ក្រសួង​ដែនដី​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ការគ្រប់គ្រងតំបន់​អភិ​រ័ក្ស​របស់​ជាតិ

0

ដោយ វុត្ថា

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ“វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ” ជូន​ក្រសួងបរិស្ថាន​ចំនួន១៨ប័ណ្ណ ក្នុងនោះ១០ប័ណ្ណ សម្រាប់​សម្គាល់​កម្មសិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល និង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ ពាម​ក្រសោប ខេត្តកោះកុង ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​សរុប៤.៦៧២,៦១ហិកតា និង៨ប័ណ្ណ​សម្រាប់​សម្គាល់​កម្ម​សិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្ត​មណ្ឌល​គី​រី ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប៤៥.៥១៩,២៦ ហិកតា។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ស្តីពី ការចុះបញ្ជី​ដី​រដ្ឋ​នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្តកោះកុង​និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០កន្លងមក​ឱ្យដឹងថា  ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កំពុង​បន្ត​ពិនិត្យ​ចេញ “វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ”សម្រាប់​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ហើយ​ក្រុមការងារ​អនុវត្ត​គម្រោង​បាននិងកំពុង​បន្ត​នីតិវិធី និង​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​ទាំងពីរ ដូចជា ការបិទ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ក្បាលដី ក្នុង​រយៈពេល១៥ថ្ងៃ និង​ការចុះ​ប្រតិបត្តិ​សកម្មភាព​អាទិភាព​នៅ​ទីវាល​ជាក់ស្តែង។

ក្រសួងបរិស្ថាន​បញ្ជាក់​ថា “នេះ​គឺជា​លទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​គាំទ្រ និង​ជំរុញឱ្យមាន​ការចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​ជា​លើកដំបូង ហើយក៏​ឆ្លុះបញ្ចាំង​អំពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​លើ​ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ផងដែរ។

ក្រសួងបរិស្ថាន ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ទទួលបន្ទុក​គ្រប់គ្រង​តំបន់ការពារធម្មជាតិ នឹង​បន្ត​ដកស្រង់​មេរៀន និង​បទពិសោធ​ពី​គម្រោង​នេះ ដើម្បី​កែសម្រួល​នីតិវិធី និង​ជំរុញ​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​ដទៃទៀត​នៅ​ទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here