អចលនទ្រព្យ​តម្លៃ​មធ្យម​នៅតែមាន​តម្រូវការ​ខ្ពស់​ទាំង​ផ្នែក​លំនៅដ្ឋាន​ជាប់​ដី និង​ខុន​ដូ

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ ទីផ្សារ​លំនៅដ្ឋាន និង​អាគារ​បែប​សហកម្ម​សិ​ទ្ធិ ដែលមាន​តម្លៃ​មធ្យម​នៅតែមាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ។ នេះ​បើតាម​ការសិក្សា​មួយ។

យោងតាម​ការស្ទង់មតិ​អចលនទ្រព្យ​ឆ្នាំ២០១៩ របស់ Realestate.com.kh ក្នុងចំណោម​អ្នកផ្តល់​ចម្លើយ​ជាង ២០០០​នាក់​​បាន​បង្ហាញថា ប្រហែល ៤០ភាគរយ នៃ​អ្នកផ្ដល់​ចម្លើយ​ទាំងអស់ ចាប់អារម្មណ៍​ចង់​ទិញ​ផ្ទះ​តម្លៃ​ក្រោម ៥ម៉ឺន​ដុល្លារ និង​មាន ២៦% ចាប់​អា​ម្មណ៍​ទិញ​ផ្ទះ​តម្លៃ ៥០០០០ ទៅ ៧៥០០ដុល្លារ។

លោកស្រី​អាន សុធី​តា​នា យិ​កា​ក្រុមហ៊ុន CBRE Cambodia បាន​លើកឡើងថា ខុន​ដូ​តម្លៃ​សមរម្យ​មានតម្លៃ​ចន្លោះ​ពី​១,២០០ ដុល្លារ ទៅ១,៥០០ដុល្លារ​ឡើងទៅ ក្នុង​មួយ​ម៉ែត្រការ៉េ និង​ខុន​ដូ​ថ្នាក់កណ្តាល​មានតម្លៃ​ពី ១,៥០០ ទៅ ២,៥០០​ដុល្លារ ជាង​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ខុន​ដូ​តម្លៃ​ខ្ពស់​មានតម្លៃ​ចាប់ពី ៣,០០០ដុល្លារ/ម៉ែត្រការ៉េ។

យោងតាម​របាយការណ៍​របស់ CBRE Cambodia ឆ្នាំ២០២០ នេះ​វិញ CBRE Cambodia រំពឹងថា ទីផ្សារ​ខុន​ដូ នឹង​កើនឡើង ៥៥ភាគរយ ក្នុងនោះ​ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ (affordable) មាន​ភាព​ទាក់ទាញ​ខ្លាំងជាងគេ​ក្នុងចំណោម​អតិថិជន​ក្នុងស្រុក។

ចំណែក​បើ​និយាយ​អំពី​តម្លៃ​ផ្ទះ​ទូទៅ​វិញ មិន​ថា វីឡា ឬ​ផ្ទះ​ក្នុង​បុរី​នោះទេ គឺ​នៅ​មិនទាន់​ឈានដល់​កម្រិត​ខ្ពស់បំផុត​នៅឡើយ ស្រប​ពេលដែល​តម្រូវកា​រ​សរុប​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មាន​ប្រមាណ​ជាង៨០ម៉ឺន​ខ្នង គិត​ចាប់ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣០ ពោលគឺ​ប្រមាណ​ជាង៥ម៉ឺន​ខ្នង​ក្នុងមួយឆ្នាំៗ នេះ​បើ​យោងតាម​ការសិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

លោក​ឧកញ៉ា​លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​បាន​ទទួលស្គាល់ថា ទីផ្សារ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នៅតែមាន​តម្រូវការ​ខ្ពស់ និង​ងាយ​លក់​ចេញ​ជាង​លំនៅដ្ឋាន​ដែលមាន​តម្លៃ​ថ្លៃ ប៉ុន្តែ​មិនមែន​មានន័យថា លំនៅដ្ឋាន​មានតម្លៃ​ថ្លៃ​លក់​មិន​ចេញ​នោះទេ វា​អាស្រ័យ​លើ​ទីតាំង និង​គំរោង​និមួយៗ ដែល​អ្នក​អភិវឌ្ឍន៍​បាន​សាងសង់ឡើង។

លោក​បន្តថា “ការអភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​សមរម្យ មិនអាច​ធ្វើបាន​នៅ​តំបន់​ដែល​ដី​មានតម្លៃ​ខ្ពស់​នោះទេ ប៉ុន្តែ​ការរីកចម្រើន​និង​ការពង្រីក​ក្រុង បានផ្តល់​ឳ​កាស​ឲ្យ​អ្នក​អភិវឌ្ឍន៍​អាច​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​បាន សំរាប់​តំបន់​ជាយក្រុង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here