ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ចាប់តាំងពីដើមឆ្នាំ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជា បានជួបនឹងឱនភាពដោយសារតែបញ្ហាប្រឈមវិបត្តិជំងឺសាកល។ ប៉ុន្តែសម្រាប់ចរន្តនៃការទិញលក់ក្នុងស្រុកនៅតែមានសកម្មភាព ខណៈដែលអ្នកមានធនធានមួយចំនួនបានចាត់ទុកថា ព្រឹត្តិការណ៍សង្គមមួយនេះ គឺជាឱកាសរបស់ខ្លួនក្នុងការវិនិយោគដើម្បីទទួលបានចំណេញក្រោយពេលភាពប្រឈមមួយនេះត្រូវបានផុតរលត់ទាំងស្រុង។

-->
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅក្នុងដំណាក់កាលនេះគម្រោងអចលនទ្រព្យធំៗកំពុងតែរងសម្ពាធ ដោយសារតែអ្នកវិនិយោគ និងអភិវឌ្ឍន៍ភាគច្រើនជាជនជាតិបរទេស ដែលកំពុងតែស្ថិតក្នុងប្រទេសប្រឈមខ្ពស់នឹងវិបត្តិជំងឺឆ្លង ប៉ុន្តែសម្រាប់គម្រោងតូចៗ ជាពិសេសទីផ្សារដីធ្លីដែលមានទំហំតូច និងមធ្យមនៅតាមតំបន់ជាយក្រុង និងតាមខេត្តមួយចំនួននៅតែមានសកម្មភាព។
លោកស្រីបានបញ្ជាក់ថា “តំបន់ជាយក្រុងរាជធានីភ្នំពេញ ជាពិសេសនៅប៉ែកខាងត្បូង ស្ថិតក្នុងខណ្ឌដង្កោ និងខាងកើតស្ថិតក្នុងខណ្ឌជ្រោយចង្វារ នៅតែបន្តមានសកម្មភាពទិញ-លក់។ ដោយឡែកសម្រាប់តាមបណ្តាខេត្ត ដូចជាខេត្តកំពង់ស្ពឺតាមបណ្តោយផ្លូវជាតិលេខ៤ ខេត្តកំពត ខេត្តកោះកុង និងព្រះសីហនុ ក៏នៅតែបន្តមានសកម្មភាពផងដែរ ប៉ុន្តែសម្រាប់តម្លៃគឺមានភាពខុសគ្នាអាស្រ័យទៅតាមទីតាំង និងស្ថានភាពដី”។
លោកស្រី តាំង ហួរ បានមានប្រសាសន៍បន្តទៀតថា “នៅក្នុងស្ថានភាពនេះ បើទោះជាតម្លៃទីផ្សារអចលនទ្រព្យ ក៏ដូចជាវិស័យដីធ្លីមិនមានការឡើងថ្លៃ ប៉ុន្តែវាក៏មិនធ្លាក់ចុះនោះដែរ ហើយសម្រាប់អ្នកដែលមានធនធាន និងលំហូរសាច់ប្រាក់គ្រប់គ្រាន់ អាចមានឱកាសច្រើនក្នុងការទិញទុក និងលក់បន្តយកចំណេញក្រោពេលវិបត្តិនៃជំងឺសាកលមួយនេះត្រូវបានផុតរលត់ ជាពិសេសនៅតាមតំបន់សំខាន់ៗដែលស្ថិតនៅជាយរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចដែលបានលើកឡើងខាងលើ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance Property លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ថា មិនថាតំបន់ជាយក្រុង ឬនៅតាមបណ្តាខេត្តនោះទេ អត្រានៃការទទួលបានចំណេញគឺសុទ្ធតែមានឱកាសដូចគ្នា។
លោកបានបញ្ជាក់ថា “តម្លៃអចលនទ្រព្យ ឡើងនៅពេលមានការគម្រោងអភិវឌ្ឍន៍ ដូច្នេះ មិនថាស្ថិតនៅក្នុងក្រុង ជាយក្រុង ឬនៅតាមបណ្តាខេត្តណាមួយនោះទេ សំខាន់ឱ្យតែស្ថិតនៅក្នុងតំបន់ដែលមានគម្រោងអភិវឌ្ឍន៍ពិតប្រាកដ អត្រាឡើងថ្លៃគឺមានខ្ពស់”។
លោកបានមានប្រសាសន៍បន្តទៀតថា “តំបន់ណាដែលមានគម្រោងអភិវឌ្ឍន៍កាន់តែច្រើន និងមានល្បឿនលឿន សន្ទុះនៃការឡើងថ្លៃគឺកាន់តែខ្ពស់ ដូច្នេះសម្រាប់អ្នកដែលមានលុយ ហើយចង់វិនិយោគនៅក្នុងវិស័យនេះ មុនពេលសម្រេចចិត្តត្រូវសិក្សាទៅលើស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់ និងការសិក្សាពីគម្រោងអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ បើមិនចឹងទេ ទោះជាចំណាយលុយទិញដីរាប់សិបហិកតាទុករហូតដល់១០ ឆ្នាំ ភាគរយនៃការទទួលបានប្រាក់ចំណេញគឺនៅតែមានអត្រាទាប”៕
