អ្នកជំនាញ៖ ដីឡូតិ៍នៅជាយក្រុងបន្តមានសន្ទុះទិញលក់ច្រើនទោះបីកម្ពុជាកំពុងប្រឈម

0
អ្នកជំនាញ៖ ដីឡូតិ៍នៅជាយក្រុងបន្តមានសន្ទុះទិញលក់ច្រើនទោះបីកម្ពុជាកំពុងប្រឈម

ដោយ ហ្សូ​លី

ភ្នំពេញ៖ អ្នកជំនាញ​លើ​វិស័យ​អចលនទ្រព្យ និង​ដីធ្លី​បាន​បង្ហើប​ថា ដី​ឡូ​តិ៍​នៅតាម​តំបន់​ជាយក្រុង​មួយចំនួន នៅតែ​បន្ត​មាន​សក្តានុពល​ទិញ​លក់​ច្រើន ខណៈ​វិស័យផ្សេងៗបាន​ជាប់គាំង​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ១៩។

លោក​សោម កែវ​ម៉ា​លីដា ដែលជា​អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​បាន​ថ្លែងប្រាប់​មក​គេហទំព័រ Property Area Asia កាលពី​រសៀល​ថ្ងៃទី២៧ មីនា ឆ្នាំ ២០២០កន្លងមក​ថា «សក្តានុពល​ទិញ​លក់​ដី​ឡូ​តិ៍​នៅតែមាន អំឡុងពេល​មាន​បញ្ហា​សេដ្ឋកិច្ច​នេះ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​ថា បើសិនជា​អ្នក​ដែលមាន​ធនធាន​ច្រើន អាច​ឆ្លៀតឱកាស​ទិញ​នៅពេល​ហ្នឹង​ពិតជា​ល្អ​មែនទែន។

អ្នកជំនាញ​រូបនេះ​បាន​បង្ហើប​ពី​មូលហេតុ ដែល​បណ្តាលឱ្យមាន​សន្ទុះ​ខ្លាំង​បែបនេះ​គឺ​ដោយសារ​តែមាន​អ្នកលក់​ច្រើន ដូច្នេះ​អតិថិជន​អាចមាន​ជម្រើស​ច្រើន ដែលជា​ហេតុនាំឱ្យ​អ្នកលក់​ប្រជែង​តម្លៃ​គ្នា។ មួយវិញទៀត ដោយសារ​វិបត្តិ​កំពុង​តែមាន ហើយ​អ្នកលក់​ក៏ត្រូវ​ការ​លុយ ដើម្បី​យកមក​ដោះស្រាយ​វិបត្តិ​បន្ទាន់​ដូចជា បង់​ធនាគារ ឬក៏​ការចំណាយផ្សេងៗនៅក្នុង​ក្រុមហ៊ុន អញ្ចឹង​មានតែ​ត្រូវ​បង្ខំចិត្ត​លក់​ដីធ្លី នៅក្នុង​តម្លៃ​ណាមួយ​ខុសពី​ទីផ្សារ​ឆ្ងាយ។

លោក​បន្ថែមថា «អ្នកមាន​លុយ ឬ​អ្នកវិនិយោគ​គួរតែ​ចាប់​ឱកាស​ក្នុង​ការទិញ អញ្ចឹង​ពេលដែល​សេដ្ឋកិច្ច​ងើបឡើង​វិ ញ​បន្ទាប់ពី​ជំងឺ​បាត់បង់​ឬ​គ្រប់គ្រង​បាន នៅពេលដែល​គាត់​លក់​វិញ​គឺអាច​ចំណេញ​បាន។លោក​បន្តថា “ចុងឆ្នាំ​នេះ​អាច​នឹងមាន​សន្ទុះ​ទិញ​លក់​វិញ​បាន​ហើយ ដោយ​កម្ពុជា​នឹង​បើកទ្វារ​សេដ្ឋកិច្ច​ទីផ្សារសេរី​ជាមួយ​ខាង​ចិន​ជាដើម។

អគ្គនាយក ក្រុមហ៊ុន​អចលនទ្រព្យ Utrust លោក ម៉ន  សុខា​បានឱ្យដឹងថា តំបន់​ដី​ឡូ​តិ៍​នៅ​ម្តុំ​ផ្លូវ​ជាយក្រុង​គឺ​ផ្លូវជាតិ​លេខ៥១ អាច​ត្រូវប៉ាន់​ច្រើន ដោយសារ​សក្តានុពល​ផ្លូវ និង​ព័ត៌មាន​របស់​រដ្ឋាភិបាល ដែល​ផ្សាយ​ថា​តម្រូវឱ្យ​រោងចក្រ សហគ្រាស​ត្រូវ​រើ​ទៅកាន់​ជាយក្រុង រួមទាំង​គម្រោង​អភិវឌ្ឍយក្សៗ មកពី​បណ្តា​ប្រទេស​នានា​ដូចជា​ចិន​ជាដើម។

លោក​បាន​បញ្ជាក់ថា “ម្យ៉ាង​ដោយសារ​តម្លៃ​ដី​នៅ​ជាយក្រុង កាន់តែ​មាន​ភាព​ធូរ​ថ្លៃ​ដូច្នេះ​ចរន្ត​នៃ​ការទិញ​លក់​មាន​ច្រើន ហើយ​សម្រាប់​ឱកាស​នៅក្នុង​ការ​ចំណេញ ក៏មាន​ខ្ពស់​ទៅតាម​ហ្នឹង​ដែរ។

មួយវិញទៀត លោក​ពន្យល់ថា​ដី​ឡូ​តិ៍​នៅតែ​អាច​លក់​ចេញ​បាន ព្រោះថា​អ្នកលក់​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​លក់ តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នានា ដោយ​មិនចាំបាច់​ត្រូវ​ចុះ​ជួប​ភ្ញៀវ​នៅ​ទីតាំង​ផ្ទាល់​ឡើយ​ដោយហេតុថា រដ្ឋាភិបាល​បិទ​មិនឱ្យ​មានការ​ជួបជុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here