ក្រសួងដែនដី គ្រោងចំណាយថវិកាជាង ១លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងចំណាយថវិកាប្រមាណជាង១លានដុល្លារ សម្រាប់ការអនុវត្តលើជំហានទី៣ នៃផែនការកសាងសមត្ថភាពគ្រប់គ្រងហានិភ័យចំពោះបរិស្ថាននិងសង្គម ដែលបង្ហាញនៅក្នុងឯកសារស្តីពីក្របខ័ណ្ឌគ្រប់គ្រងបរិស្ថាននិងសង្គម (ESMF) ។

ការអនុវត្តសកម្មភាពគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម គឺជាការទទួលខុសត្រូវរបស់ស្ថាប័នអនុវត្តគម្រោង និងដៃគូទាំងអស់ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្រូវឱ្យមានការជ្រើសរើសអ្នកឯកទេសផ្នែកបរិស្ថាន, អ្នកឯកទេសផ្នែកសង្គម, ទីប្រឹក្សាផ្នែកជនជាតិដើមភាគតិច ដោយផ្នែកនីមួយៗត្រូវមានចំនួនម្នាក់ និងទីប្រឹក្សាគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមមួយចំនួនទៀតនៅថ្នាក់ខេត្ត។

តាមរយៈឯកសារសិក្សាពីគម្រោងបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជំហាន៣ (LASED-III) នឹងបន្តការគាំទ្រសម្បទានដីសង្គមកិច្ច នៅថ្នាក់ឃុំរបស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ស្ថាប័នអនុវត្តទាំងអស់នឹងតែងតាំងមន្ត្រីជនបង្គោលផ្នែកបរិស្ថាន ១នាក់ និងសង្គម ១នាក់។ ក្នុងករណីគម្រោងត្រូវការដីសម្រាប់គម្រោង ដែលតម្រូវអោយអ្នកកាន់កាប់ដីផ្លាស់ទីតាំងដោយមិនមានការស្ម័គ្រចិត្ត, ផែនការដោះស្រាយសំណងលើការផ្លាស់ទីតាំងថ្មីដោយសារគម្រោង (RP) នឹងត្រូវបានរៀបចំទ្បើង និងអនុវត្តដោយអគ្គនាយកដ្ឋាននៃការតាំងទីលំនៅថ្មីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

គម្រោងនេះនឹងត្រួតពិនិត្យតាមដាន និងរាយការណ៍អំពីការអនុវត្តការគ្រប់គ្រង រួមបញ្ចូលទាំងការគ្រប់គ្រងហានិភ័យបរិស្ថាននិងសង្គម ព្រមទាំងព្រឹត្តិការណ៍ប្រែប្រួលនានា ដែលទាក់ទងជាមួយបរិស្ថាន និងសង្គម។ ការត្រួតពិនិត្យការអនុវត្តន៍តាមបទដ្ឋានបរិស្ថាននិងសង្គម នឹងត្រូវចាប់ផ្តើមអនុវត្តនៅមុនពេលវាយតម្លៃគម្រោងនៅពាក់កណ្តាលអាណត្តិ។

អ្វីដែលជាចំណូចសំខាន់ គឺការចំណាយលើការអនុវត្តវិធានគ្រប់គ្រងហានិភ័យចំពោះបរិស្ថាន និងសង្គម (ESMF) មានរួមបញ្ចូលការចំណាយជាក់លាក់ និងចំណាយថវិកាគម្រោងទូទៅមួយនេះ មានប្រមាណ ១ ០៧៨ ០០០ ដុល្លារ ដោយក្នុងនោះថវិកាប្រមាណ ៥០០ ០០០ ដុល្លារ គឺជាប្រាក់ខែសម្រាប់ទីប្រឹក្សាគម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here