ការសាងសង់​រង្វង់​មូល​ស្រអែម​ខេត្តព្រះវិហារ​សំរេចបាន ៩០ភាគរយ​ហើយ

ចែករំលែក

ដោយ វុត្ថា

ភ្នំពេញ៖ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជ​ញ្ជូ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា   វឌ្ឍនភាព នៃ​ការសាងសង់​រង្វង់​មូល​ស្រអែម ស្ថិតក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ជា​លទ្ធផល​ពេលនេះ​សំរេចបាន៩០ភាគរយ​ហើយ។

លោក សំ លាង​ទី ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​បានឱ្យដឹង​នៅ​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០នេះ​ថា  រង្វង់​មូល​ស្រអែម​នេះ​បានធ្វើ​ពិធី​បែប​សាសនា ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់ កាលពី​រសៀល​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​លោក មាស សុភា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ។

លោក​បាន​បន្ថែមថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ខេត្តព្រះវិហារ បន្ទាប់ពី​ផ្លូវភ្លោះ និង បុស្បុក​លោកតា​សួង ដែលមាន​លោក អ៊ុន ចាន់​ដា ជា​អតីត​អភិបាលខេត្ត​ផ្ដួចផ្ដើម​នាពេល​កន្លងមក។ ការសង់​រង្វង់​មូល​នេះ ក្នុង​គោលបំណង​កែលំអ​សោភ័ណភាព​ទីប្រជុំជន​មួយ​នេះ ឲ្យ​កាន់តែ​ស្រស់ស្អាត ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ​កាន់តែ​ច្រើនឡើង ។

លោក​បន្តថា ការសាងសង់​រូបសំណាក់​គោ​បូ​រៈ​ទី៥ នៃ​ប្រាសាទព្រះវិហារ​នេះ គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការសាងសង់​ទាំងស្រុង ក្នុងនោះ​សាងសង់​លើ​រង្វង់​មូល​ដែលមាន​អង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់​គោ​បូ​រៈ​ទី៥ នៃ​ប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥%នៃ​តួ​ប្រាសាទព្រះវិហារ​ដើម មាន​រូប​នាគ២ ហើយ​នៅលើ​រង្វង់​មូល​នេះ​ក៏​នឹងមាន​ការដាំ​ស្មៅ ផ្កា​និង​ដើមឈើ​លម្អ​យ៉ាង​ស្រស់​ស្អា​ត់​ផងដែរ។

ខេត្តព្រះវិហារ​ជា​ខេត្ត​មួយ នៅ​ដាច់ស្រយាល​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ និង​មាន​ព្រំប្រទល់​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​ប្រទេស​ឡាវ។ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពោលគឺ បើទោះបី​ខេត្ត​មួយ​នេះ មានការ​អភិវឌ្ឍ​ក្រោយ​គេ​ក៏ពិតមែន តែ​មកដល់ពេលនេះ គេ​បានឃើញ​ខេត្តព្រះវិហារ​មានការ​អភិវឌ្ឍ​លឿន គួរ​ឲ្យ​ចាប់អារម្មណ៍​និង​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅមក​កម្សាន្ត​ច្រើន ដោយសារ​ខេត្ត​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ និង​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ស្អ​ត​មាន​សោភ័ណភាព​ទាំង​ផ្លូវ​ជនបទនិង​ផ្លូវ​ក្នុង​ទីក្រុង៕


ចែករំលែក