ដុល្លារូបនីយកម្មរួមចំណែក ៨,៥ភាគរយក្នុងការជំរុញកំណើនសេដ្ឋកិច្ច

0

ដោយ គង់ សូរិយា

ភ្នំពេញ ដុល្លាររូបនីយកម្មបានចូលរួមចំណែកជាវិជ្ជមាន ដល់ការរីកចម្រើនសកម្មភាពសេដ្ឋកិច្ចកម្ពុជា ដោយក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ រូបិយប័ណ្ណនេះបានរួមចំណែក៨,៥ភាគរយ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាស្តីពី សារៈសំខាន់នៃប្រាក់រៀលសម្រាប់កម្ពុជាបានបង្ហាញថា មកដល់បច្ចុប្បន្នដុល្លាររូបនីយកម្ម បានចូលរួមចំណែកជាវិជ្ជមានដល់ការរីកចម្រើន សកម្មភាពសេដ្ឋកិច្ចកម្ពុជា ដែលមានកម្រិតមធ្យមប្រមាណ៨,៥ភាគរយ នៅក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ក្នុងនោះល្បឿនកំណើនដែលគួរឲ្យកត់សម្គាល់នេះ ត្រូវបានជម្រុញការវិនិយោគផ្ទាល់ពីបរទេស ការនាំចេញ និងសមាហរណកម្ម យ៉ាងឆាប់រហ័សទៅក្នុងតំបន់ និងពិភពលោក។

របាយការណ៍នេះបានបង្ហាញថា ខណៈកម្ពុជាកំពុងក្លាយទៅជាប្រទេសមានចំណូលមធ្យម កម្រិតដុល្លារូបនីយកម្មខ្ពស់ បានធ្វើឲ្យកម្ពុជារងនូវឥទ្ធិផលពីខាងក្រៅ ហើយប្រឈមនិងហានីភ័យជាចម្បងៗ ដែលអាចធ្វើឲ្យប៉ះពាល់ដល់កំណើន សេដ្ឋកិច្ចកម្ពុជាផងដែរ។

របាយការណ៍ដដែលបានសង្កាត់ធ្ងន់ថា កម្ពុជាចាំបាច់ត្រូវបង្កើនភាពឯករាជ្យ ពីការប្រើប្រាស់រូបិយប័ណ្ណ ដើម្បីធ្វើឲ្យលទ្ធភាពនៃការគ្រប់ គ្រង់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងនោះដោយយល់ឃើញពីសារៈសំខាន់ នៃតួនាទី រូបិយប័ណ្ណជាតិក្នុងការជម្រុញសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍យុទ្ធសាស្រ្តជម្រុញ ការប្រើប្រាស់ប្រាក់រៀល ដូច បានចែងក្នុងយុទ្ធសាស្រ្តចតុកោណ និងយុទ្ធអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជាក់ស្តែងរាជរដ្ឋាភិបាលបានជម្រុញការបង់ពន្ធ បង់ ថ្លៃទឹកភ្លើង ត្រូវធ្វើឡើងជាប្រាក់រៀល រួមនឹងការរក្សារតម្លៃប្រាក់ររៀល តាមរយៈការធ្វើឲ្យអត្រាប្តូរប្រាក់មានស្ថិរភាពជាដើម។

ទោះជាយ៉ាងណាមានប្រតិកម្មចម្រុះ ទាក់ទងនឹងភាពវិជ្ជមាន និងអវិជ្ជមានលើដុល្លារូបនីយកម្មនៅកម្ពុជា។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការប្រើប្រាស់ប្រាក់ដុល្លារនៅកម្ពុជាមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែភាពអវិជ្ជមានអាចមានច្រើន ដោយសារកម្ពុជានាំចេញដោយប្រើ​ប្រាស់ប្រាក់ដុល្លារ ហេតុនេះនៅពេលប្រាក់ដុល្លារឡើងថ្លៃ នឹងធ្វើឲ្យទំនិញកម្ពុជា​មានតម្លៃថ្លៃ និងពិបាកក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃទៀត។

លោកបន្តថា “ទោះជាការចចរាចរណ៍ប្រាក់ដុល្លារ នៅកម្ពុជាមានចំនុចវិជ្ជ​មានច្រើនក្តី ប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យមានការធ្វើបដិដុល្លារនីយកម្មបន្តិចម្តងៗ ដើម្បី ប្រាក់របស់ជាតិមានស្ថិរភាព និងជាការលើកកំពស់មោទនភាពជាតិ”។

ទោះជាយ៉ាងណាអ្នកវិនិយោគតៃវ៉ាន់ ដែលបានវិនិយោគគំរោង TK Royal One នៅកម្ពុជាលោក Chenyi Liu បានថ្លែងថា ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅកម្ពុជា ជាចំណូចវិជ្ជមាន ដោយសារយើងមានភាពកក់ក្តៅ និងមានទំនុកចិត្តនូវការចរាចរណ៍ប្រាក់ដុល្លារនៅកម្ពុជា ប៉ុន្តែយ៉ាងណាវាមិនមែនជាផ្នែក​តែមួយ ដែលបានទាក់ទាញអ្នកវិនិយោគបរទេស មកវិនិយោគនៅកម្ពុជានោះទេ?។

លោកបន្តថា “ការចរាចរណ៍ប្រាក់ដុល្លារយ៉ាងសកម្ម និងទូលំទូលាយនៅក្នុងទីផ្សារនៅទីនេះ ពិតជាល្អប្រសើរ ដែលធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត”។

អគ្គនាយកក្រុមហ៊ុន WTC Phnom Penh លោក KAZUYA URATA បានយល់ស្របនឹងការវិនិយោគរបស់ជនជាតិតៃវ៉ាន់ ដោយលោកបានថ្លែងថា ការអនុញ្ញាត្តឲ្យមានការចរាចរ ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅកម្ពុជា ពិតជាផ្នែក​មួយយ៉ាងសំខាន់ ក្នុងការផ្តល់ឲ្យអ្នកវិនិយោគមានទំ​នុកចិត្ត និងមានភាពកក់ក្តៅ នៅក្នុងទីផ្សារនេះ ប៉ុន្តែការមានច្បាប់វិនិយោគដ៏ល្អ កំណើនសេដ្ឋកិច្ចល្អ និងការអនុញ្ញាត្តឲ្យជនបរទេស មានសិទ្ឋិបោះទុនវិនិយោគ១០០ភាគរយ ក៏ជាផ្នែកដ៏សំ​ខាន់ ដែលបាននិងកំពុងទាក់ទាញអ្នកវិនិយោគជាច្រើនមកកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here