តម្លៃ​ជួល​អា​ផាត​ម៉ិ​ន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ធ្លាក់ចុះ​ចន្លោះ​ពី៥ ទៅ១០ភាគរយ

0

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកជំនាញ​បានឱ្យដឹងថា តម្លៃ​ជួល​អា​ផាត​ម៉ិ​ន​ដែលជា​ទីផ្សារ​ដ៏​សំខាន់​នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​ធ្លាក់ចុះ​ចន្លោះ​ប្រមាណ៥ ទៅ១០ភាគរយ​នៅក្នុង​ដើមឆ្នាំ ២០២០ ដោយសារ​បង្ករ​ឡើង​ដោយសារ តែ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ និង​ការចាកចេញ​របស់​ប្រជាជន​ចិន។

លោក​ប៉ូ អ៊ា​វ​គង់ អគ្គនាយក​ក្រុមហ៊ុន Advance Real Estate បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី ២០ ខែមេសា​កន្លងមក​ថា ទីផ្សារ​អា​ផាត​ម៉ិ​ន​នៅ​ដើមឆ្នាំ ២០២០នេះ មាន​សភាព​ធ្លាក់ចុះ​ខ្លះ បើ​ធៀប​ទៅនឹង​ឆ្នាំ​ចាស់ ដោយសារតែ​ជំងឺ Covid-19និង​ការចាកចេញ​របស់​ចិន បន្ទាប់ពី​ការបិត​ហ្គេម​អន​ឡាញ​នាពេល​កន្លងមកនេះ។

លោក​បន្តថា បន្ថែម​ពីនេះ​ក៏មាន​ការផ្គត់ផ្គង់​អា​ផាត​ម៉ិ​នថ្មីៗ ដាក់ចូល​នៅក្នុង​ទីផ្សារ​ផងដែរ ដែលជា​កត្តា​ធ្វើឱ្យ​តម្លៃ និង​ការជួល​ធ្លាក់ចុះ រួម​ជាមួយនឹង​តម្រូវការ​ក៏​ធ្លាក់ចុះ​ដែរ​ដែលមាន​ទំហំ១០ ទៅ១៥ ភាគរយ ហើយ​ភាគច្រើន​ជា​តម្រូវការ​របស់​ជន​ជាតិចិន។

លោក​បន្ថែមថា តម្លៃ​ជួល​នាពេល​បច្ចុប្បន្ននេះ ធ្លាក់ចុះ​ចន្លោះ​ប្រមាណ៥ ទៅ ១០ ភាគរយ គ្រប់​ប្រភេទ​នៃ​អា​ផាត​ម៉ិ​ន បើ​ធៀប​នឹង​ឆ្នាំមុន។ ឧទាហរណ៍​បើ​ពីមុន​យើង​អា​ជួល​ក្នុងតម្លៃ១០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ យើង​ទំលាក់​មក​នូវ៨ ០០ ទៅ ៩០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ជាដើម។

លោកស្រី​តាំង ហ៊ួ​រ នាយិកា​ក្រុមហ៊ុន​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service បានឱ្យដឹង​ដែរ​ថា ស្ថានភាព​នៃ​តម្លៃ​ជួល​អា​ផាត​ម៉ិ​ន នាពេល​បច្ចុប្បន្ននេះ មាន​ស្ថានភាព​ធ្លាក់ចុះ ដោយសារ​ម្ចាស់​អា​ផាត​ម៉ិ​ន​ជួល​ឲ្យ​អ្នក​ចំណូល​ថ្មី ព្រោះ​ភ័យខ្លាច​ចំពោះ​ការ​រ​ឆ្លង​ជំងឺ​Covid-19 ។

លោកស្រី​បន្តថា សម្រាប់​អ្នក​ដែល​បាន​ជួល​រួចហើយ អស់​រយៈពេល​ជាច្រើន​ខែ គឺ​នៅ​ដដែល​មិនមាន​ផលប៉ះពាល់​នោះទេ តែ​យ៉ាងណាក៏ដោយ​ទីផ្សារ​មួយ​នេះ នឹង​ងើប​ឡើងវិញ​ក្រោយ​ស្ងប់ស្ងាត់​នូវ​វិបត្តិ Covid-19 ។

ចំណែក លោកស្រី​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹង​ដែរ​ថា  តម្លៃ​នៃ​ការជួល​អា​ផាត​ម៉ិ​ន បាន​ធ្លាក់ចុះ​ប្រមាណ១០ភាគរយ​ដោយសារតែ​ម្ចាស់​អគារ​មួយចំនួន បាន​បញ្ចុះតម្លៃ​ជូន​ដល់​ភ្ញៀវ ។ តែ​សម្រាប់​ម្ចាស់​អា​ផា​មិន​មួយចំនួន ក៏បានផ្តល់​នូវ​អត្ថប្រយោជន៍ផ្សេងៗទៀតផង​ដែរ ជា​វិធីសាស្ត្រ​ល្អជា​ជាង​ការ​បញ្ចុះតម្លៃ។

លោកស្រី​បន្តថា  សម្រាប់​ទីផ្សារ​នាពេល​បច្ចុប្បន្ននេះ​វិញ ហាក់​ពិបាក​ក្នុងការ​ស្វែងរក​ភ្ញៀវ​ជួល ដោយសារ​បង្កឡើង​ដោយ​វីរុស Covid-19  ។ ម្យ៉ាងទៀត ភាគច្រើន​នៃ​ការជួល​អា​ផាត​ម៉ិ​ន​ជា​ជនបរទេស ហើយ​ពួកគេ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ដែល​ធ្វើឱ្យ​ធ្លាក់ចុះ​នៃ​ការជួល ក៏ដូចជា​ការ​ស្នាក់​នៅក្នុង​អាគារ​មានការ​ថយចុះ។

បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន CBRE Cambodia បាន​បង្ហាញថា ចំនួន​អា​ផាត​ម៉ិ​ន​កើនឡើង២៣៤យូ​នី​ត ស្មើនឹង២,៧២៥យូ​នី​ត​នៅក្នុង​ឆមាស​ទី៤ ឆ្នាំ ២០១៩ កើនឡើង២៨ភាគរយ បើ​ធៀប​នឹង​នៅ​ត្រីមាស​ទី៤ ឆ្នាំ ២០១៨ ខណៈ​អគារ​អា​ផាត​ម៉ិ​ន​ថ្មី​ចំនួន៣ បានបញ្ចប់​ការសាងសង់​នៅ​ឆមាស​ទី២ នៃ​ឆ្នាំ ២០១៩ រួមមាន​អាគារ​អា​ផាត​ម៉ិ​ន Grade A ចំនួន១ អាគារ និង​Grade B ចំនួន២ អាគារ។

នៅ​ឆ្នាំ២០២០ ខណ្ឌដូនពេញ និង​ទួលគោក បាន​ត្រៀមខ្លួន​ទទួល​ចំណែក​ផ្គត់ផ្គង់​កាន់តែច្រើន​លើ​វិស័យ​អា​ផា​ម៉ិ​ន ជាពិសេស​ប្រតិបត្តិ​ករ​អន្តរជាតិ​ពេញចិត្ត នឹង​ទីតាំង​ដែល​នៅ​ជិត​នឹង​តំបន់​ពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here