ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលគ្រោងបោះទុនជាង ៣០០០លានដុល្លារអាមេរិក ក្នុងការពង្រីកនិងស្តារឡើងវិញនូវព្រលានយន្តហោះ ទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឱ្យវិស័យអាកាសចរណ៍កម្ពុជា កាន់តែការតែទំនើប និងអាចឱ្យយន្តហោធុនធំអាចចុះចតបាន។

-->
លោកស៊ិនចាន់ សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០កន្លងមកបានឱ្យដឹងថា ទឹកប្រាក់វិនិយោគជាង៣០០០លានដុល្លារអាមេរិក ក្នុងការពង្រីកវិសាលភាពនៃព្រលានយន្តហោះទាំង៣ ពោលគឺហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់កម្ពុជា។

លោកបន្ថែមថា “ទំហំទុននៃការវិយោគចំណាយលើព្រលានយន្ត នៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ រួមទាំងគម្រោងព្រលានយន្តហោះថ្មីៗផ្សេងទៀត។ អញ្ចឹងយើងគ្រោងចំណាយជាង៣០០០លានដុល្លារអាមេរិក។
ចំណែកលោក ជា អូន រដ្ឋលេខាធិការនៃរដ្ឋលេខាធិកាអាកាសចរណ៍កម្ពុជាបានឱ្យដឹងផងដែរថា រដ្ឋាភិបាលនឹងកំពុងតែដំណើរការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋានជាតិ-អន្តរជាតិចំនួន៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលគ្រប់គ្រងនិងធ្វើទំនើបកម្មអាកាសយានដ្ឋានដោយក្រុមហ៊ុន (SCA)។

លោកបន្តថា ក្រៅពីអាកាសយានដ្ឋានអន្តរជាតិ យើងមានអកាសយានដ្ឋានក្នុងស្រុកមួយចំនួនទៀតដូចជា អាកាសយានដ្ឋានបាត់ដំបង អាកាសយានដ្ឋានស្ទឹងត្រែង អាកាសយានដ្ឋានកោះកុង និងអាកាសយានដ្ឋានប៉ោយប៉ែត។

លោកបន្ថែមទៀតថា គម្រោងអាទិភាពដែលបានដាក់ជូនរាជរដ្ឋាភិបាល តាមរយៈក្រសួងផែនការ មានដូចជា៖
– គម្រោងស្តារនិងកែលម្អអាកាសយានដ្ឋានស្ទឹងត្រែង 4C
– គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី 4E
– គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី 4E
– គម្រោងសាងសង់អាកាសយានដ្ឋានតារាសាគរនៅស្រុកបុទុមសាគរខេត្តកោះកុង 4C
– គម្រោងកែលម្អអាកាសយានដ្ឋានកោះកុង 4C
– គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីថ្មី 3C (ទីតាំងថ្មី)
– គម្រោងសាងសង់អាកាសយានដ្ឋានរតនគីរីថ្មី 3C (ទីតាំងថ្មី)
– គម្រោងសាងសង់អាកាសយានដ្ឋានព្រះវិហារថ្មី 3C (ទីតាំងថ្មី)
– គម្រោងសាងសង់អាកាសយានដ្ឋានប៉ោយប៉ែត
– គម្រោងការសាងសង់មជ្ឈមណ្ឌលឧតុនិយមអាកាសចរស៊ីវិលកម្ពុជា៕