សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យម្ចាស់អគារមានការយោគយល់លើតម្លៃជួលក្នុងវិស័យឯកជនដូចគ្នា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងតែប្រឈមនឹងឱនភាពសេដ្ឋកិច្ច សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់វិស័យឯកជនដោយស្នើសុំឱ្យមានការយោគយល់ទៅលើផ្នែកឯកជនដូចគ្នា ជាពិសេស លើការជួលទីតាំង និងអគារផ្សេងៗសម្រាប់អាជីវកម្មដែលកំពុងតែប្រឈមនឹងការបាត់បង់ចំណូលនៅក្នុងដំណាក់កាលនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពីធីសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាល នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ នេះ ដោយធ្វើការអំពាវនាវដល់វិស័យឯកជនថា “ខ្ញុំបានស្ដាប់មនុស្សមួយចំនួនដែលបានរកស៊ីជួលអគារជួលទីតាំងគេ ឥឡូវម្ចាស់ដើមជួពេញថ្លៃក្នុងពេលដែលគ្នារកចំណូលអត់បាន ចឹងទេ…សូមកុំកាប់មេមាន់ស្ងោរស៊ី គួរត្រូវរក្សាមេមាន់នេះ ដើម្បីឱ្យថ្ងៃក្រោយមានពង់ មានកូនតទៅទៀត បើកាប់មេមាន់នៅពេលនេះ បានសេចក្ដីថាហាងហ្នឹងគ្នាត្រូវបិត ហើយបិទរហូតគ្មានអ្នកណាជួលទៅថ្ងៃក្រោយ ប៉ុន្តែបើសិនជាអនុគ្រោះឱ្យគ្នា ១ខែ ២ខែ ឬបញ្ចុះថ្លៃឱ្យគ្នា ៥០-៦០ ឬ ៧០ភាគរយ យើងរក្សាអតិថិជននេះឱ្យជួលត្រឡប់មកវិញនៅពេលដែលសភាពការណ៍វាបានរើបំរាស់មកវិញ”។

សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា “ការបង់ថ្លៃជួលផ្ទះ ការបង់រំលោះផ្ទះ បង់រំលោះរថយន្ត បង់រំលោះស្អីៗច្រើនណាស់នៅក្នុងប្រទេសយើង គឺគប្បីធ្វើរវាងម្ចាស់ជាមួយនឹងអ្នកបង់រំលោះដោយផ្តល់នូវការយោគយល់ នេះគឺគ្រាន់តែជាការអំពាវនាវទេ”។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា រដ្ឋមិនមានសិទ្ធិតម្រូវទៅលើការកំណត់តម្លៃនៃការលក់នៅលើទីផ្សារផ្សេងៗខណៈដែលប្រទេសនៅតែមានស្ថេរភាពល្អ ប៉ុន្តែប្រសិនបើក្នុងស្ថានភាពដែលច្បាប់ត្រូវដាក់ប្រទេសនៅក្នុងភាពប្រកាសអាសន្ន រដ្ឋអាចនឹងកំណត់នូវតម្លៃមុខទំនិញមួយចំនួន ប៉ុន្តែពេលនេះ សេដ្ឋកិច្ចទីផ្សារធម្មតា រដ្ឋអត់មានកំណត់ថ្លៃនោះទេ ត្រឹមតែចរចាថ្លៃឱ្យមានការសម្រសសម្រួលគ្នា ឱ្យមានការយោគយល់គ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here