ដោយៈរ៉ា ណេត
ភ្នំពេញៈ ជាមួយនឹងការអបអរសាទរ ទៅនឹងលទ្ធផលដ៏ល្អនៃការធ្លាក់ចុះចំនួនអ្នកឆ្លងជំងឺ Covid-19 ក្រោមវិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងយ៉ាងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាល អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីភាពរីករាយ ជាមួយនឹងការរំពឹងទុកពីចរន្តទីផ្សារអចលនទ្រព្យ នឹងមានសកម្មភាពឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

-->
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ការរាតត្បាតនៃជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសាកល ដែលក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងនូវឥទ្ធិពលអវិជ្ជមាន រាប់ទាំងវិស័យអចលនទ្រព្យផងដែរ។
លោកស្រីបានបន្តទៀតថា “ការទិញលក់អចលនទ្រព្យនៅពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា នៅតែបន្តមាន ប៉ុន្តែមានចំពោះតែគម្រោងតូចៗ ឫជាប្រភេទសំណង់លំនៅដ្ឋានតែប៉ុណ្ណោះ។ លោកស្រីបានបន្តទៀតថា “ភាពស្ងប់ស្ងាត់នៃការឆ្លងរាលដាលជំងឺ Covid-19 ប្រមាណមួយសប្ដាហ៍កន្លងទៅនេះ វាគឺជាសញ្ញាល្អសម្រាប់ប្រទេសជាតិកម្ពុជាទាំងមូល ក៏ដូចជាសុខសុវត្ថិភាពរបស់ប្រជាជនផងដែរ។
លោកស្រីតាំង ហួរបានបន្តថា ប្រសិនបើកម្ពុជានៅតែអាចរក្សា បាននូវភាពល្អប្រសើរនៃលទ្ធផល ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺដូចពេលនេះ មិនយូរទៀតនោះទេ វិស័យធំៗមួយចំនួននៅកម្ពុជា ជាពិសេសទីផ្សារអចលនទ្រព្យ ក្នុងស្រុកនឹងចាប់ផ្តើមមានសកម្មភាពឡើងវិញជាក់ជាមិនខាន ស្របពេលដែលទីផ្សារក្នុងតំបន់ដ៏របស់កម្ពុជា គឺប្រទេសចិន ចាប់ផ្តើមមានសកម្មភាពទីផ្សារពាណិជ្ជកម្មជាបណ្តើរៗ ហើយនឹងអាចឈានដល់ការចាកចេញ ពីប្រទេសរបស់ខ្លួនបន្តសកម្មភាពជំនួញ និងវិនិយោគនៅតាមប្រទេសដែលមានសុវត្ថិភាព ដែលក្នុងនោះទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជា ជាគោលដៅចម្បងរបស់ពួកគេ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា CREA លោក ឃាង ពុទ្ធី បានបង្ហាញពីក្ដីសាទរ ចំពោះលទ្ធផលនៃការទប់ស្កាត់ការរាតត្បាត នៃជំងឺឆ្លង Covid-19 ក្រោមវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលថា “ច្បាស់ណាស់ថា នៅពេលដែលបញ្ហានៃវិបត្តិជំងឺមួយនេះ បានស្ងប់ស្ងាត់ឬផុតរលត់អស់ទៅ វិស័យមួយចំនួននៅកម្ពុជា នឹងចាប់ផ្តើមមានសកម្មភាពឡើងវិញ ដែលក្នុងនោះចរន្តនៃការទិញអចលនទ្រព្យក៏កម្រើកឡើងវិញ ប៉ុន្តែបានត្រឹមតែចរន្តទីផ្សារ និងតម្រូវការក្នុងស្រុកតែប៉ុណ្ណោះ។

លោកបន្តទៀតថា “ថ្វីត្បិតយើងទទួលបានលទ្ធផលល្អប្រសើរ ពីការទប់ស្កាត់ការឆ្លងរាលដាល ប៉ុន្តែទាំងអស់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលទប់ស្កាត់នៅឡើយ ដែលចាំបាច់តម្រូវឱ្យប្រជាជនទូទៅ មានការប្រុងប្រយ័ត្នខ្ពស់បន្តទៀត ជៀសវាងការធ្វេសប្រហែសខ្លួនជាដាច់ខាត។ លោកបានបញ្ជាក់ថា “មិនចំពោះតែវិស័យអចលនទ្រព្យ ឬវិស័យដទៃទៀតនោះទេ សកម្មភាព និងភាពល្អប្រសើរនឹងវិលត្រឡប់មកវិញ បន្ទាប់ពីភាពប្រឈមនឹងវិបត្តិសាកលមួយនេះត្រូវបានឆ្លងផុត។

លោកបានបញ្ជាក់ថា នៅពេលដែលមនុស្សមានសុខភាពល្អ សង្គមជាតិមានសុខសុវត្ថិភាពល្អ នោះសេដ្ឋកិច្ចជាតិទាំងមូល ក៏មានភាពល្អប្រសើរ និងរីកចម្រើនដូចគ្នា ដូច្នេះអ្វីដែលចាំបាច់ក្នុងការអនុវត្តទាំងអស់គ្នា គឺការចូលរួមទប់ស្កាត់ការរាតត្បាតជំងឺសាកលមួយនេះ ជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា ដើម្បីទទួលបានភាពជោគជ័យទាំងអស់គ្នា៕