ទោះស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងជំងឺCovid-19 ក៏ការលក់លំនៅដ្ឋាន នៅតែមានសកម្មភាព

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ បើទោះជាស្ថិតនៅក្នុងស្ថានភាព ដែលកំពុងតែប្រឈមនឹងជំងឺសាកល Covid-19 ប៉ុន្តែសម្រាប់វិស័យលំនៅដ្ឋាន នៅតែមានសកម្មភាពទិញ-លក់ ស្របពេលដែលគម្រោងអភិវឌ្ឍន៍មួយចំនួននៅតែបន្តសាងសង់។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍ PREMIUM Group លោក ម៉ាន់ ចាន់ឌី បានអះអាងឲ្យដឹងនាថ្ងៃទី២៦ មិនានេះថា បច្ចុប្បន្ននេះគម្រោងលំនៅដ្ឋានមួយចំនួននៅតែសកម្មភាពទិញ-លក់ធម្មតា ដែលជាតម្រូវការរបស់អតិថិជនក្នុងស្រុក។

លោកបន្តថា“យើងទទួលស្គាល់ថា នៅក្នុងដំណាក់កាលនេះ សម្រាប់ទីផ្សារអច​ល​នទ្រព្យគឺពិតជារងនូវផលប៉ះពាល់ពីបញ្ហានៃជំងឺ Covid-19 ដែលវាជាវិបត្តិសាកលលោក ប៉ុន្តែសម្រាប់ការទិញ-លក់ក្នុងវិស័យលំនៅដ្ឋាននៅតែបន្តមានសកម្មភាព”។ លោកបន្តទៀតថា “ទីផ្សារលំនៅដ្ឋានខុសពីទីផ្សារអចលនទ្រព្យទូទៅ និងមិនមានភាពប្រឈមខ្លាំងនោះទេ។

លោកបន្តថា បច្ចុប្បន្ននេះអ្នកខ្លាចចេះតែខ្លាច តែសម្រាប់អ្នកដែលមានតម្រូវការពិតប្រាកដនៅតែស្វះស្វែងរកទិញលំនៅដ្ឋាន ដែលមានលក្ខណៈល្អប្រសើរ និងមានតម្លៃទាប។ លោកបន្តទៀតថា ការទិញលំនៅដ្ឋានក្នុងតំណាក់កាលនេះ អាចទទួលបានលទ្ធផលល្អច្រើន ដែលក្រៅពីទទួលបានតម្លៃទាប ក្រោមការអំពាវនាវរបស់រដ្ឋាភិបាល ការរួចថ្លៃបង់ពន្ធប្រថាប់ត្រា ថែមទាំងអាចទទួលបានលក្ខខណ្ឌល្អ ក្នុងការបង់ប្រាក់ដែលផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍។ សម្រាប់លំនៅដ្ឋានដែលនៅតែអាចរក្សាបានទីផ្សាររបស់ខ្លួន គឺជាប្រភេទលំនៅដ្ឋានតម្លៃមធ្យមចាប់ពី៧ម៉ឺនដុល្លារចុះក្រោម។

ជាមួយគ្នានេះ លោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ  R Investment Group បានមានប្រសាសន៍ថា ទោះជាស្ថិតនៅក្នុងស្ថានភាពសព្វថ្ងៃ សម្រាប់អ្នកអភិវឌ្ឍន៍ ដែលមានធនធានគ្រប់គ្រាន់ គឺនៅតែបន្តសាងសង់គម្រោងរបស់ខ្លួន ដែលខុសប្លែកពីម្ចាស់គម្រោងមួយចំនួនរំពឹង ទៅលើធនធានដែលបានពីអតិថិជន ឬកម្ចីធនាគារនោះទេ។

លោកឧកញ៉ាបានបញ្ជាក់ថា “ចំពោះអ្នកមានលុយគ្រប់គ្រាន់ គេនៅតែបន្តសាងសង់ ហើយអាចនឹងមានឱកាសលក់បានលឿនជាងគម្រោងដទៃទៀត”។ លោកបន្តទៀតថា “សព្វថ្ងៃនេះ ខ្ញុំនៅតែឃើញមានអ្នកដើររកទិញលំនៅដ្ឋាន សម្រាប់ស្នាក់នៅ ទោះជាមិនច្រើនដូចកាលពីចុងឆ្នាំ២០១៩ក៏ដោយ”។

លោកបានបញ្ជាក់ថា បញ្ហា Covid-19 ក្នុងតំណាក់កាលនេះ នៅមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យលំនៅដ្ឋាននោះទេ ប៉ុន្តែប្រសិនបើអូសបន្លាយយូរជាងនេះ អាចនឹងរងផលប៉ះពាល់ប៉ះពាល់ដល់វិស័យអចលទ្រព្យទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here