ដោយ ហ្សូលី
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបង្ហើបឱ្យដឹងថា ការទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមមានការងើបឡើងវិញនូវចរាចរណ៍ទិញ-លក់ ក្នុងចុងខែមេសានេះ បើទោះបីជាកម្ពុជាកំពុងប្រឈមទៅនឹងវិបត្តិសកលលោកគឺ ជំងឺកូរ៉ូណា ឬ Covid-19 ក៏ដោយ។

ដោយ ហ្សូលី
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបង្ហើបឱ្យដឹងថា ការទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមមានការងើបឡើងវិញនូវចរាចរណ៍ទិញ-លក់ ក្នុងចុងខែមេសានេះ បើទោះបីជាកម្ពុជាកំពុងប្រឈមទៅនឹងវិបត្តិសកលលោកគឺ ជំងឺកូរ៉ូណា ឬ Covid-19 ក៏ដោយ។

លោក ម៉ន សុខា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTrust បានថ្លែងប្រាប់គេហទំព័រ Property Area Asia នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០នេះថា «អចលនទ្រព្យនៅកម្ពុជាបើគិតនៅចុងខែមេសានេះ សង្កេតឃើញថាចរន្តទិញ-លក់របស់ប្រជាជនកម្ពុជាហាក់បីដូចជាមានភាពកក្រើកឡើងវិញដែលខុសកាលពីខែមីនា និងដើមខែមេសា។»
លោកបន្តថា ការងើបឡើងវិញនេះគឺមកពីកត្តាមួយចំនួន ទី១ ដោយសារតែអត្រានៃអ្នកជំងឺកូវីដ១៩ បានជាសះស្បើយច្រើន ព្រោះរដ្ឋាភិបាលកម្ពុជាបានដាក់បម្រាមជាច្រើនដោយប្រជាជនខ្មែរមិនបានទៅស្រុកនោះឡើយ។ ទី ២ នៅពេលដែលប្រជាពលរដ្ឋមិនបានទៅស្រុកបែបនេះ លុយរបស់គាត់ត្រូវបានសល់ អញ្ចឹងនៅពេលសល់បែបនេះ គាត់អាចយកលុយមកវិនិយោគនៅអចលនទ្រព្យនេះវិញ ដូច្នេះទើបចរន្តទិញ-លក់ ចាប់មានភាពប្រសើរឡើងវិញ។
បន្ថែមពីនេះ អគ្គនាយកក្រុមហ៊ុន Utrust រូបនេះបានរៀបរាប់ថា បើតាមការសង្កេតឃើញរបស់លោកឃើញថា ការទិញលក់បុរី ផ្ទះ វីឡា និងដីឡូតិ៍ មានចរន្តកើនឡើងឡើងវិញ មានអតិថិជនចេញចូលជាហូរហែទៅតាមទីស្នាក់ការក្រុមហ៊ុននិមួយៗ មានការចុះកិច្ចសន្យាជាហូរហែ។

ចំណែកឯលោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA ធ្លាប់បានមានប្រសាសន៍ថា «ជាធម្មតាភ្ញៀវមួយចំនួនរង់ចាំឱ្យស្ថានភាពប្រសើរឡើង ភ្ញៀវក៏គាត់ចាប់ផ្តើមឆ្លៀតមើលឱកាសវិនិយោគដូចគ្នាដែរ។ ចរន្តទិញ-លក់នៅតែមានជាបន្តបន្ទាប់ ប៉ុន្តែអាស្រ័យលើគម្រោងដែរ ជាក់ស្តែងដូចខ្ញុំដែលកាន់ខាងខុនដូគឺនៅតែមានលក់ជារៀងរាល់ថ្ងៃ។»
ជាមួយការលើកឡើងស្រដៀងគ្នានេះ លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property បានឱ្យដឹងថា យើងមានដំណឹងល្អហើយ ព្រោះថាមានសញ្ញាល្អហើយ ព្រោះ Covid-19 នេះគ្រាន់តែជាសេដ្ឋកិច្ចធ្លាក់ចុះ មិនមែនជាបញ្ហាធ្វើឱ្យមានសំណង់បាក់បែក ដែលតម្រូវឱ្យប្រើពេលយូរក្នុងការសាងសង់ឡើងវិញនោះទេ ដូច្នេះអ្វីៗវានឹងត្រឡប់មកវិញធម្មតា នឹងមានដំណើរការដូចដើម។
យ៉ាងណាមិញ អ្នកជំនាញមិនបានបង្ហាញពីការព្យាករណ៍ពីពេលវេលាជាក់លាក់នៃការដំណើរការអចលនទ្រព្យ ១០០ភាគរយ ឬការត្រឡប់មករកសភាពដើមទាំងស្រុងវិញនោះឡើយ ប៉ុន្តែអ្នកជំនាញសង្កេតឃើញថា អចលនទ្រព្យនៅកម្ពុជាមានភាពប្រសើរឡើងក្នុងមួយរយៈចុងក្រោយនៃចុងខែមេសានេះ៕