ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងកាលទេសៈដែលប្រទេសមួយ កើតមានវិបត្តិសេដ្ឋកិច្ច បានជះឥទ្ធិពលអវិជ្ជមានស្ទើរគ្រប់វិស័យ ជាពិសេសផ្នែកវិនិយោគ និងពាណិជ្ជកម្ម។ ប៉ុន្តែបើទោះជាស្ថិតនៅក្នុងស្ថានភាពអាក្រក់បែបនេះ សម្រាប់អ្នកជំនួញដែលឆ្លាតវៃ អាចច្នៃឱកាសនេះរកផលប្រយោជន៍បានយ៉ាងប្រសើរ។

-->
ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) លោក ង៉ែត ជូ បានបង្ហើបពីវិធីសាស្ត្រមួយចំនួន ដែលបង្ហាញពីការរៀនវិនិយោគ នៅក្នុងកាលទេសៈដែលប្រទេសជាតិកើតមានវិបត្តិ ដោយលើយកបទពិសោធន៍របស់អ្នកជំនួញដែលធ្លាប់ជោគជ័យមកបញ្ជាក់ផងដែរ។
នៅលើគណនីផ្លូវការផ្ទាល់ខ្លួន លោក ង៉ែត ជូ បានសរសេរបញ្ជាក់ថា នៅពេលអានអំពីប្រវត្តិឪពុករបស់មហាសេដ្ឋីមិកស៊ីកូ(លោក កាឡូស ស្លីម) បានធ្វើឱ្យខ្ញុំចាប់ផ្តើមមើលឃើញថា វិបត្តិលើកនេះអាចជាឱកាសសាជាថ្មី ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដូចវិបត្តិកាលពីឆ្នាំ២០០៩កន្លងទៅ។ ឪពុករបស់លោកកាឡូស ស្លីម ជាពាណិជ្ជករលក់គ្រឿងទេស ហើយលោកបានយកផលចំណេញ ពីការលក់គ្រឿងទេសទៅវិនិយោគលើអចលនទ្រព្យ តាមតំបន់ពាណិជ្ជកម្មនៃទីក្រុងមិកស៊ីកូក្នុងតម្លៃទាប។
លោកបញ្ជាក់ទៀតថា ត្បិតការវិនិយោគធ្វើឡើង ក្នុងគ្រាប្រទេសមានបដិវត្តន៍ដែលជាវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ ក្នុងចន្លោះឆ្នាំ១៩១០–១៩១៧។ ឪពុករបស់លោកមានភាពជោគជ័យដ៏ធំ នៅក្នុងការវិនិយោគហើយមានទ្រព្យសម្បត្តិដ៏ច្រើន ដោយហេតុថា ទី១
មានចំណេះច្បាស់លាស់ ក្នុងការវិនិយោគលើអចលនទ្រព្យក្នុងគ្រា ដែលប្រទេសជួបវិបត្ត (ដូចអ្វីដែលមហាសេដ្ឋីហុងកុង លោក លីកាស៊ីង បានធ្វើក្នុងពេលមានកុបកម្មនៅធានអាមិន)។

ទី២ វិនិយោគលើអចលនទ្រព្យ ក្នុងតំបន់ពាណិជ្ជកម្ម ដើម្បីប្រើប្រាស់ជាហាងពង្រីកមុខរបរលក់គ្រឿងទេស ដែលបង្កើតជាលំហូរសាច់ប្រាក់ជាប់ជាប្រចាំ។ ពោលគឺចំណេញ ទាំងទីកន្លែងសំរាប់ធ្វើអាជីវកម្ម និងចំណេញទាំងអចលនទ្រព្យឡើងថ្លៃក្នុងកាលៈទេសៈស្រុកទេសឆ្លងផុតគ្រាមានវិបត្តិ។
ប្រសិនបើវិបត្តិនៃការរីករាលដាលវីរុស Covid-19 នៅតែបន្តអូសបន្លាយក្នុងចន្លោះ ៣–៦ខែខាងមុខ វាជាឱកាសល្អសំរាប់អ្នកមានចំណេះដឹង និងលទ្ធភាពក្នុងការវិនិយោគអចលនទ្រព្យរយៈពេលវែង ហើយអចលនទ្រព្យដ៏ល្អបំផុតនោះ (មិនមែនជាខុនដូរ ឬផ្ទះល្វែងនោះទេ) គឺដីនៅតំបន់ជាយក្រុង ស្ថិតលើផ្លូវធំៗសំរាប់ធ្វើអាជីវកម្ម ក្នុងរយៈពេល៥–១០ឆ្នាំខាងមុខ ព្រោះនៅមានតម្លៃទាប ហើយនឹងក្លាយជាតំបន់ពាណិជ្ជកម្ម នាពេលអនាគត៕