ការជួល​ស្តង់​នៅតាម​បណ្តា​ផ្សារ​ទំនើប​នានា​ក្នុង​ក្រុងភ្នំពេញ​ធ្លាក់ចុះ​ប្រមាណ១០ភាគរយ

0

ដោយ​វុត្ថា

ភ្នំពេញៈ របាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodia បង្ហាញថា ទីផ្សារ​ជួល​ស្តង់​នៅក្នុង​ផ្សារ​ទំនើប បាន​ធ្លាក់ចុះ​ក្នុង​រង្វង់១០ភាគរយ នៅ​ដើមឆ្នាំ២០២០ នេះ ខណៈ​មានការ​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅក្នុង​អំឡុង​ត្រីមាស​ទី២ និង​ត្រីមាស​ទី៣ ដែល​បង្កឡើង​ដោយ ​Covid-19 ។

របាយការណ៍​ដដែល ដែល​បាន​ផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ​បាន​បន្តថា អត្រា​នៃ​ទីផ្សា​ជួល​ស្តង់ នៅក្នុង​ផ្សារ​ទំនើប​ធ្លាក់ចុះ​ប្រមាណ១០.១ %។ យ៉ាងណាក៏ដោយ​អត្រា​នេះ នឹង​ងើប​ឡើងវិញ​នៅ​ត្រី​មា​នស​ទី២ និង​ទី៣នៅ​ឆ្នាំនេះ នៅពេលដែល​អតិថិជន និង​អ្នក​ជួល​គិតថា អ្វីៗនឹង​វិល​មករក​ភាព​ដើម​វិញ។

CBRE បញ្ជាក់ថា ចាប់តាំងពី​ពាក់កណ្តាល​ខែកុម្ភៈ តួលេខ​នៃ​ការជួល​នៅក្នុង​ផ្សារ​ទំនើប នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​ធ្លាក់ចុះ ដោយសារ​បង្ករ​ឡើង​ដោយ​ជំងឺ​កូ​វីដ១៩ ។ ការធ្លាក់ចុះ​នេះ បង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​តម្លៃ​ជួល​ផងដែរ ដែល​ជំរុញ​ឱ្យ​អ្នកវិនិយោគ​មាន​ផែនការ​ជួយ​លើ​ការជួល​ផ្សារ​ដើម្បី​ឱ្យមាន​និរន្ត​ភាព​ទៅមុខ។

របាយការណ៍​របស់​ CBRE បន្ថែមទៀតថា អត្រា​ជួល​នៅតាម​ផ្សារ​សហគមន៍ (Community Mall) ធ្លាក់ចុះ​ប្រមាណ ៩.២ភាគរយ និង​នៅក្នុង​ផ្សារ​ទំនើប (Retail Podium)  ធ្លាក់ចុះ​ប្រមាណ១០.៥ ភាគរយ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ១៩ ខណៈ​ផ្សារ​ទំនើប​ទាំងពីរ​ប្រភេទ​នេះ មាន​ប្រជាប្រិយភាព​រយៈពេល៤ឆ្នាំ​កន្លងមកនេះ។

លោកស្រី​អាន សុធី​តា នាយិការ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE Cambodia បានឱ្យដឹងថា ស្ថានភាព​បច្ចុប្បន្ននេះ បាន​នឹង​កំពុងមាន​ផលប៉ះពាល់ លើ​វិស័យសេដ្ឋកិច្ច​ទាំង​នៅក្នុង​ប្រទេស និង​សកល​ដែល​ធ្វើឱ្យ​វិស័យ​ជួល និង​វិយោគ​ទទួលរង​នូវ​ផលប៉ះពាល់​ផងដែរ។

លោកស្រី​បន្តថា “បើ​ពិនិត្យមើល​យើង​ឃើញថា មាន​ស្ងប់ស្ងាត់​ដោយសារ​មានការ​ព្រួយបារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ដែល​កំពុង​កើតមាន។ លោកស្រី​បន្ថែមថា “ជាមួយគ្នានេះ​ទាំង​អ្នកវិនិយោគ​មកពី​ក្រៅ​ស្រុក ក៏​មិនអាច​ធ្វើដំណើរ​មក​បាន និង​ការដើរ​ផ្សារ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​មួយរយៈ​នេះ​ក៏មាន​ស្ថានភាព​ស្ងប់ស្ងាត់ ដែលម្នាក់ៗសំងំ​នៅក្នុង​ផ្ទះ​ជាដើម” ។

ក្នុង​ត្រីមាស​ទី១ឆ្នាំ ២០២០នេះ មាន​ផ្សារ​ទំនើប​ចំនួន២ គឺ​ The Sky Mall  និង​ Samai Square បាន​បើក​ដំណើរការ ដែលមាន​ទំហំ​ប្រមាណ​ជិត៧ពាន់​ម៉ែត្រការ៉េ ដែល​ធ្វើឱ្យ​ទំហំ​នេះ កើនឡើង​ប្រមាណ ២,១ភាគរយ​នៃ​ផ្សារ​ទំនើប​សរុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here