ការវិនិយោគឃ្លាំងជួល៖ ឱកាសរកប្រាក់ចំណេញច្រើនតែគេមើលរំលង

0

ដោយគង់ សូរិយា

ភ្នំពេញ ការវិនិយោគឃ្លាំងសម្រាប់ជួល ហាក់បីដូចជាមិនសូវមានអ្នកចាប់​អារម្មណ៍ខ្លាំងនោះទេ ខណៈវាជាផ្នែកមួយនៃវិស័យអចលនទ្រព្យ ដែលអ្នកវិនិ​យោគទទួលបានប្រាក់ចំណេញច្រើន។

លោកខាត់ សុវណ្ណអគ្គនាយកក្រុមហ៊ុន Camtop Property Groupបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១៦ មិនានេះថា ការវិនិយោគលើឃ្លាំងសម្រាប់ជួល ជាការវិនិ​យោគលើផ្នែកអចលនទ្រព្យផងដែរ ប៉ុន្តែហាក់មិនសូវមានការពេញនិយមច្រើន នោះទេ ខណៈតម្រូវការលើឃ្លាំងសម្រាប់ជួលកើនឡើងជាប្រចាំ និងរកប្រាក់ចំ ណេញបានច្រើន បើធៀបនឹងការវិនិយោគលើវិស័យអចលនវត្ថុផ្សេងៗទៀត។លោកបន្តថា ​ការវិនិយោគលើឃ្លាំងសម្រាប់ជួល ប្រសិនជាឃ្លាំងមិនមានស្តង់ដា អាចជួលបានចន្លោះពី១,២ ទៅ២ដុល្លារ ប៉ុន្តែឃ្លាំងមានស្តង់ដាអាចជួលបានចន្លោះពី២ ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “ការវិនិយោគលើឃ្លាំងជួល អ្នកវិនិយោគអាចទទួលបានចំណូ​លពីរផ្នែកផ្សេងៗគ្នា គឺបានចំណេញពីការជួលឃ្លាំង និងចំណេញពីការឡើងថ្លៃតម្លៃដី”។

ឃ្លាំងមិនមានស្តង់ដាសំដៅដល់ឃ្លាំង ដែលសាងសង់តែរោង មិនមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ។ ចំណែកឃ្លាំងមានស្តង់ដា ជាឃ្លាំងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ដូចជាទឹក ភ្លើង ផ្លូវ បន្ទប់ការិយាល័យ និងប្រព័ន្ឋខ្សល់ត្រឹមត្រូវ។

លោកខាត់ សុវណ្ណបានបន្តថា ទោះជាយ៉ាងណាអ្នកវិនិយោគឃ្លាំង ក៏ត្រូវមើល​លើចំណុចអាទិភាពចំនួនបីផងដែរ ដើម្បីឲ្យការសាងសង់ខ្លាំងរបស់ខ្លួនទទួល​បានអតិថិជនឆាប់រហ័ស ដូចជា ទី១ ត្រូវគិតពីច្រកចេញចូលឃ្លាំងភ្ជាប់មកផ្លូវឲ្យ​មានភាពងាយស្រួល ទី២ ត្រូវគិតពីការរៀបចំហេដ្ឋារចនាសម្ព័ន្ឋដូចជា ទឹក ភ្លើង ទី៣ ត្រូវគិតអំពីកត្តាប្រជាសាស្រ្តថា មានប្រជាជនរស់នៅជុំវិញតំបន់នោះឬអត់ ព្រោះប្រសិនជាអ្នកវិនិយោគចង់បើករោងចក្រ តែមិនមានកំលាំងពលកម្មច្រើន ក៏ពួកគេអាចមិនសម្រេចចិត្តជួលឃ្លាំងនៅតំបន់នោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here