អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម​លើ​ការទិញ​ដី​តំបន់​ជាយក្រុង​ទុក​វិនិយោគយកចំណេញ

0
អ្នកជំនាញនៅតែមានសុទិដ្ឋិនិយមលើការទិញដីតំបន់ជាយក្រុងទុកវិនិយោគ យកចំណេញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា នៅតែ​បង្ហាញ​ពី​សុទិដ្ឋិនិយម​ខ្ពស់​ទៅលើ​ការទិញ​ដី នៅតាម​បណ្តា​តំបន់​ជាយក្រុង ទុក​វិនិយោគ​បន្ត​យកចំណេញ ខណៈដែល នៅក្នុង​ស្ថានភាព​ប្រឈម​នឹង​វិបត្តិ​ជំងឺ Covid-19 អាចមាន​ឱកាស​ទទួល​បាន​តម្លៃ​ទាប​ជាង​ទីផ្សារ និង​មាន​ជម្រើស​កាន់តែច្រើន។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ ដោយ​ទទួលស្គាល់ថា វិបត្តិ​នៃ​ជំងឺ Covid-19 ពិតជា​បានធ្វើឱ្យ​ប៉ះទង្គិច​នឹង​ភាពល្អប្រសើរ នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មែន ប៉ុន្តែ​ក្នុង​កាលទេសៈ​នេះ វា​ក៏​ជា​ឱកាសល្អ​សម្រាប់​អ្នក ដែលមាន​លំហូរ​សាច់ប្រាក់​គ្រប់គ្រាន់​ក្នុងការ​វិនិយោគ​វិស័យ​ដីធ្លី​ផងដែរ។

លោកស្រី​បញ្ជាក់ថា “នៅក្នុង​កាលទេសៈ​នេះ សម្រាប់​អ្នក​ដែលមាន​បញ្ហា​លើ​ចរន្ត​សាច់ប្រាក់​អាច​នឹង​ជួប​វិបត្តិ ហើយ​បង្ខំចិត្ត​ព្យាយាម​ជម្រុញ ការលក់​អចលនទ្រព្យ​របស់ខ្លួន​ឱ្យបាន​ឆាប់រហ័ស រហូត​អាចដាក់​តម្លៃ​ទាប​ជាង​ទីផ្សារ ដែល​វា​ជាការ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។លោកស្រី​បន្ថែមថា “ភាព​ប្រឈម​ទាំងអស់នេះ ភាគច្រើន​គឺអាច​កើតមាន​ចំពោះ​អ្នករកស៊ី​កម្រិត​ទាប ដែល​មិនមាន​ធនធាន​គ្រប់គ្រាន់​តែប៉ុណ្ណោះ។

លោកស្រី​អាន សុធី​តា បាន​មានប្រសាសន៍​បន្តទៀតថា នៅក្នុង​ស្ថានការណ៍​នេះ បើ​និយាយ​ចំពោះ​អ្នក ដែលមាន​ធនធាន​គ្រប់គ្រាន់ មាន​លំហូរ​សាច់ប្រាក់​ល្អ គឺមាន​ឱកាស​ខ្ពស់ ក្នុងការ​ឆក់យក​ផលចំណេញ​ពី​ការវិនិយោគ ជាពិសេស​វិស័យ​ដីធ្លី​ស្ថិតនៅតាម​តំបន់​ជាយក្រុង​នានា ដែលមាន​ទំហំ​សមល្មម​សម្រាប់​អភិវឌ្ឍន៍​លំនៅដ្ឋាន។

ស្រដៀង​គ្នា​នឹង​ការលើកឡើង​ខាងលើនេះ លោក ម៉ាន់ ចាន់​ឌី អគ្គនាយក​ក្រុមហ៊ុន PREMIUM Group បាន​មានប្រសាសន៍ថា “បច្ចុប្បន្ននេះ អ្នកមាន​បញ្ហា​លំហូរ​សាច់ប្រាក់ ឬ​មាន​តម្រូវការ​ចាំបាច់​ក្នុងការ​បង្វិល​លុយ​សង់​គេ គឺ​ព្យាយាម​លក់​ចេញ ដោយឡែក​សម្រាប់​អ្នក​ដែលមាន​លុយ​ច្រើន ព្យាយាម​ដើរ​ទិញ​ដី​ទុក ដោយសារតែ​ឱកាស​នៃ​ការទទួលបាន​ដី​ដែលមាន​តម្លៃ​ទាប និង​ទីតាំង​ល្អ គឺមាន​អត្រា និង​មាន​ជម្រើស​ច្រើន។

លោក​បាន​បន្តទៀត “វា​ស្រដៀង​គ្នា​ទៅនឹង​បទពិសោធន៍​ចាស់ កាលពី​អំឡុង​ឆ្នាំ២០០៨ ដែល​កម្ពុជា​ធ្លាប់​ទទួលរង​នូវ​ចំហាយ នៃ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​យ៉ាង​ដូច្នោះ។លោក​បន្តថា  “ពេលនោះ អ្នករកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន ប្រឈម​នឹង​ការខាតបង់​យ៉ាងច្រើន ប៉ុន្តែ​ក៏មាន​អ្នកជំនួញ​ផ្នែក​ដីធ្លី​មួយចំនួន បាន​ដើរ​ទិញ​ដី​ទុក​ក្នុងអំឡុង​មាន​វិបត្តិ ហើយ​លក់​ចេញ​វិញ​ក្រោយ​ការទិញ​ទុក៣-៤ឆ្នាំ បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​មាន​ភាពល្អប្រសើ​រវិ​ញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here