ដោយ វុត្ថា
ភ្នំពេញ៖ លោក ឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើឱ្យប្រើប្រាស់បណ្ណដែលមាន QR Code ជំនួសដោយបណ្ណដីចាស់ដើម្បីមានភាពងាយស្រួលក្នុងការទិញលក់ និងងាយស្រួលក្នុងការគ្រប់គ្រង។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថាការប្រប្រាស់ប័ណ្ណដែលមាន QR Code គឺជាការផ្ដល់លក្ខណៈងាយស្រួលដល់មន្ត្រីជំនាញគ្រប់គ្រង និងដឹងអំពីព័ត៌មានស្ថានភាពដីច្បាស់លាស់ អំពីតំបន់ និងទំហំក្បាលដី និងជាដីនៅតំបន់ណាមួយ តាមរយៈការគ្រប់គ្រងដោយម៉ាស៊ីន Server ជាពិសេសការផ្ដល់ភាពងាយស្រួលដល់អ្នកចង់ទិញ ចង់លក់ ថាជាដីក្លែងក្លាយ ឬជាដីពិតប្រាកដផងដែរ។
-->
លោកឧបនាយកដ្ឋមន្ត្រី ជាមួយគ្នានេះ ក៏បានបញ្ជាដល់ប្រធានមន្ទីរសូរិយោដី គ្រប់ខេត្ត ត្រូវប្រមូលបណ្ណដីចាស់ដែលប្រើប្រាស់នាពេលកន្លងមក និងបច្ចុប្បន្ន យកទៅកំទេចចោល ជំនួសដោយការប្រើប្រាស់បណ្ណថ្មីដែលមាន QR Code។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា “ដើម្បីជំរុញអនុវត្តន៍តាមប័ណ្ណថ្មីនេះ សូមឲ្យប្រធានសុរិយោដី និងប្រធានមន្ទីររាជធានីខេត្តទាំងអស់ ប្រមូលយកប័ណ្ណចាស់មកកម្ទេចចោលទាំងអស់ ដោយទុកតែបីសន្លឹកជាឯកសារគំរូតែប៉ុណ្ណោះ និងត្រូវផ្អាកការអនុវត្តន៍ប្រភេទប័ណ្ណចាស់ទាំងនោះ ដោយត្រូវបោះពុម្ពប័ណ្ណថ្មីដែលមាន QR Code មកជំនួសវិញ។
លោកឧបនាយកដ្ឋមន្ត្រីបន្ថែមថា ពាក់ព័ន្ធការចេញប័ណ្ណថ្មីនេះចាប់អនុវត្តន៍ពីពេលនេះតទៅ ក្នុងនោះចំពោះការអនុវត្តន៍ដែលនៅសេសសល់ ទាំងប៉ុន្មានត្រូវផ្អាកជាបន្ទាន់ ហើយត្រូវត្រឡប់មករៀបចំចេញប័ណ្ណថ្មីជំនួសវិញ ដែលជាចាត់ទុកជាប័ណ្ណសំគាល់ ផ្នែកអចលនទ្រព្យរបស់បងប្អូនប្រជាពលរដ្ឋ គឺរាប់ទាំងការចុះបញ្ជីដាច់ដោយដុំ និងរាប់ទាំងការចុះបញ្ជីដាច់ដោយដុំផងដែរ៕