ្រព្យ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភ បណ្ដាលមកពីការរាតត្បាតមេរោគ Covid-19ដែលអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះយ៉ាងគំហុកនៅពេលបច្ចុប្បន្ននេះ ត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យសម្លឹងឃើញថា វាជាឱកាសដ៏ល្អកម្រមាន សម្រាប់អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសផ្នែកដីធ្លីដែលមានតម្លៃទាបជាងទីផ្សារ និងផ្ដល់លទ្ធផលល្អក្នុងការវិនិយោគ។


អ្នកជំនាញខាងសេដ្ឋកិច្ច កំពុងតែគិតអំពីលទ្ធភាព នៃការធ្លាក់ចុះសេដ្ឋកិច្ចដែលកើតឡើង ដោយសារមូលហេតុផ្សេងៗ តាំងពីសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចអាមេរិក និងចិន ហើយបន្តមកដល់ការគំរាមកំហែងពីមេរោគ COVID-19 ជាសាកល។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Sen Sok លោក សំ សុខនឿន បានបង្ហាញពីគំនិតវិជ្ជមានថា នៅឆ្នាំ២០២០ ដែលកំពុងតែស្ថិតនៅក្នុងវិបត្តិ Covid-19  គឺជាឱកាសល្អ ទាំងសម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋាន ដើម្បីស្នាក់នៅក្នុងតម្លៃទាប ក៏ដូចជាអ្នកវិនិយោគលើវិស័យដីធ្លីផងដែរ

លោកអះអាងថា ឱកាសល្អសម្រាប់អ្នក ដែលចង់ទិញលំនៅដ្ឋានបានស្អាត និងមានតម្លៃទាបនៅពេលនេះ គឺមានហេតុផលចំនួន៣ គឺទី១អ្នកអភិវឌ្ឍបុរីជាទូទៅកំពុងតែផ្តល់លក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងមានការបញ្ចុះតំលៃពិសេស។ ទី២នៅក្នុងឆ្នាំ២០២០នេះ អ្នកទិញនឹងមិនត្រូវបង់ពន្ធប្រថាប់ត្រា៤ភាគរយ សំរាប់ផ្ទះតំលៃ៧ម៉ឺនដុល្លារចុះ និង ទី៣អ្នកទិញមានឱកាសចំនេញបានខ្ពស់ ព្រោះមេរោគ COVID-19 នឹងបាត់ទៅវិញ ក្រោយមានសញ្ញាណវិជ្ជមានមួយចំនួនដែលបង្ហាញថា ពិភពលោកអាចគ្រប់គ្រងស្ថានការនៃការរីករាលដាលនេះបាន។

ដោយឡែក សម្រាប់សម្រាប់អ្នកវិនិយោគអចលនវត្ថុទូទៅ គួរតែវិនិយោគដីធ្លីនៅក្នុងឆ្នាំ២០២០នេះ ដោយសារមានកត្តា៣យ៉ាងផ្តល់អំណោយផល ទី១ អ្នកទិញមានជម្រើសច្រើនក្នុងការទិញ ដោយមានអ្នកចង់លក់ច្រើន ធ្វើឱ្យអ្នកទិញ ទិញបានតម្លៃក្រោមទីផ្សារ និងមានឱកាសចំណេញបានខ្ពស់។ ទី២ ប្រមុខរាជរដ្ឋាភិបាលកំពុងមានយន្តការជំរុញ និងលើកទឹកចិត្តវិនិយោគិនក្រៅប្រទេស ឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងទី៣តម្រូវការក្នុងស្រុកជាក់ស្តែង នៅតែមានការកើនឡើងនៅក្នុងឆ្នាំ២០២០នេះ។

ដោយឡែកសម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្មវិញ ស្ថិតនៅក្នុងស្ថានការណ៍ដែលកំពុងប្រឈមនៅពេលនេះ មានសហគ្រិនមួយចំនួនសួរខ្លួនឯងថា តើគួរប្រើវិធានការបែបណា ដែលអាចជួយការពារអាជីវកម្មរបស់ខ្លួន បានជាមួយនឹងភាពមិនច្បាស់លាស់ពីកាលកំណត់លុបបំបាត់នូវវិបត្តិនេះបាន? ប៉ុន្តែសម្រាប់សហគ្រិន ដែលមានភាពរឹងមាំ នៅតែមានសុទិដ្ឋិនិយមខ្ពស់ ហើយបញ្ជាក់ថា នៅក្នុងបរិបថនៃវិបត្តិជាសាកលមួយនេះ មានឱកាសច្រើនណាស់ ដែលបង្កប់ខ្លួននៅក្នុងបញ្ហា ហើយគួរតែប្រើប្រាស់ឱកាសនេះដើម្បីបង្កើនកម្លាំង និងទាញយកប្រយោជន៍។


អ្នកជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិបានអះអាងថា ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ក៏ដូចជា នៅក្នុងតំបន់ អាចបង្កើតជាឱកាសសម្រាប់ការផ្លាស់ប្តូរទីផ្សារ។ ជាឧទាហរណ៍ ក្រោយពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ មានក្រុមហ៊ុនធំៗចំនួនពីរបានកើតឡើង គឺក្រុមហ៊ុនAirbnb និងក្រុមហ៊ុនUber ក្រុមហ៊ុនទាំងពីរនេះ បានរកឃើញគន្លឹះផ្លាស់ប្តូរគំរូពាណិជ្ជកម្មចាស់ តាមរយៈការលើកកម្ពស់មនុស្សទូទៅ ឱ្យរកប្រភពចំណូល ផ្តល់គំនិតច្នៃប្រឌិត និងជម្រើសការងារ។

ចរន្តនៃការងារឯករាជ្យមានមកច្រើនឆ្នាំហើយ ប៉ុន្តែដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចបានរុញច្រានចរន្តនេះឱ្យឡើងកាន់តែខ្ពស់។ ការងារដែលធ្វើដោយខ្លួនឯង បានក្លាយជាដំណោះស្រាយនៃបញ្ហាក្នុងក្រុមហ៊ុនជាប្រពៃណី។

បើទោះជាដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ច ជាសកលបង្កើតសម្ពាធខ្លាំង លើពាណិជ្ជកម្មតូចតាច ប៉ុន្តែវាក៏បានបង្កើតជាឱកាស សម្រាប់ការចាប់ផ្តើមពាណិជ្ជកម្មថ្មីៗជាច្រើន ដែលពោរពេញដោយគំនិតច្នៃប្រឌិត។ ភាពខុសគ្នាស្ថិតនៅត្រង់វិធីសាស្រ្ត នៃការធ្វើពាណិជ្ជកម្ម។ សម្រាប់សហគ្រិន ដែលចេះមើលចរន្តនៃដំណើរឡើងចុះ នៃទីផ្សារសកលមិនមែនជាការគំរាមកំហែងទេ ប៉ុន្តែវាជាឱកាសទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here