តើការវិនិយោគអចលនទ្រព្យតាមបណ្តោយផ្លូវជាតិធំៗមានឱកាសចំណេញបែបណាខ្លះ?

0

ដោយ ហ្សូលី

ភ្នំពេញ៖ ទីតាំងនៃការវិនិយោគអចលនទ្រព្យគឺជារឿងសំខាន់ដែលអ្នកវិនិយោគទុកចំណេញក្តី ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្តីតែងតែសម្លឹងមិនឱ្យរំលងទេ ព្រោះវាគឺជាកត្តាអាទិភាពក្នុងការពិចារណាជាវអចលនទ្រព្យនោះ។ ជាក់ស្តែងនៅក្នុងស្ថានភាព Covid-19 នេះទៀតសោត ដែលអ្នកវិនិយោគទាំងឡាយគួរតែគិតគួរឱ្យល្អិតល្អន់ពីស្ថានភាពភូមិសាស្រ្តបន្ថែមទៀត។ 

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន Era Cambodia បានមានប្រសាសន៍ប្រាប់តាមទូរសព្ទមកគេហទំព័រ Property Area Asia នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០នេះថា «ការវិនិយោគអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិធំៗអាចផ្តល់ឱកាសដល់អ្នកវិនិយោគបានច្រើន ជាក់ស្តែងដូចជាឱកាសទទួលបានផលចំណេញខ្ពស់នៅថ្ងៃអនាគតនៅពេលដែលលក់ចេញវិញ។ មិនតែប៉ុណ្ណោះ បើសិនជាចង់ប្រកបអាជីវកម្មផ្សេងៗវិញនោះ ពិតជាមានភាពងាយស្រួលច្រើនជាងនៅផ្លូវតូចៗ។ »

បន្ថែមពីលើនេះ លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property បានថ្លែងឱ្យដឹងថា អ្នកដែលវិនិយោគអចលនទ្រព្យនៅតាមបណ្តោយផ្លូវធំៗអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសារតែមានចរន្តចរាចរណ៍ចេញចូលជិះកាត់ច្រើន អញ្ចឹងមិនថាតែការសាង់សង់ផ្ទះ អគារខុនដូ គឺមានផលល្អណាស់។ តម្លៃដីធ្លីអាចនឹងឡើងខ្ពស់ ហើយហាងឆេងទៀតសោតក៏នាំមកនូវឱ្យមានតម្លៃល្អផងដែរ។ 

លោកស្រី បានបញ្ជាក់ថា ក្រៅពីនេះ បើសិនជាចង់វិនិយោគលក់ចេញវិញក៏មានភាពលឿនឆាប់រហ័ស ហើយប្រសិនបើមានបំណងចង់ប្រកបអាជីវកម្មវិញគឺពិតជាមានងាយស្រួល។ ឧទាហរណ៍ដូចជា Shop House ផ្ទះប្រកបអាជីវកម្ម ភោជនីយដ្ឋាន ការ៉ាស់ឡាន ការ៉ាសសាំង ជារួមងាយស្រួលប្រកបគ្រប់អាជីវកម្មតែម្តង ម្លោះហើយបានជាតម្លៃដីឬអចលនទ្រព្យនៅតាមផ្លូវនោះ ឡើងថ្លៃបានលឿន។ 

យ៉ាងណាមិញ បើតាមឱ្យដឹងពីលោក ម៉ន សុខា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTrust ធ្លាប់បានមានប្រសាសន៍ថា អចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ ៥១ កំពុងតែត្រូវប៉ាន់ ដោយសារតែនៅលើផ្លូវនេះ មានភាពធំទូលាយ ម្យ៉ាងគឺជាផ្លូវសេដ្ឋកិច្ចមួយផងដែរ ព្រោះនៅតាមបណ្តោយផ្លូវនេះមានរោងចក្រ សហគ្រាសជាច្រើន។ ជាមួយគ្នានេះក៏មានអ្នកវិនិយោគអចលនទ្រព្យ អាចទិញហើយ នឹងទទួលបានឱកាសនៃការចំនេញខ្ពស់ជាងតំបន់ផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here