តើខណ្ឌណាខ្លះបាននឹងកំពុងក្លាយជាតំបន់CBDរបស់ទីក្រុងភ្នំពេញ?

0

ដោយ វុត្ថា

ភ្នំពេញៈ រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បាននឹងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយខណ្ឌមួយចំនួនបាននិងកំពុងប្រែក្លាយជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មថ្មី (CBD) ដោយសារកំនើនប្រជាសាស្រ្ត ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ឋ និងកំនើនសេដ្ឋកិច្ចរបស់ប្រទេស។

លោកស្រី Grace Rachny Fong នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia បានប្រាក់គេហទំព័រ propertyarea.asia ឱ្យដឹងកាលពីពេលថ្មីៗនេះថា មកដល់ពេលបច្ចុប្បន្ននេះ មានខណ្ឌមួយចំនួនដូចជាខណ្ឌ ចំការមន ខណ្ឌបឹងកេងកង ខណ្ឌទួលគោក និងខណ្ឌដូនពេញ បាននឹងកំពុងក្លាយទៅជាតំបន់ពាណិជ្ជកម្ម ដោយមានទាំងហេដ្ឋារចនាសម្ព័ន្ធ និងអគារខ្ពស់ៗជាច្រើនរីកដុះដាល់កាន់តែច្រើន។

លោកស្រីបន្តថា ក្រៅពីនេះក៏មានខណ្ឌមួយចំនួនទៀត នៃទីក្រុងភ្នំពេញក៏បាននិងកំពុងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មផងដែរ ដែលរួមមានខណ្ឌមានជ័យ (តំបន់៦០ម៉ែត្រ) ខណ្ឌជ្រោយចង្វា និងសែនសុខជាដើម ព្រោះខណ្ឌទំាងនេះ បាននឹងកំពុងមានការរីកចំរើនយ៉ាងលឿនទាំង ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងច្រើន។

លោកស្រីបន្ថែមថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានរីកចំរើនអស់រយៈជាច្រើនឆ្នាំមកនេះ បានជំរុញឱ្យទីក្រុងភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ធកាន់តែរីកធំ ដែលទាមទាឱ្យរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនអគារពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេស។

លោកស្រីបន្តទៀតថា “នៅពេលមានអគារពាណិជ្ជកម្ម (Commercial Buildings) រីកដុះដាល់កាន់តែច្រើន នៅក្នុងខណ្ឌដែលមានសេដ្ឋកិច្ចរីកចំរើនទំាងនោះ ក៏ត្រូវការសម្ភារៈបង្កាអគ្គីភ័យផងដែរ និងពិនិត្យមើលគុណភាពសំណង់ ឱ្យបានគ្រប់ ជ្រុងជ្រោយជៀសវាងហានីភ័យណាមួយកើតឡើងជាយថាហេតុ”។

ជាមួយគ្នានេះដែរ តម្លៃអចលនទ្រព្យនៅក្នុងតំបន់សេដ្ឋកិច្ចរីកចំរើនទាំងនេះ ក៏មានតម្លៃខ្ពស់ផងដែរ បើធៀបជាមួយនឹងបណ្តាខណ្ឌផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ហើយពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃអចលនទ្រព្យនៅក្នុងតំបន់ទាំងនេះ បន្តកើនឡើងជាលំដាប់អាស្រ័យទៅលើទំហំ និងទីតាំងជាក់ស្តែង។

នៅក្នុងរាជធានីភ្នំពញមានខណ្ឌសរុប ចំនួន១៤ដែលរួមមាន ខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌឬស្សីកែវ ខណ្ឌ៧មករា ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខ័ណ្ឌបឹងកេងកង និងខ័ណ្ឌកំបូល ដែលខណ្ឌនីមួយៗ បាននឹងកំពុងមានការរីករីកចំរើនលើគម្រោងវិនិយោគជាច្រើន រួមមាហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងលំនៅឋានជាដើម។

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានឱ្យ ដឹងដែរថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ មានការរីកចំរើនលើគ្រប់វិស័យទាំងវិស័យហេដ្ឋរចនាសម្ព័ន្ធ សំណង់អគារ សំណង់អគារខ្ពស់ៗ ការពង្រីកផ្ទៃដី ជាដើម មិនដូចកាលពីពេលកន្លងមកនោះទេ។
សម្តេចថា “ចឹងបានជានៅទីក្រុងភ្នំពេញបច្ចុប្បន្ន យើងពិនិត្យមើលអំពីការរីកលូតលាស់នៅទីក្រុងភ្នំពេញ។ ភ្នំពេញកាលពីសម័យមុន ដែលយើងចូលមកគ្រប់គ្រង គឺភ្នំពេញតែជាង៣០០គីឡូម៉ែត្រការ៉េទេ ប៉ុន្តែឥឡូវឡើងទៅដល់ជាង៦០០ គីឡូម៉ែត្រការ៉េ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here