សេដ្ឋកិច្ចកម្ពុជាកាន់តែមានឯករាជ្យភាព និងកាន់តែមានភាពជាម្ចាស់ជាងមុន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា សេដ្ឋកិច្ច​កម្ពុជាកាន់តែមានឯករាជ្យភាព និងកាន់តែមានភាពជាម្ចាស់ជាងមុន ព្រមទាំងស្ថិតនៅក្នុងគោលដៅនៃការសម្រេចប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានថ្លែងឲ្យដឹង ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសស្តីពី ស្ថានភាពសិទ្ឋិមនុស្សនៅកម្ពុជាលោកស្រីរ៉ូណា ស្មីតកាលពីដើមសប្តាហ៍នេះថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរ៉ឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយកម្ពុជាកំពុងបន្តដំណើរទៅមុខយ៉ាងស្វាហាប់ ដើម្បី​ប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដោយកម្ពុជា ត្រូវសម្រេចឱ្យបាននូវលទ្ធផលជាសារវ័ន្ត នៃការកែទម្រង់សំខាន់ៗបន្តបន្ទាប់។

លោកបន្តថា “តាមរយៈល្បឿននៃការអភិវឌ្ឍនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកាន់តែមានឯករាជ្យភាព និងកាន់តែមានភាពជាម្ចាស់ជាងមុន “។លោកបន្តថា “ផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍” ក្នុងឆន្ទៈប្តូរផ្តាច់ឥតងាករេ នូវវិធានការណ៍មុតស្រួចទាំងឡាយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល”។

ដើម្បីឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងការវិភាជថវិកាឆ្នាំ២០១៨ វិស័យសង្គមកិច្ច ត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១ ដោយទទួលបានឥណទានថវិកាប្រមាណជាង៧ភាគរយ នៃផលទុនជាតិសរុប(ផ.ស.ស) មានកំណើនប្រមាណ២២ភាគរយ ធៀបនឹងឆ្នាំ២០១៧។

បើធៀបនឹងវិស័យចំនួន៤ទៀត រដ្ឋាភិបាលក៏បានបង្កើនការចំណាយសរុបលើក្រសួងអប់រំ យុវជន និងកីឡាច្រើនជាងមុនបីដង។ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ត្រូវបានបង្កើនជិតពីរដង ក្រសួងសុខាភិបាល ត្រូវបានបង្កើនជិតពីរដងកន្លះ និងក្រសួងបរិស្ថានត្រូវបានបង្កើនជិតបីដងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here