អាជ្ញាធរខេត្តបាត់ដំបងចុះបញ្ឈប់ និងរុះរើការដ្ឋានសាងសង់ខុសច្បាប់នៅតំបន់ស្ទឹងសង្កែ

0

ដោយ ៖ រ៉ាណេត

បាត់ដំបង៖ អនុវលោមតាមបទបញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យពង្រឹងនូវការអនុវត្តច្បាប់សំណង់មានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យការដ្ឋានសំណង់នៅស្រុកសង្កែ ដែលខុសច្បាប់ និងបញ្ជាឱ្យរុះរើជាបន្ទាន់។

អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់សំណង់ខុសច្បាប់កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ថា សំណង់ដែលត្រូវបានអាជ្ញាររដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធចុះធ្វើការបញ្ឈប់ ហើយបញ្ជាឱ្យរុះរើបន្ទាន់ខាងលើនេះ គឺស្ថិតនៅលើចំណីស្ទឹងសង្កែ ដែលជាតំបន់ហាមឃាត់ការសាងសង់សំណង់។

លោកបានបញ្ជាក់ថា “ការដ្ឋានសំណង់ខាងលើនេះ ខាងអាជ្ញាធរធ្លាប់បានចុះធ្វើការណែនាំ និងហាមមិនឱ្យសង់ម្ដងរួចមកហើយ ប៉ុន្តែម្ចាស់ការដ្ឋាននៅតែបន្តសកម្មភាពសាងសង់ដដែល ដោយមិនបានស្ដាប់តាមការណែនាំនោះទេ។ ដោយឡែកនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រុមមន្ត្រីជំនាញដែលពាក់ព័ន្ធ រួមជាមួយនឹងអាជ្ញាធររដ្ឋបាលខេត្តចុះត្រួតពិនិត្យជាលើកទី២ និងមិនមានការសម្របសម្រួលនោះឡើយ ដោយតម្រូវឱ្យបញ្ឈប់សកម្មភាព និងរុះរើសំណង់ជាបន្ទាន់។ ក្រៅពីរុះរើសំណង់ទាំងស្រុងហើយ ម្ចាស់ការដ្ឋានត្រូវកាយដី និងឈូសឆាយឱ្យរាបស្មើដូចសភាពដើមវិញ”។

ក្នុងគោលបំណងរឹតបណ្តឹងនូវការអនុវត្តច្បាប់សំណង់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយរហូតដល់ចំនួន៤ដង (គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២០) ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយវគ្គផ្សព្វផ្សាយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី ១៤ មករា លើកទី២ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ និងលើកទី៣ កាលពីថ្ងៃទី ២១ កុម្ភៈ ឆ្នាំ២០២០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here