អ្នកជំនាញ​អះអាងថា​ការទិញ​អចលនទ្រព្យ​តាមរយៈ​ក្រុមហ៊ុន​ភ្នាក់ងារ​មានឱកាស​ចំណេញ​ច្រើនជាង​ទិញ​ជាមួយ​អ្នក​អភិវឌ្ឍន៍

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មានការ​លើកឡើងថា ការទិញ​អចលនទ្រព្យ​តាមរយៈ​ភ្នាក់ងារ គឺមាន​តម្លៃ​ថ្លៃ​ជាង​ការទិញ​ពី​អ្នក​អភិវឌ្ឍន៍​ដោយផ្ទាល់ ខណៈដែល​អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​អះអាងថា ការទិញ​អចលនទ្រព្យ​តាមរយៈ​ក្រុមហ៊ុន​ភ្នាក់ងារ ដែលមាន​ជំនាញ​ត្រឹមត្រូវ​មានឱកាស​ចំណេញ​ច្រើន និង​ទទួលបាន​តម្លៃ​ទាប ជាង​ការ​ដោយផ្ទាល់​ពី​អ្នក​អភិវឌ្ឍន៍​ទៅវិញ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ERA  Cambodia លោក ខន គង្គា បាន​អះអាង​បញ្ជាក់​តាមរយៈ​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០កន្លងមក​ថា រាល់​ការទិញ​អចលនទ្រព្យ តាមរយៈ​ក្រុមហ៊ុន​ភ្នាក់ងារ ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ មាន​ជំនាញ​ច្បាស់លាស់ អតិថិជន​នឹង​ទទួលបាន​តម្លៃ​ទាប​ជាង ការទិញ​ដោយផ្ទាល់​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​មានឱកាស​ចំណេញ​ច្រើន​ថែម​ទៀតផង។

លោក​បាន​មានប្រសាសន៍ថា “អតិថិជន​ភាគច្រើន​តែ​ង​លើកឡើងថា ការទិញ​អចលនទ្រព្យ​តាមរយៈ​ភ្នាក់ងារ​គឺមាន​តម្លៃ​ថ្លៃ ដោយសារតែ​ត្រូវ​ចំណាយ​ទៅ​កម្រៃជើងសារ​បន្ថែម​ពីលើ​ថ្លៃ​ដើមពី​អ្នក​អភិវឌ្ឍន៍ ហើយក៏​ព្យាយាម​ទិញ​ដោយផ្ទាល់​តែម្ដង ដែល​ការគិត​បែបនេះ​គឺជា​រឿង​ខុសឆ្គង និង​អាច​ទទួលរង​នូវ​ការខាតបង់​ទៅវិញ” ។

លោក​បន្តថា “ការទិញ​អចលនទ្រព្យ​តាមរយៈ ក្រុមហ៊ុន​ភ្នាក់ងារ​ស្របច្បាប់ ដែលមាន​ជំនាញ​ពិតប្រាកដ និង​បទពិសោធន៍​ច្រើន​ឆ្នាំ មិន​ថា​ចំពោះ​វិស័យ​ដីធ្លី លំនៅដ្ឋាន​ក្នុង​បុរី​ឬ​ខុន​ដូ​នោះទេ គឺជា​ជម្រើស​មួយ​ដ៏​ល្អ ជាង​ការទិញ​ដោយ​ភាព​ប្រថុយប្រថាន និង​គ្មាន​មូលដ្ឋាន​ច្បាស់” ។

លោក​ខន គង្គា​បាន​បន្តទៀតថា ជាគោលការណ៍ នៅពេល​ចុះ​កុងត្រា​ប្រគល់​សិទ្ធិ​លក់ ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ក្រុមហ៊ុន​ដែលជា​អ្នក​អភិវឌ្ឍន៍​តែងមាន​កិច្ចសន្យា ផ្តល់​អាទិភាព​លើ​ការលក់​ដល់​ក្រុមហ៊ុន​ភ្នាក់ងារ និង​មិនអាច​លក់​ក្នុងតម្លៃ​ថោក​ជាង​ក្រុមហ៊ុន​ភ្នាក់ងារ​ដែលជា​ដៃគូ​នោះទេ។

លោក​បាន​បន្តថា ថ្វី​ត្បិត​ថា ការទិញ​អចលនទ្រព្យ តាមរយៈ​ភ្នាក់ងារ​មាន​ភាពល្អប្រសើរ ប៉ុន្តែ​អតិថិជន​ក៏ត្រូវ​តែ​ចេះ​ជ្រើសរើស​​ភ្នាក់ងារ​ណា ដែលមាន​ក្រុមហ៊ុន​ស្របច្បាប់ មានការ​ចុះបញ្ជី​នៅ​ក្រសួង​ពាក់ព័ន្ធ​ត្រឹមត្រូវ និង​មាន​ជំនាញ​ពិតប្រាកដ​នៅក្នុង​វិស័យ។

លោក​បាន​លើកឡើងថា ភ្នាក់ងារ​មាន​ច្រើន​ប្រភេទ​ណាស់ មាន​ភ្នាក់ងារ​ខ្លះ​ផ្ដល់​សេវាកម្ម គ្រប់ផ្នែក​ទាំងអស់​មិន​ថា​ផ្នែក​ដី​ឡូ​តិ៍ សំណង់ផ្ទះ​ល្វែង ផ្ទះ​ក្នុង​បុរី ខុន​ដូ ឬ​អា​ផាត​ម៉ិ​ន​នោះទេ គឺ​គាត់​ទទួល​បម្រើ​សេវាកម្ម​ទាំងអស់។

លោក​បន្ត​លើក​ជា​ឧ​ទារ​ហ៍​ថា គ្រូបង្រៀន​ម្នាក់​គាត់​បង្រៀន៥មុខវិជ្ជា ដូច្នេះ​តើ​គាត់​មាន​ពេល​គ្រប់គ្រាន់ សម្រាប់​រៀបចំ​កិច្ចការ និង​ឯកសារ​ស្រាវជ្រាវ​គ្រប់គ្រាន់ សម្រាប់​សិស្ស​ឬទេ? ដូចគ្នា​ទៅនឹង​ភ្នាក់ងារ​លក់​ដែរ ប្រសិនបើ​គាត់​ទទួល​បម្រើ សេវា​គ្រប់ផ្នែក តើ​គាត់​អាច​ធានា​បានទេ​ថា មាន​ភាពប្រាកដប្រជា​ទៅនឹង​សេវា ដែល​គាត់​ផ្តល់ជូន​ភ្ញៀវ? ត្រង់​ន័យ​នេះ លោក​ចង់​បញ្ជាក់ថា ភ្នាក់ងារ​ដែលមាន​គុណ​ភាព ភាគច្រើន​គឺជា​ក្រុមហ៊ុន​ដែល​ទទួល​បម្រើ​លើ​ការផ្ដល់​សេវាកម្ម សម្រាប់តែ​ផ្នែកនីមួយៗតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here