ទីផ្សារលំនៅដ្ឋានជាប់ដីនៅតំបន់ជាយក្រុងនៅតែមានតម្រូវការខ្ពស់

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា គិតចាប់ពីឆ្នាំ២០២០ ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត តម្រូវការលំនៅដ្ឋានសាងសង់ជាប់ដី នៅតែមានប្រជាប្រិយភាពក្នុងការវិនិយោគ និងអភិវឌ្ឍន៍ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុក ដែលកំពុងមានភាពខ្វះខាតនៅឡើយ។


អគ្គនាយក្រុមហ៊ុន PREMIUM Group លោកម៉ាន់ ចាន់ឌី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានផងដែរនោះ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទ៦ ខែមេសាឆ្នាំ២០២០ថា គតចាប់ពីឆ្នាំនេះរហូតដល់១០ឆ្នាំ ឬលើសពីនេះតម្រូវការលំនៅដ្ឋានជាន់ដី នៅតែមានមានប្រជាប្រិយភាពខ្ពស់ ជាងលំនៅដ្ឋានសហកម្មសិទ្ធិ (ខុនដូ)

លោកបន្តថា ប្រជាជនខ្មែរនៅតែមិនទាន់មានការផ្លាស់ប្ដូរផ្នត់គំនិត មានផ្ទះ មានដី នៅឡើយ ហើយវិសាលភាពនៃផ្ទៃដីសម្រាប់អភិវឌ្ឍន៍លំនៅដ្ឋាន ក៏មិនទាន់មានភាពចង្អៀតនោះដែរ។លោកបន្តថា ទំនោរទៅរកលំនៅដ្ឋានបែបសហកម្មសិទ្ធិ ដូចបណ្តាជិតខាងនោះគឺនៅរយៈពេលយូរទៀត

យើងមើលពីភាពជាក់ស្ដែង ដែលចេញពីកណ្តាលក្រុងបន្តិច គឺនៅមានដីទំនេរច្រើន និងមានតម្លៃសមរម្យនៅឡើយ ដែលសមស្របទៅនឹងការវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានជាប់ដី ដែលជាតម្រូវការពិតរបស់អតិថិជនក្នុងស្រុក។

នៅក្នុងឱកាសជាមួយគ្នានេះ លោកបានបញ្ជាក់ពីចរន្តទីផ្សារនៃលកើលំនៅដ្ឋានផងដែរ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមជាមួយ ជំងឺឆ្លងជាសាកល Covid-19 ការទិញលក់ លំនៅដ្ឋានហាក់មានការធ្លាក់ចុះបន្តិច ប៉ុន្តែមិនទាន់ដល់ចំណុចសូន្យនោះទេ ដោយឡែកសកម្មភាពនៃការសាងសង់គឺនៅតែបន្ត មិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា កម្ពុជានៅត្រូវការលំនៅឋានជាង១លានខ្នងបន្ថែមទៀតក្នុងឆ្នាំ២០៣០។ ទន្ទឹមនឹងតម្រូវការលំនៅដ្ឋាននេះ អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា តម្រូវការទីស្នាក់អាស្រ័យដែលមានលក្ខណៈជាផ្ទះជាប់ដី នៅតែទាក់ទាញ និងមានតម្រូវការខ្ពស់ពីសំណាក់ទីផ្សារក្នុងស្រុក។


ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច រួមជាមួយនឹងការកើនឡើងនៃចំនួនប្រជាជនកម្ពុជា បានជំរុញឱ្យការអភិវឌ្ឍឧស្សាហកម្មអចលនទ្រព្យរបស់កម្ពុជាមានការកើនឡើង។ ជាក់ស្ដែងនៅក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ វិស័យអចលនទ្រព្យរបស់កម្ពុជា ទទួលបានកំណើនយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ជាពិសេសនៅរាជធានីភ្នំពេញ និងនៅតំបន់ជាយក្រុងនានា។

លោកបន្តថា តម្រូវការលំនៅឋានជាប់ដីនៅកម្ពុជា កំពុងមានកំណើនគួរឱ្យកត់សម្គាល់ ហេតុដូច្នេះហើយ ទើបអ្នកវិនិយោគក្នុងស្រុកបានសម្លឹងឃើញថា ទីផ្សារលំនៅឋានជាប់ដី ជាគោលដៅទាក់ទាញមួយពីសំណាក់ទីផ្សារក្នុងស្រុក ទើបអ្នកវិនិយោគវិស័យអចលនទ្រព្យ ជាពិសេសអ្នកអភិវឌ្ឍន៍តែម្ដង បានបោះទុនទៅលើវិស័យលំនៅឋានជាប់ដីនេះច្រើន លោកបន្តថា លំនៅដ្ឋានជាប់ដី ត្រូវបានគេអភិវឌ្ឍន៍ទៅកាន់តំបន់ជាយក្រុង ដោយសារតែតម្លៃដីធ្លីនៅកណ្ដាលក្រុងកាន់តែឡើងថ្លៃ ហើយគេទុកដីនៅកណ្ដាលក្រុងសម្រាប់អភិវឌ្ឍន៍ជាខុនដូ និងអគារខ្ពស់ៗ វាចំណេញជាង តែសម្រាប់អ្នកដែលចង់បានផ្ទះជាប់ដីនៅកណ្ដាលក្រុង ត្រូវចំណាយលុយច្រើន ដើម្បីទិញដី និងសាងសង់ដោយខ្លួនឯង ដូច្នេះ ពួកគេត្រូវផ្លាស់ប្តូរគោដៅទៅនៅតំបន់ជាយរាជធានី


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការព្យាករណ៍ថា សម្រាប់ឆ្នាំ២០៣០ កម្ពុជានឹងត្រូវការលំនៅដ្ឋាន នៅទូទាំងប្រទេសចំនួនជាង១លានខ្នង ខណៈក្នុង១ឆ្នាំៗ កម្ពុជាត្រូវការអភិវឌ្ឍលំនៅដ្ឋានប្រមាណជាង៥ម៉ឺនខ្នង ដែលក្នុងនោះសំណង់លំនៅដ្ឋានទូទៅប្រមាណ៤ម៉ឺនខ្នង និងលំនៅឋានក្នុងតម្លៃសមរម្យជាង៨ពាន់ខ្នង។

កាលពីឆ្នាំ២០១៩អ្នកអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន បានស្នើសុំវិនិយោគលើសំណង់លំនៅដ្ឋានមានចំនួន៧៣២គម្រោង ជាមួយតម្លៃទុនវិនិយោគជាង៦៦លានដុល្លារ  ស្មើនឹងជាង៣៨ពាន់ល្វែង។ ដោយឡែកសំណង់បុរីលំនៅដ្ឋាន និងបណ្ដុំលំនៅដ្ឋានមានលក្ខណៈជាបុរី នៅទូទាំងប្រទេសមានចំនួន៤០គម្រោង ស្មើនឹងជាង១៦ពាន់ខ្នង មានទុនប៉ាន់ស្មានប្រមាណជាង៨២១លានដុល្លារ

LEAVE A REPLY

Please enter your comment!
Please enter your name here