តើ​តម្លៃ​ដី​នៅលើ​ផ្លូវ​ព្រះសីហនុ​មានការ​ប្រែប្រួល​យ​យ៉ាងដូចម្តេច​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មហាវិថី​ព្រះសីហនុ​ដែល​គិត​ចាប់ពី​ត្រឹម​ម្តុំ​អាងទឹក​អូឡាំពិក រហូតមកដល់​ចំណុច​បំបែក​ផ្លូវ​សុធារស់ ត្រូវបាន​អ្នកជំនាញ​បញ្ជាក់​ប្រាប់ថា គឺជា​ផ្លូវ​ដ៏​សំខាន់​មួយ និង​មានតម្លៃ​អចលនទ្រព្យ​ខ្ពស់ មិន​ចាញ់​មហាវិថី​អាជីវកម្ម​ចម្រុះ​ដទៃទៀត នៅក្នុង​រាជធានី​ភ្នំពេញ​នោះឡើយ ហើយ​ក្នុងនោះ​មានផ្ទះ​ល្វែង​ខ្លះ អាចមាន​តម្លៃ​រហូតដល់​ជាង១លាន​ដុល្លារ។

នៅក្នុង​រាជធានី​ភ្នំពេញ ចំពោះ​មហាវិថី និង​ផ្លូវសំខាន់ៗមួយចំនួន​ដែល​ត្រូវបាន​អ្នកជំនាញ ក៏ដូចជា​បណ្តា​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ចាត់ទុកថា​ជា​ផ្លូវ​មេ​ផ្នែក​អាជីវកម្ម​រួមមាន​ដូចជា ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​ម៉ៅ​សេទុង មហាវិថី​ព្រះ​នរោត្តម រួមជាមួយ​នឹង​ផ្លូវ​ហ្សា​ឌឺ​ហ្គោល នោះ សម្រាប់​មហាវិថី​ព្រះសីហនុ ក៏​ជា​ផ្លូវ​មួយ​ដែល​ស្ថិតនៅ​ក្នុងចំណោម​ផ្លូវសំខាន់ៗទាំងអស់​ខាងលើនេះ​ផងដែរ។

នាយិកា​ក្រុមហ៊ុន AMATAK Property Service លោកស្រី​តាំង ហួរ​បាន​មានប្រសាសន៍ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា មហាវិថី​ព្រះសីហនុ ក៏ត្រូវ​បាន​ចាត់ជា​ផ្លូវ​ដែលមាន​សក្ដានុពល ក្នុងការ​ប្រកប​អាជីវកម្ម​ចម្រុះ​ផងដែរ ហើយ​នៅតាម​បណ្តោយ​ផ្លូវ​មួយ​ខ្សែ​នេះ​ក៏​មិនសូវមាន​ដីធំៗ និង​ទំនេរ​សម្រាប់ធ្វើ​ការអភិវឌ្ឍ ជា​មជ្ឍមណ្ឌល​ពាណិជ្ជ​ដែលមាន​ទំហំ​ធំ​នោះដែរ។

លោកស្រី​បន្តថា “ភាគច្រើន​នៅតាម​បណ្តោយ​ផ្លូវ​នេះ ជា​ប្រភេទ​ផ្ទះល្វែង​ទាំងអស់ ហើយក៏​សុទ្ធ​តែមាន​បើក​អាជីវកម្ម​ទាំងអស់។លោក​បន្តថា “ដោយសារតែ​តំបន់​នេះ​មិនសូវមាន​ផ្ទៃដី​ទំនេរ ហើយ​ជាទី​តាំង​អំណោយផល ដល់​ការប្រកប​មុខ​ជំនួញ​ផងដែរ​នោះ បានធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ។

អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ​បាន​បន្ត​ឱ្យដឹងទៀតថា តម្លៃ​អចលនទ្រព្យ​ដែល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​មួយ​នេះ គឺ​មិន​ស្មើគ្នា​នោះទេ ដែល​វា​ក៏​អាស្រ័យ​ទៅ​តាំ​ម​ទីតាំង តំបន់ ជាពិសេស​គឺ​ទំហំ​និង​ប្រវែង។ ចំពោះ​ផ្ទះល្វែង​ខ្លះ​ដែលមាន​ប្រវែង​ខ្លី និង​មាន​ជាន់​តិច អាច​លក់​ក្នុង​ចន្លោះ​ក្រោម​មួយ​លាន ប៉ុន្តែ​ផ្ទះ​ខ្លះ​មាន​ប្រវែង (Eo, E1, E2) អាច​លក់បាន​ជាង១លាន​ដុល្លារ ឬ​អាច​លើសពីនេះ ប្រសិនបើជា​ប្រភេទ​លំនៅដ្ឋាន​ដែលមាន​ម្ចាស់​ច្រើន​គ្នា។

យ៉ាងណាក៏ដោយ លោកស្រី​តាំង ហួរ ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​តម្លៃ​ទាំងនេះ នៅ​មិនទាន់​ឈានដល់​ចំណុចកំពូល​នៅឡើយ​នោះទេ ដែល​វា​នៅមាន​ឱកាស​ឡើង​ខ្ពស់ជាង​នេះ​បន្តិចទៀត​នៅ​ឆ្នាំ​បន្ទាប់។

ជាមួយគ្នានេះ លោក​វ៉ា វីរៈ នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Fortuna Investment បាន​មានប្រសាសន៍​ឱ្យដឹង​ផងដែរ​ថា មហាវិថី​ព្រះសីហនុ គឺ​ត្រូវបាន​បែង​ចែកចេញ​តំបន់​ផ្សេងគ្នា ដូចជា​ចាប់ពី​ចំណុច​ស្តុ​ប​មន្ទីរពេទ្យ​ចិន (ស្តុ​ប​អាគារ៤២ជាន់) រហូតមកដល់​ចំណុច​ម្ដុំ​រង្វង់​មូល​វិមានឯករាជ្យ ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេង គឺមាន​តម្លៃ​ថ្លៃ ហើយ​ទីតាំង​ខ្លះ​អាច​ថ្លៃ​លើស​តម្លៃ​ដី ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង១ (ផ្លូវ​ខាងក្នុង) ថែម​ទៀតផង ដោយសារតែ​វា​ស្ថិតនៅលើ​មហាវិថី ដែល​អាច​ក្នុងតម្លៃ​ជាង ៦,០០០ដុល្លារ​ឡើងទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ដោយឡែក​ចាប់ពី​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ព្រះ​យុគន្ធរ រហូតដល់​ចំណុច​ស្តុ​ប​វត្ត​មហាមន្ត្រី ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា អាចមាន​តម្លៃ​ទាប​អាច​ក្នុង​ចន្លោះ៤,៥០០ ទៅ៥,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ព្រោះ​នៅ​តំបន់​នេះ​ភាគច្រើន​លំនៅដ្ឋាន ដែលមាន​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ច្រើន។ ប៉ុន្តែ​ចាប់ពី​ស្តុ​ប​វត្ត​មហាមន្ត្រី​រហូតដល់​តំបន់​ស្តុ​ប​អាង​ទឹកអូរ​ឡាំ​ពិ​ក ដែល​ស្ថិតក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក អាចមាន​តម្លៃ​ថ្លៃ​បន្តិច​ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here