ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្ស មានមូលដ្ឋាននៅប្រទេសចិនបានបង្ហាញគំរោងអភិវឌ្ឍន៍ដ៏សម្បើមជាច្រើនទៀត ដែលមានទុនវិនិយោគរហូតដល់៥០០០លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព៌តមាន សម្រាប់អបអរខួប៣ឆ្នាំរបស់ខ្លួនដែលបានវិនិយោគនៅកម្ពុជា ជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យ ក្រុមហ៊ុនអចលនទ្រព្យយក្សមកពីប្រទេសចិននេះ បាននិងកំពុងបង្ហាញគំរោងជាច្រើនទៀត រួមមានផ្សារទំនើបព្រីនស៍ ស៊ូភើ ម៉ាឃីត សណ្ឋាគារព្រីនស៍ ថាម ហូថេល រមណីយដ្ឋាន ព្រីនស៍ ម៉ាណ័រ នឹងបើកដំណើរនៅឆ្នាំ២០១៨នេះ។ រីឯគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គម្រោងព្រីនស៍ ស៊ីធី សិនធើ និងគម្រោងខូលីណឹន បេ ក៏នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨នេះដែរ។
-->

សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថា ចំណែកឯគម្រោងព្រីនស៍ កោះតាកៀវ គម្រោងព្រីនស ស្មាត ស៊ីធី គម្រោងព្រីនស៍ ថាម ផ្លាហ្សា និងគម្រោង ហេបភី ផ្លាហ្សា។ល។ ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងវាយតម្លៃផងដែរ។ ក្នុងកំទ្បុងពេល ១០ឆ្នាំខាងមុខ ក្រុមហ៊ុនគ្រោងនឹងបណ្តាក់ទុនសរុបរហូតដល់៥ពាន់លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍគម្រោងខាងលើនេះ។

ក្រុមហ៊ុន Prince Real Estate Group បាននិងកំពុងវិនិយោគគំរោងជាច្រើនរួចមកហើយនៅទីក្រុងភ្នំពេញ ដូចជា Diamond Oneនៅទីក្រុងកោះពេជ្រ គំរោងPrince Plaza ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម និងគំរោងជាច្រើនទៀតនៅខេត្តព្រះសីហនុ។

នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate Group បានថ្លែងថាការវិនិយោគនៅកម្ពុជា ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសកម្ពុជាចិន ដែលបានឈានដល់ការដាក់ចេញ នូវយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១០និងគោលនយោបាយផ្លូវសូត្រ ខ្សែក្រវ៉ាត់មួយផ្លូវមួយសុទ្ឋតែជាផ្នែកដ៏សំខាន់នៃ ការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា។លោកបន្តថា លោកជឿជាក់ថាទីផ្សារកម្ពុជាមានភាពរីកចម្រើន ហើយយើងនឹងចូលរួមអភិវឌ្ឍន៍កម្ពុជាឲ្យឈានឡើងមូយកម្រិតទៀត៕










