អ្នកជំនាញ​អន្តរជាតិ​ថា​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ផ្តល់ឱកាស​ច្រើន​សំរាប់​ការវិនិយោគ​ផ្សារ​ទំនើប

0

ដោយ វុត្ថា

ភ្នំពេញៈ លោក Michael Vong  នាយក​គ្រប់គ្រង​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ជីប ម៉ុង រី​ថែ​ល​បានឱ្យដឹងថា បច្ចុប្បន្ន​ការលក់ដូរ​ទំនិញ​នៅ​ផ្សារ​ទំនើប មាន​ត្រឹមតែ​ប្រមាណ៣០ភាគរយ​ប៉ុណ្ណោះ ខណៈដែល​ការ​លក់រាយ​នៅតាម​ផ្សារ​ធម្មតា មាន​រហូតដល់៧០ភាគរយ ដែល​នេះ​ផ្ដល់ឱកាស​ច្រើន​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​ផ្សារ​ទំនើប។

លោក Michael Vong  បាន​ប្រាប់​សារព័ត៌មាន​កាលពីពេលថ្មីៗនេះ​ថា ទីផ្សារ​ធំទូលាយ និង​កំណើន​នៃ​នគរូបនីយកម្ម​យ៉ាង​ឆាប់​ហ័ស គឺជា​ការផ្តល់​ឱកាស​ដ៏​ល្អ និង​មាន​ភាព​វិជ្ជមាន សម្រាប់​វិនិយោគិន​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​ក្នុងការ​វិនិយោគ​លើ​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ។

លោក​បាន​ថ្លែងបន្តថា “យើង​នៅមាន​ឱកាស​ច្រើន ដើម្បី​អភិវឌ្ឍន៍​វិស័យនេះ ហើយ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ឱ្យ​អត្រា​ភាគរយ នៃ​ការលក់ដូរ​ក្នុង​ផ្សារ​ទំនើប​នេះ​កើនឡើង។ លោក​បន្តថា “អត្រា​នគរូបនីយកម្ម​របស់​ប្រទេស​កម្ពុជា កើនឡើង​ប្រហែល២០ភាគរយ​ជា​រៀងរាល់ឆ្នាំ ដោយមាន​មនុស្ស​ជាច្រើន​បាន​ផ្លាស់ប្ដូរ​មក​រស់នៅ​ទីក្រុង ដែល​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​រីក​ធំទៅៗ ជាពិសេស​ប្រជាពលរដ្ឋ​ជំនាន់​ថ្មី ដែល​កំពុងតែ​កើនឡើង។

លោក​បន្ថែមថា អាស្រ័យទៅលើ​លក្ខខណ្ឌ​អំណោយផល​ទាំងនេះ នៅក្នុង​រយៈពេល៣ ឬ៥ឆ្នាំ​ទៅមុខ នឹង​អាច​មើលឃើញ​វត្តមាន​ផ្សារ​ទំនើបថ្មីៗ ជាច្រើន​ចាប់កំណើត ជាពិសេស​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ជីប ម៉ុង រី​ថែ​ល​នេះ​តែម្តង។

គម្រោង​ផ្សារ​ទំនើប​ជាច្រើន​នឹង​បន្ត​លេច​រូបរៀង​ឡើង នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​នឹង​ជំរុញឱ្យមាន​ការប្រឈមមុខ នឹង​ការប្រកួតប្រជែង​កាន់​ខ្លាំង​ក្នុង​ទីផ្សារ​ផ្សារ​ទំនើប​មួយ​នេះ ខណៈ​គម្រោង​ផ្សារ​ទំនើបថ្មីៗចំនួន១០គ្រោង​នឹង​បញ្ចប់​សាងសង់​នៅក្នុង​ឆ្នាំ២០២០នេះ។

លោកស្រី អាន សុធី​តា អគ្គនាយិកា​ក្រុមហ៊ុន CBRE Cambodia ធ្លាប់បាន​ឱ្យដឹងថា ការអភិវឌ្ឍ ឬ​ការសាងសង់​ផ្សារ​ទំនើប​នេះ កំពុងមាន​តម្រូវការ​ខ្ពស់ និង​មាន​សក្តានុពល​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​វា​ជោគជ័យ​ឬ​អត់ វា​អាស្រ័យ​លើ​កត្តា​ជាច្រើន  ហើយ​អ្នក​អភិវឌ្ឍន៍​ប្រាកដជា​ដឹង​យ៉ាងច្បាស់ ចំពោះ​ការអភិវឌ្ឍន៍​ផ្សារ​ទំនើប​បែបនេះ។

លោកស្រី​បន្តថា  “ការអភិវឌ្ឍ​គម្រោង​ផ្សារ​ទំនើប បើ​ទោះ​មាន​ច្រើន​យ៉ាងណា​ច្រើនក្តី វា​អាស្រ័យ​លើ​ពេលវេលា ចំណុច​លេចធ្លោ និង​ភាពខុសប្លែក​ពី​គេ ព្រមទាំង​មាន​យុទ្ធសាស្ត្រ​ទាក់ទាញ​អ្នក​ជួល រួម​ជាមួយនឹង​ការគ្រប់គ្រង​បានល្អ ទើប​ទទួលបាន​ជោគជ័យ​ក្នុង​បើក​អាជីវកម្ម​ផ្សារ​ទំនើប​នេះ។

លោកស្រី​អាន សុធី​តា​បាន​បន្ថែ​ថា ការចូលរួមចំណែក​នៃ​ផ្សារ​ទំនើប​ក្នុង​ទីផ្សារ​បន្ថែម​នេះ នឹងធ្វើ​ឱ្យមាន​ការប្រកួត​ប្រជែង​កាន់​ខ្លាំង​ជាង​មុន ដែល​ទាមទារ​ឱ្យ​អ្នកវិនិយោគ​លើ​ផ្សារ​ទំនើប​មាន​អ្វីថ្មីៗសម្រាប់​អតិថិជន។ ផ្សារ​ទំនើប​នឹងមាន​ទីតាំងផ្សេងៗគ្នា​នឹង​ផ្តល់​ភាពងាយស្រួល ហើយ​ប្រជាជន​នឹងមាន​ជម្រើស​កាន់​ច្រើន​សម្រាប់​ការដើរ​ផ្សារ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹង​ដែរ​ថា នៅពេល​មាន​គម្រោង​វិនិយោគ​ផ្សារ​ទំនើប​កាន់តែច្រើន នឹង​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ ដែល​ធ្លាប់តែ​អនុវត្ត​នៅតាម​ផ្សារ​ប្រពៃណី ហើយ​ការបង្កើតឱ្យមាន​ផ្សារ​ទំនើប​នេះ បង្ហាញ​ពី​ប្រទេស​កម្ពុ​ជាមាន​អនាម័យ និង​បង្កើន​ការប្រើប្រាស់​គុណភាព​ទំនិញ ដែល​អាច​ចូលរួម​ថែរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ។

លោក​បន្ថែមថា ការបង្កើតឱ្យមាន​ផ្សារ​ទំនើប​នេះ​ផងដែរ នឹងធ្វើ​ឱ្យមាន​ការប្រកួត​ប្រជែង​កាន់តែច្រើន​ថែមទៀត ក្នុង​ទីផ្សា​ផ្សារ​ទំនើប  តែ​បច្ចុប្បន្ននេះ ផ្សារ​ទំនើប​អី​អន​កំពុងតែ​លេចធ្លោ​ខ្លាំង​ក្នុងចំណោម​ផ្សារ​ទំនើប​ផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here