រូបតំណាង
ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមក្រុមហ៊ុន HSCMC បានបោះទុន ប្រមាណ ២៩៤,៣០លានដុល្លារអាមេរិកសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលមានទីតាំងឋិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងមានអនុភាពដំឡើងសរុប ២៦៥ មេហ្កាវ៉ាត់ និងអានុភាពធានាផ្តល់ឲ្យបណ្តាញជាតិ ២៣០ មេហា្កវ៉ាត់។

-->
យោងតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ដែលធានាដល់ការទូទាត់របស់រាជរដ្ឋាភិបាលដល់ក្រុមហ៊ុន ឯកជន ដែលបានវិនិយោគលើគម្រោងថាមពលអគ្គិសនីនៅកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ទំហំវិនិយោគរបស់ក្រុមក្រុមហ៊ុន HSCMC សរុប ២៩៤,៣០ លានដុល្លារអាមេរិក ក្នុងនោះទុនផ្ទាល់ ៣០%និងខ្ចីពីធនាគារ ៧០% តាមអត្រាការប្រាក់ ៦,៥% ។
ខ្លឹមសារដដែលបន្តថា ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់មាន៖ ១-ហេដ្ឋារចនាសម្ព័ន្ធរោងចក្រអគ្គិសនី។ ២-ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធ្យូងថ្មពីតំបន់រ៉ែធ្យូងថ្ម និងប្រព័ន្ធលាងសម្អាតធ្យូងថ្មមុនពេលដុត។ ៣-ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក។ និង ៤-ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងអនុស្ថានីយអគ្គិសនី ភ្ជាប់ទៅបណ្តាញជាតិ។
រយៈពេលសាងសង់ និងដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេវិស័យអគ្គិសនី ដោយដំណាក់កាលទី១ ម៉ាស៊ីន ២ គ្រឿង ទំហំ (២×៦៥)មេហ្កាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២១ និងដំណាក់កាលទី២ ម៉ាស៊ីន ១ គ្រឿង ទំហំ (១×១៣៥)មេហ្កាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការដនៅឆ្នាំ២០២។ រយៈពេលដំណើរការអាជីវកម្មរបស់រោងចក្រអគ្គិសនីនេះ គឺ ២៥ ឆ្នាំ ។
រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុននេះ មានភាពចាំបាច់ក្នុងការបំពេញឱ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី ធានាសុវត្ថិភាព និងសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ធានាឱ្យមានស្ថិរភាពផ្គត់ផ្គង់នៅរដូវប្រាំង ដែលវារីអគ្គិសនីរបស់កម្ពុជាមួយភាគធំពុំមានលទ្ធភាពផលិតបានច្រើន និងអាចចូលរួមបន្ថយថ្លៃអគ្គិសនីបន្ថែមទៀតជូនអ្នកប្រើប្រាស់អគ្គិសនីនៅកម្ពុជា ឆ្លើយតបនឹងគោលនយោបាយបន្ថយថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល៕