តើជនជាតិខ្មែរដែលទិញខុនដូភាគច្រើនទុកសំរាប់វិនិយោគឬទុកស្នាក់នៅខ្លួនឯង?

ចែករំលែក

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅដើមឆ្នាំ២០២០នេះ បើទោះជាបញ្ហានៃវិបត្តិជំងឺCovid-19 បានធ្វើការគំរាមកំហែង និងប៉ះពាល់ទៅលើវិស័យជាច្រើននៅកម្ពុជា ប៉ុន្តែសម្រាប់ទីផ្សារខុនត្រូវបានអ្នកជំនាញនៅក្នុងផ្នែកមួយនេះអះអាងថា នៅតែបន្តរក្សាបានភាពវិជ្ជមាន ខណៈដែលតម្រូវការទីផ្សារអតិថិជនជាតិខ្មែរ និងមាននិន្នាការក្នុងការទិញក្នុងទិសដៅផ្សេងគ្នា។


អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ លោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិCentury21 Advance Property បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ដោយទទួលស្គាល់ថា តម្រូវការទីផ្សារខុនដូនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាជនជាតិខ្មែរ ច្រើនជាងបរទេ​ស ខណៈដែលអ្នកអភិវឌ្ឍន៍ ក៏បានបង្វែរទិសដៅចាប់យកអតិថិជនក្នុងស្រុកជាចម្បង។

លោកបញ្ជាក់ថា “អ្នកទិញខុនដូបច្ចុប្បន្ននេះ ជាជនជាតិខ្មែរច្រើនជាងបរទេស ប៉ុន្តែតម្រូវការរបស់ពួកគាត់ ដែលជាអ្នកក្នុងស្រុកនេះ ក៏មានកម្រិតគុណភាពនិងតម្លៃខុសពីទីផ្សារមកពីក្រៅស្រុកដែរ”។ លោកបានបន្តទៀតថា “ប្រភេទខុនដូដែលជាតម្រូវការជនជាតិខ្មែរ គឺស្ថិតនៅក្នុងតម្រិតមធ្យម និងសមរម្យ ដែលមានតម្លៃទាបចាប់ពីជាង៧ម៉ឺនដុល្លារចុះក្រោម ដែលតម្លៃនេះមិនអាចទិញផ្ទះជាប់ដីនៅក្នុងក្រុងបាននោះទេ”។

ពាក់ព័ន្ធទៅនឹងនិន្នាការនៃការទិញរបស់ជនជាតិខ្មែរ ដែលកំពុងតែមានទីផ្សារនៅពេលបច្ចុប្បន្ននេះ ត្រូវបានអ្នកជំនាញអះអាងថា មាន២ប្រភេទគឺ ការទិញដើម្បីទុកវិនិយោគយកចំណេញបន្ត និងការទិញដើម្បីបំពេញនូវតម្រូវការចាំបាច់ជាក់ស្ដែង និងចាំបាច់។

លោកឡុង គឹមសួគ៌ បានបញ្ជាក់ថា មានអតិថិជនតិចតួច បានទិញក្នុងគោលបំណ​ងចង់ទុកវិនិយោគបន្តដោយការដាក់ជួល ឬអ្នកខ្លះលក់បន្តយកចំណេញដុលតែម្ដង ប៉ុន្តែអតិថិជនមួយក្រុមទៀតនោះ គឺទិញដើម្បីបំពេញតម្រូវការចាំបាច់របស់ពួកគាត់ ហើយក៏ជាមនុស្សដែលមានវ័យកណ្តាល ឬអ្នកដែលបន្តការសិក្សានៅមហាវិទ្យា ក៏ដូចជាអ្នកដែលទើបតែមានគ្រួសារមិនទាន់មានសមាជិកច្រើន ដែលត្រូវបម្រើការងារ និងអាជីវកម្មនៅក្នុងក្រុង។


នាយិកាប្រចាំប្រទេសក្រុមហ៊ុនCBRE Cambodia លោកស្រី អាន សុធីតាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា “វិស័យខុនដូនៅកម្ពុជា ត្រូវបានអ្នកអភិវឌ្ឍន៍ធ្វើឡើងជា៣កម្រិត រួមមានកម្រិតខ្ពស់ សម្រាប់បំពេញតម្រូវការទៅផ្សារមកពីក្រៅស្រុក (ទីផ្សារជនបរទេស) ខុនដូកម្រិតមធ្យម និងកម្រិតសមរម្យ សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកដែលជាជនជាតិខ្មែរ។ ជាក់ស្ដែង ទោះជានៅក្នុងដំណាក់កាលនៃការវាយប្រហារដោយជំងឺឆ្លងCovid-19 ដែលបានធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា មួយចំណែក ប៉ុន្តែសម្រាប់ការវិនិយោគលើវិស័យខុនដូកម្រិតមធ្យម និងកម្រិតសមរម្យ គឺនៅតែមានឱកាសដដែល។

លោកស្រីបានបន្តទៀតថា “ហេតុផលនៃតម្រូវការខុនដូតម្លៃមធ្យម និងតម្លៃសមរម្យ ដោយសារតែតម្លៃធូថ្លៃ ស័ក្ដិសមនឹងលទ្ធភាពពួកគាត់អាចទិញបាន ស្ថិតនៅក្នុងក្រុងដែលងាយស្រួលក្នុងការបំពេញការងារ និងប្រកបអាជីវកម្ម”។លោកស្រីបន្តថា “ភាពល្អប្រសើរនេះ រួមផ្សំជាមួយនឹងគោលការណ៍នៃការទិញ–លក់ មានភាពល្អប្រសើរ ដូចជាការបង់រំលោះ និងការធានាជួលត្រឡប់ពីសំណាក់ក្រុមហ៊ុនជាដើម”។

ម៉្យាងវិញទៀត ពួកគាត់បានសំឡឹងពីអត្ថប្រយោជន៍ ទៅថ្ងៃអនាគតដែលទីក្រុងនឹងកាន់តែរីកចម្រើន អភិវឌ្ឍន៍ខ្លាំង កាន់តែជម្រុញឱ្យតម្លៃខុនដូឡើងខ្ពស់ ផ្តល់ឱកាសចំណេ​ញដល់ពួកគេច្រើន៕


ចែករំលែក