អ្នក​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​គ្មាន​ជំនាញ​ងាយ​នឹង​ប្រឈមហានិភ័យ​ខ្ពស់បំផុត

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មាន​មនុស្ស​ជាច្រើន​បានបង្ហាញ​ពី​ការចាប់អារម្មណ៍ និង​ចង់​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ ត្បិត​ថា​វិស័យ​មួយ​នេះ អាច​ផ្តល់ឱកាស​ទទួលបាន​ចំណេញ​ច្រើន​បន្ទាប់ពី​ការវិនិយោគ។

ប្រការនេះ​ត្រូវបាន​អ្នកជំនាញ​ធ្វើការ​ព្រមាន​ថា វិស័យ​អចលនទ្រព្យ​អាច​ផ្ដល់​ផលចំណេញ​ច្រើន ប៉ុន្តែ​វា​ក៏​អាចឱ្យ​ជួប​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ប្រសិនបើ​អ្នក​ប្រឡូក​ទាំងនោះ​មិនមាន​ជំនាញ​ពិតប្រាកដ និង​មិនបាន​ស្គាល់​ច្បាស់​ពី​វិស័យ​មួយ​នេះ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Fortuna Investment  លោក វ៉ា វីរៈ បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​ថា នៅក្នុង​រយៈពេល​ប្រមាណ៥-៦ ឆ្នាំ​ចុងក្រោយ ខណៈពេលដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា មាន​ភាព​រីកចម្រើន​ខ្លាំង​បានធ្វើ ឱ្យ​មនុស្ស​ជាច្រើន ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​វិស័យ​មួយ​នេះ ដោយ​អ្នកខ្លះ​បង្កើតជា​ក្រុមហ៊ុន​ភ្នាក់ងារ​លក់ អ្នកខ្លះ​បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍន៍ ហើយ​ក៏មាន​មនុស្ស​ជាច្រើន​បាន​ចំណាយលុយ​យ៉ាង​សន្ធឹក​សន​ន្ធា​ប់ ទៅលើ​ការវិនិយោគ​ដីធ្លី ដើម្បី​ទទួលបាន​ចំណេញ។

លោក​បន្តទៀតថា “ត្បិត​ថា​វិស័យ​អចលនទ្រព្យ បានផ្តល់​ឱកាស​ចំណេញ​ច្រើន​ពី​ការវិនិយោគ ប៉ុន្តែ​វា​ក៏បាន​ធ្វើឱ្យ​មនុស្ស​មួយចំនួន ជួបនឹង​ភាព​ខាតបង់​ផងដែរ ជាពិសេស​ចំពោះ​អ្នក​ដែល​មិនមាន​ជំនាញ និង​ចំណេះដឹង​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​មួយ​នេះ ហើយ​អ្នកខ្លះ​រហូត​ផុងខ្លួន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ផ្លូវច្បាប់​ក៏មាន។

នៅក្នុង​វិស័យ​អចលនទ្រព្យ  គឺ​ត្រូវបាន​បែង​ចែកចេញជា​ផ្នែកផ្សេងៗគ្នា​ជាច្រើន ដែល​តម្រូវឱ្យ​អ្នក​ដែល​ចូលប្រឡូក​នៅក្នុង​វិស័យនេះ មានការ​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់ មុនពេល​សម្រេចចិត្ត​ចាប់​កាន់​ផ្នែក​មួយណា នៅក្នុង​វិស័យ​មួយ​នេះ ដើម្បី​ទទួលបាន​ផលប្រយោជន៍។

លោក​វ៉ា វីរៈ បាន​ពន្យល់ថា “អ្នកខ្លះ​គាត់​មិនបាន​យល់ច្បាស់ ពី​វិស័យ​អចលនទ្រព្យ ហើយ​រឹតតែ​មិនមាន​ជំនាញ ប៉ុន្តែ​គាត់​មានសំណាង​អាច​ទទួលបាន​ជោគជ័យ ទៅលើ​ការទិញ-លក់​ដីធ្លី បាន​ចំណេញ​ច្រើន ដោយសារតែ​គាត់​ទិញ​តាម​គេ​ដែលមាន​ជំនាញ ឬ​អាច​ទិញ​ប៉ះចំ​ទីតាំង​ល្អ ដែលមាន​តម្រូវការ​ប្រើប្រាស់​ពី​អ្នក​អភិវឌ្ឍន៍ ប៉ុន្តែ​ឱកាស​នេះ​មិនមែន​ចេះតែ​កើតមាន​រហូត​នោះទេ។

លោក​បាន​បញ្ជាក់ថា សម្រាប់​អ្នក​ដែលមាន​ជំនាញ មានចំណេះដឹង​ពី​វិស័យ​អចលនទ្រព្យ​ពិតប្រាកដ ជាពិសេស​មាន​ធនធាន​គ្រប់គ្រាន់ មិន​ថា​ទោះជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណា​នោះទេ ភាពបរាជ័យ​របស់គេ​គឺមាន​អត្រា​ទាប​បំផុត ជាក់ស្ដែង​ដូចជា​នៅពេល​បច្ចុប្បន្ននេះ ទោះជា​វិស័យ​អចលនទ្រព្យ​ទទួលរង​នូវ​ផល​ប៉​ពាល់ ពី​វិបត្តិ​សេដ្ឋកិច្ច​សាកល​ក៏ដោយ ក៏​គេ​មិន​ភ័យព្រួយ​នោះដែរ ដោយសារតែ​គេ​មាន​ដាក់​គោលដៅ​ច្បាស់លាស់​ទៅលើ​ការវិនិយោគ ឬ​គេ​អាច​ឆក់យក​ឱកាស​ពេល​មាន​វិបត្តិ ធ្វើជា​ទ្រព្យ​របស់គេ​ក៏​ថា​បាន ដែល​ខុសពី​អ្នក​គ្មាន​ជំនាញ ឬ​មាន​ធនធាន​មិន​គ្រប់គ្រាន់ អាច​ស្ទុះស្ទារ​ក្នុង​ការលក់​ទ្រព្យ​ចេញ (លក់​ដី) បើទោះជា​ដឹងថា ទទួលបាន​តម្លៃ​ទាប​ជាង​ទីផ្សារ និង​ប្រឈម​នឹង​ការខាតបង់​ក៏ដោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here