ដោយៈ រ៉ាណេត
ភ្នំពេញៈ សកម្មភាពនៃការអភិវឌ្ឍ ក្នុងវិស័យសំណង់ខ្ពស់ៗ នៅក្នុងខណ្ឌទួលគោក មិនមានភាពស្ងប់ស្ងាត់ ក្រោមការគំរាម កំហែងពីជំងឺ Covid-19 នោះទេ ខណៈដែលបច្ចុប្បន្ននេះ សកម្មភាពសាងសង់ជាច្រើនបាន និងកំពុងតែបន្តយ៉ាងមមាញឹក ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក។

-->
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ SAM SN Realty លោក សំ សុខនឿន បានមានប្រសាសន៍ប្រាប់ដោយផ្ទាល់ថា គម្រោងអភិវឌ្ឍន៍លើវិស័យសំណង់ផ្នែកអគារខ្ពស់ៗ ដូចជា អាផាតមិន ខុនដូ និងអគារពាណិជ្ជកម្មចំរុះ នៅក្នុងខណ្ឌទួលគោកបច្ចុប្បន្ន កំពុងតែមានសកម្មភាពយ៉ាងមមាញឹក ដែលយ៉ាងយូរអាចស្ថិតក្នុងចន្លោះប្រមាណ៣-៥ឆ្នាំទៀត ខណ្ឌនេះ នឹងប្រែរូបរាងដូចគ្នាទៅនឹងខណ្ឌបឹងកេងកងជាក់ជាមិនខាន។
លោកបញ្ជាក់ថា “សព្វថ្ងៃនេះ សម្រាប់ផ្ទៃដីទំនេរនៅក្នុងខណ្ឌទួលគោក មិនមានវិសាលភាពធំទូលាយដូចកាលពី៣-៥ឆ្នាំ មុននោះទៀតឡើយ។ លោកបន្ថែមថា “តំបន់ទួលគោកបានផ្លាសប្តូរយ៉ាងលឿន ដោយសារការកើនឡើង នូវការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងមូលដ្ឋាននេះកើនឡើងច្រើន ពិសេសកំនើននៃការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក និងជនបរទេស ដែលបានប្រែក្លាយតំបន់នានាក្នុងខ័ណ្ឌទួលគោក ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងរសរវើក។
លោកបានបន្តទៀតថា ដោយសារតែកត្តាភូមិសាស្ត្រ មានភាពអំណោយផលល្អ ស្ថិតនៅតំបន់កណ្តាលក្រុង ភាគច្រើនអ្នកវិនិយោគ និងអភិវឌ្ឍន៍លើវិស័យអាផិតមិន និងខុនដូ បានសម្លឹងយកតំបន់ទួលគោក ធ្វើជាគោលដៅរបស់ខ្លួន ជាមួយ នឹងភាពជឿជាក់ថា នឹងទទួលមានជោគជ័យទៅលើគម្រោងរបស់ខ្លួន ហើយវាមិនលើសពី៣-៥ ឆ្នាំទៀតនោះទេ ភាពលេចធ្លោរបស់ទួលគោក អាចនឹងដូចគ្នាទៅនឹងខណ្ឌបឹងកង ដែលត្រូវបានចាក់បំពេញដោយសំណង់អគារខ្ពស់ៗជាមិនខាន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍កាលពីពេល ថ្មីៗនេះថា ភាពរីកចម្រើននៃខ័ណ្ឌទួលគោក មួយផ្នែកធំបានទទួលឥទ្ឋិពលចេញពីខ័ណ្ឌបឹងកេង ចំការមន និងខណ្ឌដូនពេញ ដោយសារតម្លៃនៅទីនោះ មានភាពសមស្របងាយស្រួលវិនិយោគ ប៉ុន្តែតម្លៃដីក្នុងតំបន់ពាណិជ្ជកម្មនៅក្នុងខណ្ឌមួយនេះ បច្ចុប្បន្នអាចស្ថិតក្នុងចន្លោះ៣៥០០ ទៅ៤៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកដីនៅតំបន់លំនៅដ្ឋានមានចន្លោះ២០០០ – ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីនៅតាមផ្លូវតូចៗអាចមានតម្លៃទាបជាងនេះ។
លោកបានបញ្ជាក់ថា “ដោយសារតែភាពល្អប្រសើរ នៃកត្តាភូមិសាស្ត្រមានសក្ដានុពល មានហេដ្ឋារចនាសម្ព័ន្ធច្រើន និងភាពទាក់ទាញដែលមានស្រាប់ ពិសេសកំណើននៃការវិនិយោគិនបរទេស និងអ្នកវិនិយោគក្នុងស្រុក នឹងធ្វើឱ្យតំបន់ទួលគោក បន្តរីកចម្រើនបន្ថែមទៀតក្នុងពេលដ៏ខ្លី”៕